អតិថិជនគឺជាសរសៃឈាមរបស់អាជីវកម្ម ប្រសិនបើអាជីវកម្មមានអតិថិជនច្រើន នោះមានន័យថាហាងរបស់អ្នកសម្បូរទៅដោយអុកស៊ីហ្សែនច្រើនក្នុងការដកដង្ហើម ប៉ុន្តែក្នុងករណីហាងរបស់អ្នកខ្វះអតិថិជនវិញនោះមានន័យថា មិនយូរមិនឆាប់ទេ ហាងរបស់អ្នកនឹងអស់អុកស៊ីហ្សែនសម្រាប់ដកដង្ហើម ពោលគឺបិទទ្វារតែម្តងព្រោះបើគ្មានប្រាក់ចំណេញក៏មិនមានលុយចាយវាយលើការផ្គត់ផ្គង់ផ្សេងៗដែរ។
ដូច្នេះហើយ ការថែរក្សាចិត្តអតិថិជន គឺជារឿងមួយដ៏សំខាន់បំផុតក្នុងការកសាងទំនុកចិត្តរបស់អតិថិជន ព្រោះថាប្រសិនបើអ្នកធ្វើឱ្យភ្ញៀវអន់ចិត្ត ឬមិនពេញចិត្តត្រង់ចំណុចណាមួយហើយ នោះមានន័យថាអ្នកបាត់បង់ឱកាសទទួលបានរង្វាន់ធំហើយ (បាត់ភ្ញៀវ)។ ជំុវិញបញ្ហាគ្មានភ្ញៀវនិងមិនសូវមានគេទុកចិត្តនេះ អ្នកជំនាញម្នាក់បានបង្ហើបគន្លឹះខ្លះៗដើម្បីសម្រួលដល់អ្នករកស៊ីដែលកំពុងខ្វះភ្ញៀវ ឱ្យមានភ្ញៀវវិញ។
យោងតាមបទសម្ភាសជាមួយក្រុមការងារកូនចាបក្រហម អ្នកស្រី គៀន ទីណា ដែលត្រូវបានគេស្គាល់ថាជាម្ចាស់ហាងនំមួយកន្លែងដែលមានឈ្មោះ នំបុ័ង ស្លឹកតយ បានលើកឡើងថាចង់មានភ្ញៀវច្រើនត្រូវទន្ទិញពាក្យមួយឃ្លាថា “រក្សាព្រៃឱ្យគង់មិនខ្វះអុសដុត រក្សាភ្ញៀវឱ្យបានមិនខ្វះលុយចូល” ព្រោះថា មានភ្ញៀវទើបមានចំណូល មានភ្ញៀវអាជីវកម្មរស់ មានភ្ញៀវទើបមានលុយ។
ជាមួយគ្នានេះដែរ អ្នកស្រីក៏បានរំលេចនូវចំណុចពិសេសមួយចំនួនថែមទៀតថា ដើមឡើយ អ្នកស្រីលក់បានត្រឹមតែ៥០ដុល្លារតែប៉ុណ្ណោះក្នុងមួយថ្ងៃ ប៉ុន្តែក្រោយបានអនុវត្តតាមក្បួនខាងក្រោមនេះអ្នកស្រីអាចរកបានខ្ទង់ពាន់ដុល្លារក្នុងមួយថ្ងៃ។ ស្របគ្នានេះដែរ ដើម្បីជាការចែករំលែក ដល់អ្នកដែលមានគោលបំណងរកស៊ីទាំងឡាយ ក៏ដូចជាការចង់ចាប់យកអាជីពនេះឡើង និងមិនដឹងថាខ្លួនគួរធ្វើអ្វីខ្លះ ដូច្នេះហើយខាងក្រោមនេះជាគន្លឹះខ្លះៗដែលអ្នកស្រីតែងតែធ្វើកន្លងមកក្នុងវិស័យមួយនេះ៖
១. គន្លឹះសាងទំនុកចិត្ត
- ភ្ញៀវមិនពេញចិត្តធានាសងលុយជូនវិញ៖ ត្រង់ចំណុចអ្នកស្រីបានលើកឡើងថា មិនថាយើងមិនថាគេ ហ៊ានចំណាយថវិកាទិញអ្វីមួយ តែងតែរំពឹងចង់បានអ្វីជាទីពេញចិត្តមកវិញ ដូច្នេះហើយបើភ្ញៀវមិនពេញចិត្តទេ អ្នកស្រីធានាជូនលុយវិញ ហើយធានាថាលើកក្រោយអ្នកស្រីនឹងព្យាយាមធ្វើឱ្យកាន់តែល្អជាងនេះ។
- ភ្ញៀវថាមិនឆ្ញាញ់ សងលុយជូនវិញ៖ វិស័យចំណីរអាហាររសជាតិត្រូវតែឆ្ងាញ់ និងមានគុណភាពខ្ពស់ បើអតិថិជនថាមិនឆ្ងាញ់អ្នកស្រីនិងធ្វើថ្មីជូនវិញ។
- ធ្វើឱ្យខូចនំភ្ញៀវសងលុយជូនវិញ ហើយឱ្យនំថ្មីជំនួសវិញដោយឥតគិតថ្លៃ
មួយវិញទៀតក្នុងករណីដែល ភ្ញៀវចង់បានភ្លាមៗ ហើយយើងធ្វើមិនទាន់ អ្នកស្រីផ្ញើរនំតាមក្រោយភ្លាមទៅកាន់អតិថិជនរបស់ថ្មីរបស់ខ្លួន ព្រោះអ្នកស្រីចង់ឱ្យពួកគាត់បានសាករសជាតិរបស់អ្នកស្រីដែរ ។ ហេតុផលទាំងអស់នេះហើយ បានធ្វើឱ្យអតិថិជនរបស់អ្នកស្រី គិតថាអ្នកស្រីធ្វើការងារ ដោយមានទំនួលខុសត្រូវ ហើយលើកក្រោយ ភ្ញៀវនឹងធ្វើការកុម្មង់ពីអ្នកស្រីទៀត។ លើសពីនេះអ្នកស្រីក៏បានបញ្ជាក់បន្ថែមទៀតថា “ជាអ្នកលក់ត្រូវតែហ៊ានចំណាយ ទើបចំណេញ”។
២. សេវាកម្មលឿន
ស្រ្តីវ័យ២៩ឆ្នាំរូបនេះបានបន្ថែមទៀតថា ភ្ញៀវទាំងឡាយមិនចាំបាច់កុម្មង់ទុកមុន ឬកក់ទុកមុនក៏បាន ដោយអ្នកស្រីធ្វើជូនភ្ញៀវភ្លាមៗតែម្តង ត្រឹមតែ១៥នាទីគឺរួចរាល់។ ប៉ុន្តែអីវ៉ាន់អាចទៅដល់យូរឬក៏ឆាប់វាអាស្រ័យទៅលើទីតាំងដូចគ្នា។ ភាពលឿន និងរហ័សនេះហើយ បានធ្វើឱ្យអាជីវកម្មរបស់អ្នកស្រីទទួលបានការគាំទ្រច្រើន ពីសំណាក់អតិថិជនគ្រប់រូប។
៣. គុណភាព
ត្រឹមតែយកចិត្តអតិថិជន និងសេវាកម្មលឿន នៅមិនទាន់គ្រប់គ្រាន់ទេ បើរសជាតិអន់ក៏មិនមានអ្នកណាមកទិញដែរ ដូច្នេះហើយអ្នកស្រីត្រូវធ្វើយ៉ាងណាឱ្យបីជំហ៊ាននេះដើរទន្ទឹមគ្នា មិនអាចខ្វះមួយណាបានឡើយ។ ជាមួយគ្នានេះដែរចំណុចខ្លាំងរបស់អ្នកស្រីគឺនំដែលមានរសជាតិឆ្ញាញ់ ទុកបានយូរ និងមិនប៉ះពាល់សុខភាពអ្នកបរិភោគ។
គួរជម្រាបផងដែរថា សម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ចង់ធ្វើការជាវ អាចធ្វើការទំនាក់ទំនងតាមរយះផេកផ្លូវការរបស់អ្នកស្រីគឺ នំបុ័ង ស្លឹកតយ ឬតាមរយៈលេខទូរស័ព្ទ 098 44 22 35 ( Smart )
011 86 66 65 ( Cellcard ) ផ្ទាល់តែម្តង។
អត្ថបទដោយ៖ នៅ ថាត់សណា