ខេត្ដសៀមរាប គឺជាប៉ូលសេដ្ឋកិច្ចទី៣ នៃប្រទេសកម្ពុជា ហើយក៏ជាខេត្ដដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិជាច្រើនផងដែរ ដោយសារតែមានរម្មណីយដ្ឋានច្រើន។ ហើយបច្ចុប្បន្នខេត្ដមួយនេះក៏ត្រូវបានរាជរដ្ឋាភិបាលអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើនដូចជា ផ្លូវ ព្រលានយន្ដហោះថ្មី និងផ្លូវល្បឿនលឿនជាដើម។
អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺគម្រោងធំៗ ២ នៅក្នុងខេត្ដមួយនេះ នៅពេលលេចរូបរាងឡើងនឹងធ្វើឲ្យមានភាពលេចធ្លោខ្លាំង និងទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើនថែមទៀត។
១. ផ្លូវល្បឿនលឿន
ថ្មីៗរាជរដ្ឋាភិបាលតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសពីគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញទៅខេត្ដសៀមរាប។ បច្ចុប្បន្នក៏មានក្រុមហ៊ុនដែលចូលខ្លួនមកសិក្សាសាងសង់គម្រោងសំខាន់មួយនេះផងដែរ នោះគឺក្រុមហ៊ុន CRBC របស់ប្រទេសចិន ខណៈការសិក្សាអាចនឹងធ្វើឡើងឆាប់ៗនេះ។
យោងតាមលិខិតស្នើសុំរបស់ក្រសួងសាធារណការចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ បានធ្វើការស្នើឲ្យអភិបាលរាជធានី-ខេត្ដចំនួន ៥ រួមមាន៖ អភិបាលរាជធានីភ្នំពេញ អភិបាលខេត្ដកណ្ដាល ខេត្ដកំពង់ចាម ខេត្ដកំពង់ចាម និងខេត្ដសៀមរាប ចូលរួមសហការដើម្បីធ្វើការសិក្សាគម្រោងផ្លូវថ្មីមួយខ្សែនេះ។
២. ព្រលានយន្ដហោះអន្ដរជាតិ
ក្រៅពីព្រលានយន្ដហោះដែលប្រើប្រាស់បច្ចុប្បន្ន ខេត្ដសៀមរាប ក៏បានធ្វើការសាងសង់ព្រលានយន្ដហោះអន្ដរជាតិមួយទៀតផងដែរ ដែលមានទីតាំងស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម មានចម្ងាយប្រមាណជា៥១គីឡូមែត្រពីក្រុងសៀមរាប និងប្រហែលជា៤០គីឡូម៉ែត្រពីប្រាសាទអង្គវត្ដ។
ព្រលានថ្មីនេះមានឈ្មោះថា ព្រលានយន្ដអន្ដរជាតិសៀមរាបអង្គរ ត្រូវបានវិនិយោគសាងសង់ដោយក្រុមហ៊ុន Yunnan Investment Group ដែលទុនសរុប ៨៨០ លានដុល្លារ។
តាមការបញ្ជាក់ពីលោកស្រី សេង សុមេត្តា អនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៨ ខែមីនា គម្រោងសាងសង់ព្រលានយន្ដហោះអន្តរជាតិសៀមរាបអង្គរនេះ សម្រេចបាន ៩០% តាមផែនការគ្រោងទុក និងត្រៀមដាក់ឱ្យធ្វើតេស្តសាកល្បងនៅខែឧសភា សំដៅសម្រេចឱ្យបានការដាក់ដំណើរការជាផ្លូវការនៅខែតុលា ឆ្នាំ២០២៣ ខាងមុខផងដែរ។
សូមរំលឹកផងដែរថា ព្រលានយន្ដហោះសៀមរាបអង្គរ បានចាប់ផ្ដើមដំណើរការសាងសង់កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២០ ដោយសង់នៅលើផ្ទៃដីទំហំ ៧០០,០៦ហិកតា និងបែងចែកជា ៣ ដំណាក់កាល ក្នុងនោះទឹកប្រាក់ជាង ៥០០ លានដុល្លារត្រូវចំណាយក្នុងដំណាក់កាលទី ១ និងទី ២៕
អត្ថបទ៖ កឹម ប៊ុនធឿន