គម្រោងសណ្ឋាគារលំដាប់ផ្កាយតម្លៃជាង ៥៧០ លានដុល្លារ នឹងត្រូវសាងសង់នៅក្នុងខេត្ដព្រះសីហនុ។ ខណៈគម្រោងនេះក៏ទទួលបានការអនុញ្ញាត និងលើកទឹកចិត្តពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហើយត្រូវបានវាយតម្លៃថា នឹងជះឥទិ្ធពលយ៉ាងវិជ្ជមានដល់សេដ្ឋកិច្ចខេត្តផងដែរ។
យោងតាមការដកស្រង់ពីទំព័រហ្វេសប៊ុកផេករដ្ឋបាលខេត្ដព្រះសីហនុ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ថា ក្រុមហ៊ុនដែលទទួលបានសិទ្ធិសាងសង់គម្រោងខាងលើមានឈ្មោះ Ban Dao Investment Co., LTD បានបោះទុនវិនិយោគសរុប ៥៧៤ លានដុល្លារអាមេរិក។ គម្រោងសណ្ឋាគារផ្កាយលំដាប់ផ្ដាកយ៥ មានបន្ទប់សរុបចំនួន ២ ៨៧០ បន្ទប់ មានទីតាំងស្ថិតនៅពយតាម៉ូង សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្រៅពីគម្រោងសណ្ឋានគារលំដាប់ផ្កាយ៥ តម្លៃមហាសាលខាងលើ ខេត្ដព្រះសីហនុក៏ទទួលបាន សាងសង់រោងចក្រកែច្នៃផ្លែឈើក្នុងស្រុក (ស្វាយ, ម្នាស់, ខ្នុរ, និងទុរេន) នៅឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដែលវិនិយោគដោយ ក្រុមហ៊ុន Haoruidar (Cambodia) Co., LTD មានទុនសរុបជាង ១២ លានដុល្លារអាមេរិកផងដែរ។
គួររំលឹកផងដែរថា ក្រៅពីគម្រោងខាងលើ កាលពីខែកុម្ភៈ កន្លងទៅនេះ ខេត្ដព្រះសីហនុក៏ទទួលបានគម្រោងវិនិយោគថ្មីចំនួន ២ ផងដែររួមមាន៖ ១. គម្រោងរោងចក្រផលិតសាឡុង និងគ្រឿងសង្ហារឹមមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចខេត្ដព្រះសីហនុ និងទី២. គម្រោងរោងចក្រកែច្នៃផ្លែដូង៕