ដោយសារប៉ុន្មានថ្ងៃនេះតម្លៃប្រេងហក់ឡើងយ៉ាងគំហុកព្រោះសង្គ្រាមរវាង អាមេរិក និង អ៊ីស្ត្រាអែល លើអ៊ីរ៉ង បង្កឱ្យប៉ះពាល់ដល់ប្រទេសជាច្រើននៅជុំវិញពិភពលោក ជាពិសេសនៅតំបន់អាស៊ី។ ក្នុងនោះផងដែរមានប្រទេសចំនួន ៣ ហើយដែលបានប្រកាសពីភាពលំបាករបស់ខ្លួនបន្ទាប់ពី អ៊ីរ៉ង បិទច្រកសមុទ្រហ័រមូស ដែលជាច្រកឆ្លងកាត់ប្រេងប្រហែល ២០% របស់ពិភពលោក បង្កឱ្យមានការខ្វះខាតប្រេងនិងតម្លៃប្រេងឡើងខ្ពស់។
កាលពីថ្ងៃទី៦ ហ្វីលីពីន ជាប្រទេសដំបូងគេបានប្រកាសឱ្យកាត់បន្ថយថ្ងៃធ្វើការមកត្រឹមតែ ៤ថ្ងៃប៉ុណ្ណោះក្នុងមួយសប្ដាហ៍ដើម្បីកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចដែលបង្កឡើងដោយជម្លោះប្រដាប់អាវុធរវាងអ៊ីរ៉ង់ អ៊ីស្រាអែល និងសហរដ្ឋអាមេរិក។ ក្រៅពី ហ្វីលីពីន នៅក្នុង ប្រទេសវៀតណាម ក៏មិនខុសគ្នាដែរនៅថ្ងៃទី៩ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរបស់វៀតណាម បានជំរុញឱ្យបណ្ដាក្រុមហ៊ុនក្នុងស្រុកអនុញ្ញាតឱ្យបុគ្គលិកធ្វើការពីផ្ទះដើម្បីកាត់បន្ថយការធ្វើដំណើរ និងសន្សំសំចៃថ្លៃប្រេងសាំង ដែលកំពុងឡើងថ្លៃ។
ដោយឡែក ថ្មីៗនេះប្រទេសបង់ក្លាដេស គឺជាប្រទេសទី ៣ នៅអាស៊ី ដែលបង្ហាញពីភាពលំបាករបស់ខ្លួនព្រោះតែតម្លៃប្រេងឡើងខ្ពស់ ដល់ថ្នាក់ត្រូវបង្ខំចិត្តបិទសាលារៀនទាំងអស់ ដើម្បីសន្សំសំចៃអគ្គិសនី និងប្រេងឥន្ធនៈ។ អាជ្ញាធរនៅបង់ក្លាដេស បាននិយាយថា ការសម្រេចចិត្តនេះអនុវត្តចំពោះសកលវិទ្យាល័យរដ្ឋ និងឯកជនទាំងអស់នៅទូទាំងប្រទេស ជាវិធានការមួយដែលមិនត្រឹមតែកាត់បន្ថយការប្រើប្រាស់អគ្គិសនីប៉ុណ្ណោះទេ ថែមទាំងជួយសម្រួលដល់ការកកស្ទះចរាចរណ៍ផងដែរ ដែលនាំឱ្យខ្ជះខ្ជាយប្រេងឥន្ធនៈ។
ពួកគេបានបន្តថា បរិវេណសកលវិទ្យាល័យប្រើប្រាស់អគ្គិសនីច្រើនសម្រាប់សាលស្នាក់នៅ ថ្នាក់រៀន មន្ទីរពិសោធន៍ និងម៉ាស៊ីនត្រជាក់ ហើយការបិទមុនកាលកំណត់នឹងជួយបន្ធូរបន្ថយសម្ពាធលើប្រព័ន្ធថាមពលដែលមានភាពតានតឹងរបស់ប្រទេស។ បច្ចុប្បន្ន សាលារៀនរដ្ឋ និងឯកជន ត្រូវបានបិទរួចហើយ ព្រោះប្រទេសកំពុងប្រឈមមុខនឹងភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើង លើការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័ន បន្ទាប់ពីការរំខានដល់ទីផ្សារថាមពលសកល ដែលបណ្តាលមកពីជម្លោះដែលកំពុងបន្តកើតមាននៅមជ្ឈិមបូព៌ា។
រដ្ឋាភិបាលក៏បានស្នើសុំឱ្យសាលាសិក្សាបរទេស និងមជ្ឈមណ្ឌលបង្វឹកឯកជនទាំងអស់ផ្អាកប្រតិបត្តិការក្នុងអំឡុងពេលនេះផងដែរ ដើម្បីកំណត់ការប្រើប្រាស់អគ្គិសនី។ ក្រៅពីបិទសាលារៀន កង្វះខាតឧស្ម័នធ្ងន់ធ្ងរក៏បានបង្ខំឱ្យប្រទេសនេះ បញ្ឈប់ប្រតិបត្តិការនៅរោងចក្រជីចំនួន ៤ក្នុងចំណោមរោងចក្រទាំង ៥ដែលគ្រប់គ្រងដោយរដ្ឋ ដោយបង្វែរឧស្ម័នដែលមានទៅរោងចក្រថាមពលដើម្បីជៀសវាងការដាច់ចរន្តអគ្គិសនីទូទាំងប្រទេស៕


