មានមនុស្សជាច្រើនមានក្តីស្រមៃចង់ចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន ប៉ុន្តែមិនដឹងថាខ្លួន អាចចេញរកស៊ីបានហើយឬនៅ និងមិនដឹងទៀតថាខ្លួនកំពុងខ្វះជំនាញអ្វី ហើយគួរតែបន្ថែមអ្វី និងធ្វើដូចម្តេចទើបដឹងថាអ្នកត្រៀមខ្លួនជាស្រេចដើម្បីឈានជើងបានលឿន ហើយចាប់ផ្តើមបណ្តាក់ទុនដោយខ្លួនឯង ជាមួយហានិភ័យតិច ខាងក្រោមនេះជាសញ្ញាទាំង៤ដែលបង្ហាញថាអ្នកអាចចេញរកស៊ីខ្លួនឯងបានហើយ ៖
១.អ្នកមានផែនការអាជីវកម្ម
ពាក្យមួយឃ្លាបានលើកឡើងថា “អ្នកនឹងមិនអាចដំណើរការអាជីវកម្មដោយគ្មាន ផែនការអាជីវកម្ម រឹងមាំបានទេ” ពិតជាត្រឹមត្រូវណាស់ផែនការអាជីវកម្មវាបានដើរតួរយ៉ាងសំខាន់ដែលប្រៀបបានដូចជាមាន Google Map (ផែនទីនាំផ្លូវ) មួយនៅក្នុងដៃ ដោយអាចនាំអ្នកទៅកាន់ទីតាំងដែលអ្នកបានដៅ។
ត្រឡប់មកវិញ វាមិនខុសពីផែនការអាជីវម្មប៉ុន្មានទេ នៅពេលដែលអ្នកកំណត់បានច្បាស់ អ្នកនឹងចាប់ផ្តើមរកវិធីដើម្បីទៅឱ្យដល់ដូចគ្នា។
២. ផលិតផលឬគំនិតរបស់អ្នកមានទីផ្សារ
មុននឹងអ្នកចាប់ផ្តើមធ្វើអ្វីមួយ អ្នកត្រូវវិភាគមើលថាតើផលិតផលរបស់អ្នកមានទីផ្សារឬអត់ មានអ្នកគាំទ្រកំរិតណា អ្នកគួរតែលក់ឲ្យនរណា ហើយនរណាជាអ្នកអតិថិជនគោលដៅរបស់អ្នក។ ដូច្នេះហើយប្រសិនជាអ្នកអាចឆ្លើយសំនួរទាំងអស់នេះបាន វាបានបង្ហាញថាអ្នកអាចឆ្លងកាត់វគ្គទី២បានហើយ។
៣.អ្នកយល់ពីការប្រកួតប្រជែង
ត្រង់ចំណុចនេះអ្នកត្រូវសួរខ្លួនឯងថា តើអ្នកយល់ពីការប្រកួតប្រជែងកំរិតណា ហើយអ្នកមានភាពលិចធ្លោប៉ុណ្ណា បើធៀបទៅនឹងគូរប្រគួតរបស់អ្នក ហើយអ្នកអាចឈ្នះដោយរបៀបណា មានលក្ខណៈពិសេសអ្វីខ្លះ? បើអ្នកឆ្លើយសំនួរអស់ទាំងនេះចេញមានន័យថា អ្នកអាចឆ្លងកាត់វគ្គទី៣បានហើយ។
៤. អ្នកយល់ពីហានិភ័យនៃភាពជោគជ័យ
តើជីវិតរបស់អ្នកនឹងទៅជាយ៉ាងណា បើអាជីវកម្មរបស់អ្នកពិតជាត្រូវបានបរាជ័យ? ហើយបើអាជីវកម្មរីកចម្រើនវិញ ប៉ុន្តែអ្នកមិនដែលមានពេលមើលគ្រួសារទេ តើអ្នកពិតជា រស់នៅតាមជីវិតដែលអ្នកចង់រស់ ឬ? តើអ្នកនៅតែចង់ធ្វើវាទៀតឬ? បើអ្នកគិតថាចង់ឲ្យអាជីវកម្មមួយជោគជ័យ អ្នកត្រូវទទួលស្គាល់ថា អ្នកមិនសូវមានពេលជាមួយគ្រួសាររបស់អ្នកទេ ព្រោះអ្នកត្រូវលះបង់ដើម្បីអាជីវកម្ម ឬមុខរបររបស់អ្នក៕