កាលពីព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅនេះហាងកាហ្វេដ៏ល្បីមួយគឺ bean. coffee បានសហការគ្នាជាមួយហាងសម្លៀកបំពាក់ស្រ្តី Love, Bonito Cambodia ដើម្បីលើកទឹកចិត្តដល់ស្រ្តីទូទាំងប្រទេសកម្ពុជាឱ្យមានភាពជឿជាកនិងភាពក្លាហានឱ្យកាន់តែខ្លាំងទៅលើខ្លួនឯង ខណៈកម្មវិធីមួយនេះត្រូវបានរៀបចំឡើងនៅក្នុងផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ ដែលមានការអញ្ជើញចូលរួមយ៉ាងខ្ពង់ខ្ពស់ពីសំណាក់ភ្ញៀវកិត្តិយសព្រមទាំងម្ចាស់អាជីវកម្មជាស្រ្តីយ៉ាងច្រើនកុះករផងដែរ។
នៅក្នុងកម្មវិធីដ៏ពិសេសមួយនេះដែរ អ្នកស្រី លីម ម៉េងអ៊ី ដែលជានាយិកាក្រុមហ៊ុន ដាញ មី(DINE ME HOSPITALITY) បានមានប្រសាសន៍ថា ចំពោះការសហការគ្នាជាមួយ Love Bonito Cambodia នេះគឺមិនមែនជារឿងចៃដន្យនោះទេ គឺកើតឡើងដោយសារតែយើងមានជំនឿទុកចិត្តយ៉ាងមុតមាំមួយថារវាងការញ៉ាំកាហ្វេជាមួយនឹងការស្លៀកពាក់គឺជាចលករមួយដែលអាចជួយជម្រុញឱ្យស្រ្តីកាន់តែមានភាពជឿជាក់ទាំងខាងក្នុងនិងខាងក្រៅ។

អ្នកស្រី ម៉េងអ៊ី ក៏បានបន្ថែមថា មនុស្សស្រីត្រូវតែមានភាពជឿជាក់លើខ្លួនឯង “"Women On The Go" ហ៊ានធ្វើអ្វីដែលខ្លួនឯងចង់ធ្វើ។ ជាក់ស្តែង នៅពេលដែលយើងទទួលបានកាហ្វេដ៏ល្អមួយកែវឬបានញ៉ាំកាហ្វេដែលយើងពេញចិត្តច្បាស់ណាស់យើងប្រាកដជាមានអារម្មណ៍ថាស្រស់ស្រាយហើយសប្បាយចិត្តពេលមួយថ្ងៃតែម្តង ហើយថាមពលមួយនេះគឺកើតចេញពីខាងក្នុងតែម្តង។ ចំណែកឯការស្លៀកពាក់ក៏ដូចគ្នាពេលណាយើងរើសសម្លៀកបំពាក់ដែលមានគុណភាពល្អនោះក៏ធ្វើឱ្យយើងកាន់តែមានទំនុកចិត្តមួយកម្រិតទៀតផងដែរ។


អ្នកស្រី ម៉េងអ៊ី បានបញ្ជាក់ថា តាមរយៈការសហការគ្នារវាង bean. coffee និង Love Bonito Cambodia យើងសង្ឃឹមយ៉ាងមុតមាំថា យើងនឹងក្លាយជាចំណែកមួយដើម្បីទៅរំលឹកដល់ស្រ្តីឱ្យមានថាមពលដ៏អស្ចារ្យ ហើយបង្ហាញខ្លួនដោយភាពជឿជាក់ជារៀងរាល់ថ្ងៃតាមរយៈការជ្រើសរើសញុំាកាហ្វេល្អ និងការស្លៀកពាក់តាមអ្វីដែលយើងស្រលាញ់។



ដោយឡែក ដើម្បីជាការអបអរសាទរការសហការមួយនេះ bean. coffee ក៏បានបង្កើតភេសជ្ជៈថ្មីចំនួន៣ ដែលមានចរិកលក្ខណៈរៀងៗខ្លួនដែលបង្ហាញពីភាពស្រស់ស្អាតរបស់កាហ្វេប្រៀបបាននឹងជាស្រ្តីហើយកាហ្វេមួយនេះគឺ bean. coffee បានព្យាយាមបង្កើតជាខ្លាំងដើម្បីលើកទឹកចិត្តដល់ស្រ្តី ភេសជ្ជៈទាំងនោះមានដូចជា៖
១.beanito latte: តំណាងឱ្យភាពរឹងមាំរបស់មនុស្សស្រី ដែលមានន័យថាភាពជាមនុស្សស្រីទោះបីជាមានឧបសគ្គធំយ៉ាងណាក៏ដោយគឺនៅតែតស៊ូដើរទៅមុខជានិច្ច។
២. beanito cherry gum: តំណាងឱ្យភាពស្រស់ស្អាតរបស់មនុស្សស្រី។
៣.beanito blanc: តំណាងឱ្យមនុស្សស្រីដែលចំណាយពេលសម្រាប់ខ្លួនឯងច្រើន ភាពម៉ឺងម៉ាត់ រឹងមាំ។

ជាមួយគ្នានោះដែរ អ្នកស្រី ថៃភាង មេត្តា ដែលជាសហស្ថាបនិកក្រុមហ៊ុន RMO Group និងម្ចាស់ហ្វ្រានឆាយ Love, Bonito Cambodia. បានលើកឡើងបន្ថែមថា ហាងលក់សម្លៀកបំពាក់ Love, Bonito គឺមានដើមកំណើតនៅក្នុងប្រទេសសិង្ហបុរីក្នុងឆ្នាំ២០១០ ហើយនៅក្នុងឆ្នាំ២០២៦ ក្រុមហ៊ុន RMO បានសម្រេចនាំយីហោសម្លៀកបំពាក់ Love, Bonito ចូលមកកាន់ទីផ្សារស្រុកខ្មែរ។

អ្នកស្រីបានលើកឡើងទៀតថា ចំពោះមូលហេតុដែលធ្វើឱ្យយើង យកយីហោមួយនេះចូលមកទីផ្សារប្រទេសកម្ពុជាព្រោះយើងសម្លឹងឃើញថា Love, Bonito បានរចនាឡើងសម្រាប់ស្រ្តីអាស៊ីជាពិសេសអាចស្លៀកពាក់បានគ្រប់កម្មវិធីជាច្រើន ដូចជាពេលទៅធ្វើការ ពេលដើរលេង ពេលចូលរួមកម្មវិធីធំៗចំណែកតម្លៃគឺសមរម្យ ដូច្នេះគាត់ជឿជាក់ថាម៉ូដរបស់ Love, Bonito អាចជួយស្ត្រីខ្មែរយើងឲ្យមានភាពជឿជាក់លើខ្លួនឯងឲ្យកាន់តែមានមន្តស្នេហ៍គួរជាទីស្រលាញ់ផងដែរ។

គូសបញ្ជាក់ថា ចំពោះការសហការគ្នារបស់ប្រេនធំៗទាំង២ រវាង bean. coffee និង Love Bonito Cambodia ដោយសារតែស្ថាបនិករបស់ប្រេនទាំង ២នេះគឺសុទ្ធសឹងតែជាស្រ្តី ដូច្នេះពួកគាត់ចង់លើកទឹកចិត្តទៅដល់ស្រ្តីយើងទាំងអស់ត្រូវតែមានភាពក្លាហាន ជឿជាក់ទៅលើខ្លួនឯង ហើយនៅពេលដែលយើងស្លៀកសម្លៀកបំពាក់ដែលមានគុណភាពល្អហើយញ៉ាំកាហ្វេល្អទៀត នោះនឹងធ្វើឱ្យយើងកាន់តែស្អាតថែមមួយកម្រិតទៀត៕





