លោកស្រី គា ច័ន្ទនិមល បង្ហើបថាមនុស្សស្រីគួរមាន របស់ទាំង៤នេះជាប់ខ្លួន ទើបកាន់តែឆ្នើមនិងរឹងមាំ
Ping Chou EngAUGUST 24 2023725 views

លោកស្រី គា ច័ន្ទនិមល ស្ថាបនិកនៃគ្រឿងសម្អាង Besoma គឺជាស្រ្តីខ្មែរម្នាក់ដែលបានចាប់ផ្តើមចេញរកស៊ីជាមួយដើមទុន៣ពាន់$ និងអាចប្រើពេលវេលា៣ឆ្នាំ រហូតអាចបង្កើតយីហោផ្ទាល់ខ្លួនធំ១ ទទួលស្គាល់ដោយអ្នកជំនាញអាមេរិក​ បានបង្ហើបគោលការណ៍ធំៗ៤ មនុស្សស្រីគួរមានជាប់ខ្លួន ដើម្បីឱ្យជីវិតកាន់តែរឹងមាំ៖

 

. មានគោលដៅច្បាស់លាស់

 

មានជីវិតត្រូវមានគោលដៅ ប្រៀបដូចបើកឡានលើផ្លូវឱ្យតែមានគោលដៅទោះឆ្ងាយប៉ុណ្ណាក៏នៅតែអាចទៅដល់ដែរ។ ដូច្នេះចូរស្វែងរកខ្លួនឯង សួរខ្លួនឯងថាជានរណា ចង់បានអ្វីក្នុងជីវិតនេះ នៅពេលមានគោលបំណងច្បាស់លាស់ហើយ ត្រូវសួរខ្លួននិងរកហេតុផលមួយថាហេតុអ្វីយើងត្រូវធ្វើវា ព្រោះពេលយើងមានហេតុផលចំពោះគោលដៅ ពេលជីវិតឬការងារជួបការលំបាកយើងនឹងមិនងាយបោះបង់ចោលកណ្តាលផ្លូវនោះទេ។

 

ដោយឡែកចំពោះលោកស្រីវិញមុនពេលដែលលោកស្រីចាប់ផ្តើម Besoma ឡើងគឺលោកស្រីមានគោលដៅធំ១ចង់ឃើញអ្នកប្រើប្រាស់ផលិតផលនៅខ្មែរមានចំណេះដឹងកាន់តែទូលំទូលាយជាមួយនឹងការថែរក្សាសម្រស់និងចេះស្វែងរកផលិតផលល្អៗមកប្រើប្រាស់។

 

. មានជំនឿជាក់លើខ្លួនឯង

 

មានរឿងរ៉ាវជាច្រើនក្នុងជីវិតប្រចាំថ្ងៃដែលយើងត្រូវជួបប្រទះ ជាពិសេសនៅពេលដែលមានឧបសគ្គណាមួយមករារាំងគោលដៅរបស់យើង មានពេលខ្លះយើងអនុញ្ញាតឱ្យថាមពលអវិជ្ជមានចូលមកក្នុងខ្លួនរបស់ពេលយើងស្ថិតក្នុងស្ថានភាពលំបាកណាមួយ គឺនឹងធ្វើឱ្យយើងបាត់បង់អស់ជំនឿជាក់។

 

ដូច្នេះហើយកុំសង្ស័យអំពីគោលដៅរបស់ខ្លួនឯង បើមានគោលដៅច្បាស់លាស់ហើយត្រូវដាក់ចិត្តដាក់កាយធ្វើ រុញច្រានខ្លួនឯងទៅមុខឱ្យខ្លាំង ខុសខ្លះត្រូវខ្លះ ធ្វើបណ្តើរកែបណ្តើរឱ្យតែយើងមានជំនឿលើខ្លួនឯង លើគោលដៅខ្លួនឯងនោះច្បាស់់ជារីកចម្រើនម្តងបន្តិចៗ។

 

.ផ្តោតលើលទ្ធផល១ឱ្យចំ

 

នៅក្នុងជីវិតរបស់មនុស្សម្នាក់ៗ ច្បាស់ជាមានកូនចិត្តមួយចង់ធ្វើរឿងជាច្រើនឱ្យបានសម្រេចចេញជាលទ្ធផល។ ប៉ុន្តែវាអាចមិនមែនជារឿងងាយស្រួលនោះទេប្រសិនបើយើងផ្តោតលើគោលដៅធំពេក ដោយមិនមានផែនការតូចៗ ដូច្នេះហើយយើងអាចចាប់ផ្តើមផ្តោតលើគោលដៅរបស់យើងតែ១​ឱ្យចំ ក្នុងរយៈពេលណាមួយដើម្បីសម្រេចគោលដៅធំចុងក្រោយរបស់យើងដែលស្រមៃចង់បាន។

 

ជាក់ស្តែងចំពោះលោកស្រីផ្ទាល់ Besoma គឺផ្តើមចេញពីក្តីស្រឡាញ់និងការថែទាំសុខភាពស្បែក ដូច្នេះហើយនៅក្នុងឆ្នាំ២០១៦ ខណៈពេលដែលរៀនចប់នៅសហរដ្ឋអាមេរិកបាន២ឆ្នាំ លោកស្រីចាប់ផ្តើមផ្តោតលើរឿងតែមួយគត់គឺស្រាវជ្រាវដោយខ្លួនឯងទាំងយប់ទាំងថ្ងៃអំពីប្រធានបទសម្រស់ឱ្យក្លាយជាអ្នកជំនាញម្នាក់ រៀនពីសុខភាពសម្រស់ ធ្វើជាអ្នកប្រឹក្សាយោបល់ និងបានចាប់ផ្តើមយកផលិតផលអាមេរិកយកមកលក់ជាមួយដើមទុន៣ពាន់$។

 

. អត់ធ្មត់ឱ្យយូរ

 

អត់ធ្មត់ជារឿងលំបាកប៉ុន្តែបើយើងមិនព្រមអត់ធ្មត់វាកាន់តែលំបាក ពេលខ្លះថ្ងៃខ្លះពិបាក ហើយប្រសិនបើយើងមិនចេះតបតនឹងបញ្ហានោះទេ យើងប្រហែលជាបោះបង់គោលដៅ។ ដូច្នេះក្រៅពីមានគោលដៅ ស្គាល់ខ្លួនឯងច្បាស់ហើយ យើងក៏ត្រូវពូកែអត់ធ្មត់ មាន​ផ្នត់គំនិត​រឹងមាំ​មិន​បោះបង់​ពេល​ជួប​ឧបសគ្គនិងពុះពារឱ្យបានដល់លទ្ធផលចុងក្រោយដែលចង់សម្រេចបាន។

 

យ៉ាងណាមិញកាលពីឆ្នាំ២០១៩ ក្រៅពីលក់ផលិតផលរបស់អាមេរិក លោកស្រីបានចិញ្ចឹមចិត្តអត់ធ្មត់អស់រយៈពេល៣ឆ្នាំ ឱ្យខ្លួនឯងកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីស្វែងរករូបមន្តល្អៗបង្កើត Besoma  សហការជាមួយអ្នកជំនាញនៅអាមេរិក ដើម្បីបង្កើតផលិតផលគ្រឿងសម្អាងម៉ាក Besoma នេះឡើង រហូតដល់មានការគាំទ្រទាំងក្នុងនិងក្រៅប្រទេស៕

 

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia