នៅសល់ពេលមិនច្រើនទៀតនោះទេ ឆ្នាំថ្មី ២០២៥ នឹងឈានចូលមកដល់ហើយ ហើយសម្រាប់ឆ្នាំថ្មីខាងមុខនេះអ្វីដែលគួរឲ្យកត់សម្ពាល់គឺមានគម្រោងធំៗមួយចំនួនក៏នឹងត្រូវបើកឲ្យដំណើរដូចគ្នា។ ដូច្នេះពេលនេះ Business Cambodia នឹងនាំប្រិយមិត្ដមកស្គាល់គម្រោងដែលនឹងត្រូវបើកដំណើរការនៅឆ្នាំថ្មីខាងមុខនេះ។
១. គម្រោងព្រលានយន្ដហោះអន្ដរជាតិតេជោ
ព្រលានយន្ដហោះអន្ដរជាតិតេជោ គឺជាគម្រោងព្រលានយន្ដហោះថ្មី និងធំជាងគេនៅក្នុងប្រទេសកម្ពុជា ខណៈគម្រោងនេះគ្រោងនឹងបើកឲ្យដំណើរការនៅដើមឆ្នាំ២០២៥ ខាងមុខនេះផងដែរ។ នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុនសាងសង់ Cambodia Airport Investment Co., Ltd (CAIC) កាលពីពេលកន្លងទៅ។
ព្រលានយន្ដហោះអន្ដរជាតិតេជោនេះ បានបើកការដ្ឋានសាងសង់កាលពីពាក់កណ្ដាលឆ្នាំ២០២០ លើផ្ទៃដី ២,៧០០ ហិកតា មានទីតាំងស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល និងមានចំងាយប្រមាណ ១៩ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ព្រលានថ្មីនេះស្ថិតនៅក្នុងចំណាត់ថ្នាក់ F4 ដែលអភិវឌ្ឍន៍ជា ៣ ដំណាក់កាល។ ក្នុងនោះសម្រាប់ដំណាក់កាលទី១ នឹងត្រូវចំណាយទុនសរុប ១,៥ ពាន់លានដុល្លារ ដោយមិនរាប់បញ្ចូលផ្ទៃដីព្រលានឡើយ។
នៅពេលដាក់ឲ្យដំណើរការដំណាក់កាលទី១ នាដើមឆ្នាំ២០២៥ ខាងមុខ អាកាសយានដ្ឋានអន្ដរជាតិតេជោ អាចទទួលភ្ញៀវទេសចរបានចំនួន ១៣លាននាក់ក្នុង១ឆ្នាំ ហើយដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ២០៣០ ដែលអាចទទួលភ្ញៀវ ទេសចរបានចំនួន៣០លាននាក់ក្នុង១ឆ្នាំ និងដំណាក់កាលទី៣ នឹងបញ្ចប់នៅឆ្នាំ២០៥០ អាចទទួលភ្ញៀវទេសចរបានចំនួន៥០លាននាក់ក្នុង១ឆ្នាំឯណោះ។
២. គម្រោងស្ពានអាកាសកម្ពស់ ២ ជាន់
នៅដើមឆ្នាំ២០២៥ ខាងមុខនេះ គម្រោងស្ពានអាកាសមរតកតេជោ ដែលជាស្ពានអាកាសមានកម្ពស់ ២ ជាន់ដំបូងគេបង្អស់នៅកម្ពុជ នឹងត្រូវដាក់ឲ្យដំណើរការទាំងស្រុងផងដែរ។ ខណៈដែលដំណាក់កាលទី១ ត្រូវបានបើកឲ្យដំណើរការកាលពីដើមឆ្នាំ២០២៤ កន្លងទៅនេះ។
សូមជម្រាបថា ស្ពានកាសមរតកតេជោ នេះត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២២។ ការសាងសង់ស្ពានអាកាសថ្មីនេះ គឺជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ និងសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ដែលចំណេញថវិកាប្រមាណ ៣៦ លានដុល្លារ។
ស្ពានអាកាសសាងសង់ជា ២ ជាន់ ដោយជាន់ទី១ ជាស្ពានរង្វង់មូល នៅត្រង់ចំណុចប្រសព្វ ដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នា ទៅកាន់មហាវិថីសម្តេចតេជោ ហ៊ុន សែន ស្ពានព្រះមុនីវង្ស មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពល ខេមរភូមិន្ទ។ ខណៈជាន់ទី២ ជាផ្លូវទ្វេទិស មានទិសដៅទៅមក រវាងមហា វិថីព្រះមុនីវង្ស និងមហាវិថីសម្តេចតេជោ ហ៊ុន សែន និងគ្រោងបញ្ចប់នៅមុនបុណ្យចូលឆ្នាំខ្មែរ (២០២៥)។
២. គម្រោងផ្លូវជាតិលេខ១០
គិតមកដល់ពេលនេះគម្រោងស្ថាបនាផ្លូវជាតិលេខ១០ ដែលមានប្រវែងសរុបជិត ២០០ គីឡូម៉ែត្រ ឆ្លងកាត់ខេត្ដបាត់ដំបង ពោធិ៍សាត់ និងខេត្ដកោះកុង សម្រេចការសាងសង់បានជិត ៩០ ភាគរយហើយ ខណៈគម្រោងនេះគ្រោងនឹងបញ្ចប់ទាំងស្រុងនៅក្នុងឆ្នាំ២០២៥ ខាងមុខ។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗកន្លងទៅនេះ។
សូមជម្រាបថា គម្រោងស្ថាបនាផ្លូវជាតិលេខ១០ នេះគឺមានប្រវែងសរុប ១៩៨,២១៨ គីឡូម៉ែត្របានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ហើយតាមការគ្រោងទុកគម្រោងនេះនឹងបញ្ចប់ទាំងស្រុងនៅក្នុងខែមិថុនា ឆ្នាំ២០២៥ ខាងមុខ។ ខណៈការសាងសង់ថ្មីនេះគឺជាប្រភេទ Grade III មានទទឹង ៩ម៉ែត្រ ក្រាលដោយកៅស៊ូពីរស្រទាប់ (DBST) និងចំណាយថវិកាសរុប១៨៨លានដុល្លារ៕