ជាទូទៅការដែលឱ្យភ្ញៀវដើរចូលហាងគឺជារឿងងាយស្រួលទេ ប៉ុន្តែការដែលធ្វើឱ្យអតិថិជនសប្បាយចិត្តហើយព្រមទិញទើបជារឿងដែលពិបាក។ ទាក់ទងទៅនឹងបញ្ហានេះ អ្នកស្រី អាំ វាសនា បានបង្ហើបនៅគន្លឹះសំខាន់៣យ៉ាងពេលភ្ញៀវបានជួបហើយដឹងតែសប្បាយចិត្ត។
ថ្លែងទៅកាន់ក្រុមការងារ Business Cambodia អ្នកស្រី អាំ វាសនា ដែលត្រូវបានគេស្គាល់ថាជាស្ថាបនិកហាង BCS Computer បានមានប្រសាសន៍ថា មុនពេលដែលអ្នកស្រីបើកហាងនេះឡើង ដំបូងឡើយអ្នកស្រីធ្លាប់ជាបុគ្គលិកធ្វើការឱ្យគេនៅក្នុងក្រុមហ៊ុនឯកជនមួយកន្លែងលើផ្នែក IT អស់រយៈពេលចូល៨ឆ្នាំ។ បន្ទាប់មកអ្នកស្រីក៏បានបន្តការសិក្សានៅសិង្ហបុរី និងម៉ាឡេស៊ី បន្ថែមទៀតដើម្បីដុះខាត់ខ្លួនឯងឱ្យកាន់តែមានជំនាញជាងមុន លើសពីនេះនៅពេលអ្នកស្រីត្រឡប់មកស្រុកកំណើតវិញ អ្នកស្រីនៅតែបន្តសិក្សាវគ្គខ្លីៗដើម្បីបន្តអភិវឌ្ឃន៍ខ្លួនជានិច្ច។ សរុបមកអ្នកស្រីឆ្អិនជាមួយវិស្ស័យនេះចូល១០ឆ្នាំ ទើបអ្នកស្រីសម្រេចចិត្តមកបើកខ្លួនឯង។
អ្នកស្រីបានបន្តទៀតថា គិតមកដល់ពេលបច្ចុប្បន្ននេះ ហាងរបស់អ្នកស្រីមានអាយុកាលចូលជិត៦ឆ្នាំហើយ ដោយការបើកលក់ដំបូងនោះមិនទាន់ធំដូចបច្ចុប្បន្ននោះទេ ពោលមានតែសម្ភារៈការិយាល័យ និងជួសជុសកុំព្យូទ័តិចតួចព្រោះកាលនោះ អ្នកស្រីមានទុនត្រឹមតែ៤០០ដុល្លារប៉ុណ្ណោះ។ ប៉ុន្តែដោយសារតែគេមើលឃើញសមត្ថភាពក្នុងការលក់របស់អ្នកស្រីល្អ ធ្វើឱ្យអ្នកផ្គត់ផ្គង់ក្នុងស្រុកចាប់អារម្មណ៍និងទុកចិត្តស្រីហ៊ានឱ្យអីវ៉ាន់យកមកលក់ រហូតមកដល់សព្វថ្ងៃនេះអ្នកស្រីអាចមានលិទ្ធភាពនាំចូលផលិតផលដោយខ្លួនឯងផ្ទាល់តែម្តង។
ទន្ទឹមនឹងនេះដែរ អ្នកស្រី អាន់ វាសនា បានបង្ហើបឱ្យដឹងដែរថា កត្តាសំខាន់ៗដែលធ្វើឱ្យហាងរបស់អ្នកស្រីអាចដំណើរការបានលឿនបែបនេះ គឺដោយសារអ្នកស្រីបានផ្តោតសំខាន់លើរឿងសំខាន់ៗ៣យ៉ាងដើម្បីអាចទាក់ទាញចិត្តភ្ញៀវ ពោលភ្ញៀវទិញទាំងសប្បាយចិត្ត។ ដោយក្នុងនោះរួមមាន៖
១. លក់ជាមួយជំនាញច្បាស់៖ ក្នុងនាមជាអ្នកលក់ការយល់ច្បាស់អំពីផលិតផលគឺជារឿងមួយសំខាន់បំផុត ព្រោះរាល់ពត៌មានទាំងអស់ដែលភ្ញៀវឆ្ងល់គឺពឹងផ្អែកទាំងស្រុងទៅលើអ្នកលក់នេះឯង ដូច្នេះហើយទើបអ្នកស្រីបានជួលជាងសុទ្ធតែមានជំនាញៗមកធ្វើការ ព្រមទាំងអ្នកស្រីផ្ទាល់ក៏ត្រូវតែមានជំនាញ។ ហើយការដែលច្បាស់លាស់នេះហើយ គឺជាផ្នែកដ៏សំខាន់មួយធ្វើឱ្យភ្ញៀវចូលមកទាំងទំនុកចិត្ត។
២. លក់ជាមួយទំនួលខុសត្រូវ៖ អ្នកស្រីបានឱ្យដឹងទៀតថា ទំនួលខុសត្រូវពិតជាសំខាន់ ព្រោះការរកស៊ីយើងត្រូវការភាពយូរអង្វែង ដូច្នេះហើយប្រសិនបើយើងសន្យាជាមួយភ្ញៀវថានឹងធានាជួសជុល យើងត្រូវតែជួសជុល បើយើងធានាដូរជូន យើងនឹងដូរជូន។ អ្នកស្រីបានបន្ថែមទៀតថា ជាអ្នកលក់ត្រូវយកចិត្តទុកដាក់ជាមួយអតិថិជនជានិច្ច មិនថាពេលមុនលក់ ឬក្រោយពេលលក់នោះទេ ព្រោះចំណុចតូចៗទាំងអស់នេះហើយធ្វើឱ្យអតិថិជន សប្បាយចិត្ត ហើយផ្សាយពីមាត់មួយទៅមាត់មួយទៀត ដូច្នេះហើយពីមួយថ្ងៃទៅមួយថ្ងៃហាងអ្នកស្រីកាន់តែទទួលបានអ្នកគាំទ្រកាន់តែច្រើន។
៣. សេវាកម្ម៖ ត្រង់ចំណុចនេះដែរអ្នកស្រីបានលើកឡើងថា មិនថាហាងរបស់យើងជាហាងតូចឬធំនោះទេពេលណាសេវាកម្មយើងល្អ អតិថិជនច្បាស់ជាពេញចិត្តជាពុំខាន។ ជាក់ស្តែងហាងរបស់អ្នកស្រីផ្ទាល់គឺមានការដោះស្រាយបញ្ហា (ជួសជុស) ជូនអតិថិជនបាន លឿន រហ័ស ហើយមានគុណភាព រាល់ចម្ងល់របស់ភ្ញៀវ ហាងរបស់ស្រីពុំមានការធុញទ្រាន់និងភ្ញៀវឡើយ មានតែសប្បាយចិត្តក្នុងការពន្យល់រហូតអតិថិជនអស់ចិត្ត ពោលគឺខ្វល់ខ្វាយនិងអតិថិជនជានិច្ច។
ស្របគ្នានេះដែរ ភាពខុសគ្នាដែលហាងភាគច្រើនមិនមាន ប៉ុន្តែហាងរបស់អ្នកស្រីមាននោះគឺ គេបិទម៉ោង៥ល្ងាច តែអ្នកស្រីបិទម៉ោង៧យប់ ព្រោះអ្នកស្រីគិតថាពេលខ្លះអតិថិជនរវល់ធ្វើការ រវល់រៀន មិនមានពេលមកដូច្នេះហើយកន្លែងអ្នកស្រីចាំទទួល។ ហើយចំណុចទាំងអស់នេះហើយដែលជាហេតុធ្វើឱ្យហាងរបស់អ្នកស្រីមានអ្នកស្គាល់កាន់តែច្រើនឡើងៗ។
គួរជម្រាបផងដែរថា ប្រសិនបើបងប្អូនកំពុងជួបបញ្ហាកុំព្យូទ័រខូច ឬចង់ជាវនៅសម្ភារៈកុំព្យូទ័រផ្សេង បងប្អូនអាចទំនាក់ទងតាមរយៈហ្វេសប៊ុកផេក BCScomputer ឬទៅកាន់ទីតាំងផ្ទាល់ក៏បានដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ 247 ផ្លូវកម្ពុជាក្រោម ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕