ចង់ចេញរកស៊ីខ្លួនឯងឱ្យជោគជ័យមិនមែនជារឿងងាយស្រួលនោះទេ ព្រោះការជ្រើសរើសមុខរបរមួយគឺពិតជាសំខាន់ណាស់ បើអ្នករើសត្រូវអ្នកនឹងជោគជ័យ តែបើអ្នករើសខុសអ្នកនឹងត្រូវខាតទាំងពេល ខាតទាំងលុយ។ ជាពិសេសមុននឹងចាប់ផ្ដើមរកស៊ីអ្វីមួយគឺតម្រូវឱ្យអ្នកចាយពេលបន្តិចដើម្បីសិក្សាឱ្យលម្អិតទាក់ទងនឹងទីតាំងភូមិសាស្ត្រ និងទីផ្សារអាជីវកម្មដែលអ្នកចង់បើក ព្រោះបើអ្នកមិនដឹងពីរឿងទាំងអស់នេះ ពេលអ្នកចាប់ផ្ដើមគឺដូចជាយកលុយទៅបោះចោលចឹង។ ខាងក្រោមគឺជាមុខរបរចំនួន ៤ ដែលអ្នកមិនគួរប្រថុយប្រយ័ត្នទឹកភ្នែកពេលក្រោយ៖
១. មុខរបរដែលគេកំពុងរកស៊ីច្រើន៖ មនុស្សមួយចំនួនដែលចង់ចេញរកស៊ីដំបូងច្រើនតែសម្លឹងមើលរបរណាដែលមានគេរកស៊ីច្រើនហើយលក់ដាច់ តែមិនប្រាកដថាពេលអ្នកធ្វើទៅនឹងជោគជ័យដូចគេទេ។ ហើយបញ្ហានោះគឺអ្នកចាប់ផ្ដើមក្រោយគេ គួបផ្សំបើអ្នកគ្មានជំនាញច្បាស់ មិនសូវមានកេរ្តិ៍ឈ្មោះទៀតនោះអាជីវកម្មអ្នកប្រាកដជាបរាជ័យ។
យ៉ាងណាក៏៏ដោយ នេះមិនមែនមានន័យថា របរដែលមានអ្នកធ្វើច្រើន អ្នកធ្វើទៅសុទ្ធតែបរាជ័យទាំងអស់ទេ ប្រសិនបើអ្នកពិតជាស្រលាញ់ហើយចង់ធ្វើវា អ្នកត្រូវមានគំនិតច្នៃប្រឌិត ធ្វើយ៉ាងណាឱ្យមានភាពខុសប្លែកពីគេបន្តិចកុំធ្វើឱ្យដូចគេទាំងស្រុងពេក ហើយក៏ត្រូវរៀនពីយុទ្ធសាស្ត្រក្នុងការធ្វើទីផ្សារឱ្យបានច្បាស់ដែរ។
២. របរហុចផលយូរ៖ បើចង់ចាប់ផ្ដើមរកស៊ីដំបូង កុំសូវប្រថុយរបរដែលហុចផលឱ្យយូរដូចជា ដាំកៅស៊ូ ដាំដូង ផ្ទះត្រចៀកកាំ ជាដើម ព្រោះត្រូវកប់ដើមរយៈពេលយូរទម្រាំតែបានផល។ នេះបើតាមលោក សំ កុសល ស្ថាបនិករបស់ Business Cambodia ធ្លាប់បានចែករំលែកថា បើអ្នកទើបចាប់ផ្ដើមរកស៊ីដំបូងៗ ហើយមិនទាន់មានបទពិសោធន៍សោះកុំប្រថុយជាមួយរបរទាំងនេះ វាអាចធ្វើឱ្យអ្នកជួបបញ្ហាច្រើដូចជា ខាតពេល ជាពិសេសគឺបញ្ហាហិរញ្ញវត្ថុ។ ដូច្នេះបើសិនជាមិនសូវមានបទពិសោធន៍ សម្រាប់ការចាប់ផ្ដើមដំបូង គួរប្រកបរបរណាដែលលក់ថ្ងៃនឹងបានលុយមកភ្លាម ហើយចាយទុនតិច។
៣. របរដែលប្រើដើមទុនច្រើន៖ ទើបចាប់ផ្ដើមដំបូងកុំហក់លោតទៅរករបរដែលប្រើដើមទុនច្រើនដូចជាប្រភេទរបរដែលចាយទុន ២០ ៣០ម៉ឺនដុល្លារឡើង គួរតែពិចារណាឱ្យច្បាស់មុនរកស៊ី កុំមានលុយភ្លាមចាប់យករបរធំភ្លាមទាំងដែលខ្លួនឯងមិនធ្លាប់មានបទពិសោធន៍រកស៊ី វាជាហានិភ័យធំណាស់ បើហ៊ានប្រថុយទាំងភាពស្រពិចស្រពិល។ សម្រាប់អ្នកទើបរៀនរកស៊ីគួរតែចាប់ផ្ដើមពីរបរតូចៗចាយទុនតិចជាមុនសិន ព្រោះអ្នករកស៊ីជោគជ័យជាច្រើនក៏សុទ្ធតែចាប់ផ្ដើមពីរបរតូចតាចដូចគ្នា ចាប់ដល់ពេលណាដែលរបរ ដើរហើយ រកចំណូលបានច្រើនចាំចាប់ផ្តើមរបរដើមទុនធំក៏មិនទាន់ហួសពេលដែរ ព្រោះប្រសិនបើមានបញ្ហាអ្វីយើងក៏នៅមានរបរផ្សេងទប់គ្នា។
៤. មុខរបរបុរាណ៖ មុខរបរបុរាណគឺចង់សំដៅទៅដល់មុខរបរដែលមានទីផ្សារសម្រាប់តែបច្ចុប្បន្ន ប៉ុន្តែពេលអនាគតគឺពិបាករស់ដូចជាឡានដឹកដី ចំពោះមុខរបរឡានដឹកដីនេះគឺយើងត្រូវចំណាយលុយខ្ទង់ម៉ឺនដុល្លារឯណោះសម្រាប់ទៅទិញឡានមួយ ចំណែកការទទួលបានផលចំណេញគឺតិចណាស់។ ដូច្នេះបើអ្នកចង់ចាប់ផ្ដើមរកស៊ីមិនគួរចាប់របរនេះឡើយ ព្រោះមុខរបរនេះមានគេរកស៊ីយូរហើយ៕


