អ្នកនាង Barbie Hsu ដែលត្រូវបានគេស្គាល់ថាជាតារាសម្តែងតៃវ៉ាន់ដ៏ល្បីឈ្មោះបំផុតនៅអាស៊ី បន្ទាប់ពីបានសម្តែងក្នុងរឿង Meteor Garden 2001 (F4) ជាតួអង្គឯកនាង សាន់ឆាយ (Shan Cai) បានទទួលមរណភាពក្នុងវ័យ៤៨ឆ្នាំនៅប្រទេសជប៉ុនដោយសារជំងឺសួត នាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥។ នាងបានបន្សល់ទុកទ្រព្យជាង១០លានដុល្លារ និងស្នាដៃល្បីៗចំនួន៤រឿង។
ភាពយន្តភាគតៃវ៉ាន់ F4 ដែលធ្វើឱ្យអ្នកនាង Barbie Hsu ល្បីឈ្មោះបំផុតកន្រ្តាក់អារម្មណ៍យុវវ័យក្នុងឆ្នាំ២០០១ រួមទាំងនៅកម្ពុជាបានចូលរួមសម្តែងដោយតារាប្រុសសង្ហាចំនួនរូបដូចជាលោក Jerry Yan, Vic Chou, Ken Chu និង លោក Vanness Wu ។
ក្នុងនោះមានរឿងភាគទូរទស្សន៍ចំនួន៤រឿង ដែលជាស្នាដៃធ្វើឱ្យនាងមានឈ្មោះបោះសំឡេងបំផុតក្នុងពិភពលោកសិល្បៈគឺ Meteor Garden , Mars, Corner With Love និង Summer's Desire ។
យ៉ាងណាមិញគិតត្រឹមឆ្នាំ២០២៥នេះ ទ្រព្យសម្បត្តិសុទ្ធរបស់អ្នកនាងសាន់ឆាយមានចន្លោះខ្ទង់១០លានដុល្លារ ដែលជាចំណូលបានមកពីអាជីពដ៏ជោគជ័យរបស់នាងក្នុងការសម្ដែង ការច្រៀង កិច្ចព្រមព្រៀងផ្សព្វផ្សាយនិងការវិនិយោគលើអាជីវកម្មផ្សេងៗ។
កើតនៅឆ្នាំ១៩៧៦ នាទីក្រុងតៃប៉ិ Barbie Hsu គឺជាកូនកណ្តាល ក្នុងគ្រួសារមធ្យមមួយ ដែលមានបងប្អូនស្រីបីនាក់ដោយ នាងបានចាប់ផ្តើមអាជីពសិល្បៈដំបូងនៅក្នុងឆ្នាំ១៩៩៤។ ប្រជាប្រិយភាពនិងអាជីពរបស់នាងទើបនឹងបានលេចឡើងក្នុងឆ្នាំ២០០១ ក្នុងតួអង្គជានាងសាន់ឆាយ តាមរយៈសម្រស់និងភាពទាក់ទាញរបស់នាង។
កាលពីឆ្នាំ២០០៥ អ្នកនាងBarbie Hsu ក៏ជាអ្នកនិពន្ធមួយរូបផងដែរ ដោយបានចេញសៀវភៅស្តីអំពីសម្រស់មួយក្បាលដែលមានចំណងជើងថា Mei Rong Da Wang (Beauty Queen: Secrets of Beauty Treatment)ដោយរៀបរាប់អំពីវិធីពិសេសរបស់នាងក្នុងការសម្រកទម្ងន់ ការថែរក្សាសក់ និងការធ្វើឱ្យស្បែកស។
សម្រាប់ជីវិតផ្ទាល់ខ្លួននាងបានរៀបការចំនួនពីរលើកនឹងមានកូនប្រុសស្រី ចំនួនពីរនាក់ ស្វាមីទីមួយគឺជាអ្នកជំនួញពាន់លានជនជាតិចិន និងស្វាមីទីពីរគឺជាផលិតករចម្រៀងជនជាតិកូរ៉េ៕
អត្ថបទដោយ៖ ពីង ជូអេង