ការសិក្សា៖ កំហុសធំៗទាំង៥នេះ ធ្វើឲ្យយុវវ័យមានវិប្បដិសារីបំផុត ពេលចាស់ទៅ
Kan DaraJANUARY 22 20266 views

ភាពឯករាជ្យនៃយុវវ័យ បើប្រើមិនប្រយ័ត្នអាចប្រែក្លាយទៅជាអនាធិបតេយ្យ ហើយបង្កជាវិប្បដិសារីក្នុងថ្ងៃខាងមុខ។ ជាក់ស្តែង យោងតាមការសិក្សារបស់ New Trader U បានបង្ហាញកំហុសធំៗ៥ ដែលធ្វើឲ្យយុវវ័យស្តាយក្រោយបំផុត ពេលចាស់ទៅ៖

 

១/. ចំណាយលុយច្រើនលើរឿងមិនចាំបាច់

មនុស្សដែលស្ថិតក្នុងភាពជាយុវវ័យឬវ័យជំទង់ តែងចូលចិត្តសប្បាយច្រើន និងចង់មានអារម្មណ៍រំភើប។ ពួកគេតែងមើលទៅអ្នកផ្សេង ហើយចង់មានអ្វីគ្រប់យ៉ាង ឬចង់ក្លាយខ្លួនដូចអ្នកទាំងនោះដែរដូចជា ទិញនូវអ្វីដែលពួកគេទាំងនោះទិញជាដើម។ លើសពីនេះ យុវវ័យចូលចិត្តប្រើរបស់ទំនើបៗនិងទាន់សម័យ ដែលកត្តាទាំងនេះធ្វើឲ្យពួកគេជួបនូវវិបត្តិហិរញ្ញវត្ថុ។

/. យល់ថាការសិក្សាក្នុងសាលាគឺគ្រប់គ្រាន់ដើម្បីក្លាយជាអ្នកមាន

យុវវ័យមួយចំនួនយល់ថាការអប់រំនឹងត្រូវបញ្ចប់បន្ទាប់ពីពួកគេបញ្ចប់ថ្នាក់នៅក្នុងការអប់រំតាមប្រព័ន្ធ។ ប៉ុន្តែការពិតវាមិនដូច្នោះឡើ ក្នុងពិភពលោកពិតប្រាកដមិនដូចនៅក្នុងថ្នាក់រៀននោះទេ។ មនុស្សដែលទទួលបានភាពជោគជ័យ គឺជាបុគ្គលដែលរៀនជារៀងរាល់ថ្ងៃតាមរយៈការអានសៀវភៅល្អៗ ឬចូលរៀនក្នុងវគ្គសិក្សាខ្លីជាដើម ខណៈពេលដែលមនុស្សជាច្រើនឈប់បន្តការរៀនសូត្របន្ទាប់ពីពួកគេបានបញ្ចប់ថ្នាក់សិក្សានៅក្នុងសាលា។ នេះគឺជាកំហុសដ៏ធំមួយដែលជាហេតុមិនអាចធ្វើឲ្យពួកគេទទួលបានភាពជោគជ័យក្នុងជីវិត។ អ្នកត្រូវដឹងថា សាលាមិនបានបង្រៀនរឿងជាច្រើនដែលទាក់ទងទៅនឹងជីវិតពិតក្នុងការរស់នៅប្រចាំថ្ងៃនោះទេ។

៣/. ឆាប់បោះបង់

នៅពេលដែលជួបប្រទះការងារលំបាក យុវវ័យភាគច្រើនឆាប់បោះបង់ចោលហើយបែរទៅធ្វើរឿងផ្សេងទៀតដែលមានលក្ខណៈងាយស្រួល និងយល់ថាវាជាជម្រើសដ៏ល្អ។ ទម្លាប់នៃការបោះបង់ជាញឹកញាប់វានឹងធ្វើឲ្យពួកគេមានអារម្មណ៍ភ័យខ្លាច គ្មានភាពអត់ធ្មត់ និងឆាប់ទទួលយកការចុះចាញ់ ចំពោះបញ្ហាឬការងារដែលលំបាក។ ដូច្នេះដើម្បីឲ្យខ្លួនឯងមានភាពរឹងមាំមិនឆាប់បោះបង់ និងហ៊ានប្រឈមមុខជាមួយរឿងលំបាក។

 

/. មិនសន្សំលុយ

យោងតាមការស្ទង់មតិថ្មីមួយលើមនុស្ស ១០០៣នាក់ ពីអត្រាធនាគារបានរកឃើញថា ៦៩% នៃមនុស្សដែលមានអាយុពី ១៨-២៩ឆ្នាំ ពុំបានសន្សំសោធននិវត្តន៍ទាល់តែសោះ។ អ្នកត្រូវចាប់ផ្តើមធ្វើការសន្សំកាន់តែឆាប់កាន់តែល្អ ហើយការសន្សំនោះទៀតសោត ត្រូវមានគោលដៅនិងផែនការច្បាស់លាស់។ ព្រោះវាជាប្រាក់ដែលអាចជួយឲ្យអ្នកមានជីវភាពល្អប្រសើរក្នុងថ្ងៃអនាគត តាមរយៈការយកប្រាក់ទាំងនោះទៅវិនិយោគដើម្បីបង្កើតប្រាក់ចំណេញ។

 

៥/. បន្ទោសឪពុកម្តាយចំពោះរាល់សំណាងអាក្រក់របស់ខ្លួន

យុវវ័យភាគច្រើនចូលចិត្តបន្ទោសឪពុកម្តាយចំពោះរាល់រឿងអាក្រក់ៗរបស់ខ្លួន ដូចជាកើតមកក្នុងគ្រួសារដែលមានជីវភាពក្រលំបាក ឬពួកគាត់មិនអាចបំពេញតាមចិត្តឬតម្រូវការរបស់ខ្លួនជាដើម។ ប៉ុន្តែអ្នកត្រូវចាំថា ឪពុកម្តាយគឺជាអ្នកដែលបាននាំអ្នកមកកាន់ភពផែនដីមួយនេះ ប្រសិនបើអ្នកគិតថាពួកគាត់មិនល្អគ្រាប់គ្រាន់សម្រាប់អ្នកទេនោះ ចូរអ្នកចេញទៅខាងក្រៅហើយបំពេញតាមតម្រូវការនិងដឹកនាំជីវិតរបស់អ្នកដោយខ្លួនឯងចុះ។ ហើយអ្នកគឺជាមនុស្សតែម្នាក់គត់ដែលទទួលខុសត្រូវចំពោះវាសនាខ្លួនឯង បើទោះបីជាអ្នកជោគជ័យ ឬបរាជ័យក៏ដោយមិនត្រូវបន្ទោសឪពុកម្តាយរបស់អ្នកជាដាច់ខាត់។

 

យ៉ាងណាមិញ យុវភាពគឺជាពេលវេលាមាសប្រាក់ អនាគតរុងរឿង ឬរុសរោយ អាស្រ័យលើអាកប្បកិរិយារបស់អ្នកក្នុងដំណាក់កាលនេះឯង។ ចូរប្រើប្រាស់វាប្រកបដោយភាពឈ្លាសវៃ ចៀសវាងស្តាយក្រោយនាថ្ងៃខាងមុខ៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ 👇  បញ្ជាទិញតាម https://t.me/BusinessCambodiaBook

កកក

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia