ធ្វើបែបណា សងធនាគារឆាប់អស់? រឿងសំខាន់៥ អ្នកជាប់បំណុ.លគួរធ្វើ ពេលដល់ដំណាក់កាលរកលុ.យលែងទាន់
SOKLY SONOVEMBER 20 2023564 views

នៅក្នុងអំឡុងវិបត្តិសេដ្ឋកិច្ច ការសងបំណុលអាចនឹងជួបបញ្ហាប្រឈមខ្លាំង ជាពិសេសពេលដែលប្រាក់ចំណូលត្រូវបានកាត់បន្ថយ ឬលែងច្បាស់លាស់។ ទោះជាយ៉ាងណាក៏ដោយ ក៏នៅតែមានយុទ្ធសាស្រ្តជាច្រើនដែលអ្នកអាចប្រើប្រាស់ដើម្បីពន្លឿនការសងបំណុលរបស់អ្នក ព្រមទាំងសម្រេចបាននូវស្ថិរភាពហិរញ្ញវត្ថុ។ ខាងក្រោមនេះជាគន្លឹះដ៏មានប្រសិទ្ធភាពចំនួន៥ ដែលអាចជួយលោកអ្នកឱ្យសងបំណុលអស់កាន់តែលឿននៅក្នុងវិបត្តិសេដ្ឋកិច្ច៖

 

១. ពិនិត្យសាច់ប្រាក់ឱ្យបានលម្អិត៖ ជំហានដំបូងគឺការយល់ដឹងអំពីស្ថានភាពហិរញ្ញវត្ថុរបស់អ្នកឱ្យបានច្បាស់។ បង្កើតតារាងមួយដែលកត់ត្រាពីចំណូល និងចំណាយរបស់អ្នក ដាច់ខាតត្រូវតែសរសេរចុះឱ្យបានលម្អិត មិនថាលុយចូលច្រកណាទេ អ្នកត្រូវតែដឹងនិងកត់ត្រាឱ្យច្បាស់ៗ ចំពោះលុយចេញក៏អ៊ីចឹងដែរ មិនថាចេញតិចឬច្រើនទេត្រូវតែកត់។ វានឹងជួយអ្នកក្នុងការគ្រប់គ្រង ចាត់ចែង លុយបានត្រូវ និងចំគោលដៅសងបំណុល។

 

២. ផ្ដល់អាទិភាពដល់បំណុលដែលមានការប្រាក់ខ្ពស់៖ ផ្ដោតលើការសងបំណុលដែលមានអត្រាការប្រាក់ខ្ពស់បំផុតជាមុនសិន។ វិធីសាស្រ្តនេះប្រើបានផលខ្លាំង វាត្រូវបានគេហៅថា «វិធីសាស្រ្ត avalanche» អាចជួយអ្នកក្នុងការកាត់បន្ថយការប្រាក់សរុប និងជួយដោះបំណុលបានលឿនបំផុត។

 

៣. បង្រួមបំណុល៖ បើអ្នកមានបំណុលច្រើន លើសពីមួយ អ្នកអាចពិចារណាបញ្ចូលកម្ចីទាំងអស់ទៅក្នុងកម្ចីតែមួយដែលមានការប្រាក់ទាប។ វាអាចជួយអ្នកក្នុងការគ្រប់គ្រងបំណុល និងអាចសន្សំលុយលើការប្រាក់ផងដែរ។

 

៤. បង្កើនប្រាក់ចំណូល​ បន្ថយចំណាយ៖ រកផ្លូវបង្កើនចំណូល ដោយការធ្វើការក្រៅបន្ថែម បង្កើតរបរបន្ថែម ឬប្រើជំនាញដែលអ្នកមានច្នៃជាចំណូលតាមអ៊ីនធឺណេត ឬបណ្ដាញសង្គម។ បើនៅផ្ទះមានដីទំនេរកុំទុកចោលដាំដំណាំ ឬចិញ្ចឹមមាន់ទាទុកលក់ ទោះមិនបានលក់ច្រើន យ៉ាងហោចណាស់ក៏ជួយកាត់បន្ថយចំណាយបានមួយផ្នែកដែរ។ ទន្ទឹមនឹងនោះក៏ត្រូវកាត់ចោលរាល់ខ្ទង់ចំណាយណាដែលមិនចាំបាច់ ត្រូវស្មោះត្រង់ជាមួយខ្លួនឯង កុំបន្លែបន្លំឱ្យសោះ។

 

៥. រក្សាទឹកចិត្ត និងវិន័យ៖ ដំណើរការនៃការដោះបំណុលទាមទារឱ្យមានការលះបង់ និងការតស៊ូ។ រក្សាទឹកចិត្តដោយការកំណត់គោលដៅឱ្យបានច្បាស់លាស់ តាមដានសកម្មភាពរបស់ខ្លួនឯងជាប្រចាំ និងផ្ដល់រង្វាន់លើកទឹកចិត្តខ្លួនឯងនៅពេលដែលសម្រេចបានដំណាក់កាលសំខាន់ៗ។ ដាច់ខាតកុំបង្កើតបំណុលថ្មី កុំឈ្លក់វង្វេងនឹងរបស់បង់រំលស់ ជាពិសេសរបស់ណាមិនចាំបាច់សម្រាប់ជួយសេដ្ឋកិច្ចរបស់អ្នក។ ដាក់វិន័យឱ្យខ្លួនឯង បើខ្លួនឯងធ្វើខុសត្រូវតែរងពិន័យ មិនលើកលែងឱ្យខ្លួនឯងពេលធ្វើខុសទើបអ្នកអាចសម្រេចគោលដៅបាន។

 

សូមចាំថា ការសងបំណុលប្រៀបបីដូចជាការធ្វើដំណើរអ៊ីចឹង វាមិនមែនជាការប្រណាំងប្រជែងឡើយ។ មិនបាច់ឈ្នះអ្នកណាទេ គ្រាន់តែប្រកាន់ខ្ជាប់ការអត់ធ្មត់ បន្តផ្ដោតលើគោលដៅរបស់អ្នក និងប្រឹងប្រែងជាប់ជានិច្ច មិនយូរទេអ្នកនឹងទៅដល់គោលដៅអស់បំណុល មានសេរីភាពហិរញ្ញវត្ថុ៕

 

អត្ថបទដោយ៖ SOKLY SO-កូនផ្កាឈូក

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia