ធនាគារ Bank of America ដែលជាធនាគារធំបំផុតលំដាប់ទី២នៅសហរដ្ឋអាមេរិក ពេលនេះបានបន្តបិទសាខារបស់ខ្លួនជាបន្តបន្ទាប់នៅត្រឹមដើមឆ្នាំ២០២៥នេះខណៈកាលពីឆ្នាំ២០២៤កន្លងទៅ ធនាគារនេះឈរលើកំពូលតារាងជាធនាគារបិទសាខាច្រើនបំផុតនៅអាមេរិក។
បើយោងតាមការចុះផ្សាយរបស់ Dailymail របស់អង់គ្លេសបានឲ្យដឹងថាគិត្រឹមខែកុម្ភៈដល់ខែមីនាឆ្នាំ២០២៥នេះ ធនាគារ Bank of America បានបិទសាខារបស់ខ្លួនប្រមាណជា១០សាខា ហើយការបិទសាខានេះរំពឹងនឹងបន្តបិទជាបន្តបន្ទាប់នៅខែខាងមុខៗទៀត។
ចំពោះមូលហេតុចម្បងដែលធ្វើឲ្យធនាគារធំទី២របស់អាមេរិកត្រូវបិទទ្វាសាខាគឺដោយសារតែការផ្លាស់ប្ដូរនៅក្នុងវិស័យធនាគារដោយធនាគារត្រូវផ្លាស់ប្ដូរទៅប្រតិបត្តិការជាលក្ខណៈឌីជីថលដូច្នេះហើយធនាគារ មួយចំនួនត្រូវបង្ខំចិត្តបិទទ្វាសាខាហើយប្ដូរទៅឌីជីថលខណៈអតិថិជនកាន់តែច្រើនឡើងផ្លាស់ប្ដូរមកប្រើប្រាស់សេវាធនាគារអនឡាញ( online Banking)។
កត្តាចម្បងមួយទៀតដែលធ្វើឲ្យធនាគារ Bank of America ត្រូវបិទទ្វារសាខាគឺចាប់ផ្ដើមចេញពីទម្លាប់របស់អតិថិជនតែម្ដង។ ជាក់ស្ដែងអតិថិជនភាគច្រើនងាកមកប្រើប្រាស់សេវាធនាគារតាមអនឡាញជាពិសេសកិច្ចការមួយចំនួននៅធនាគារដូចជា ទូទាត់ ផ្ញើរប្រាក់ ការិវនិយោគ គឺធ្វើឡើងយ៉ាងលឿនតាមរយៈកម្មវិធី App ធនាគារ ( Mobile App) និងកុំព្យូរទ័រ។
គួរបញ្ជាក់ផងដែរថាបើយោងតាមរបាយការណ៍ស្ថានប័នធានាប្រាក់បញ្ញើរបស់អាមេរិកដែលហៅកាត់ថាFDIC បានឲ្យដឹងថានៅចន្លោះឆ្នាំ២០១២ដល់ឆ្នាំ២០២២ ចំនួនសាខាធនាគារពាណិជ្ជរបស់អាមេរិកបានថយចុះពី៨២,៤៦១មកត្រឹម៦៩,៥៩០។ ចំណែករបាយការណ៍ពី Self បានព្យាករថាប្រសិនបើសាខាធនាគារអាមេរិកនៅតែបន្តបិទទ្វារក្នុងអត្រាដូចបច្ចុប្បន្ននោះនៅត្រឹមឆ្នាំ២០៤១នឹងលែងមានសាខាធនាគារទៀតហើយ៕