ធ្លាប់ឆ្ងល់ទេ ហេតុអ្វីប្រឹងដូចគេឯងដែរ បាយទឹកមិនទៀង គេងយប់ជ្រៅត្រូវងើបពីព្រលឹង គ្មានពេលវេលាជួបជុំគ្រួសារ អ្នកខ្លះប្រឹងរាប់ឆ្នាំ តែងាកមកមើលលទ្ធផលវិញស្ទើរពុំមានសល់អ្វីជាដុំគំភួន? ឆ្លើយតបនឹងបញ្ហាដ៏រសើបនេះ អ្នកស្រី Mariel Beasley អ្នកស្រាវជ្រាវ និងជាសហស្ថាបនិកនៃ Common Cents Labs បានប្រាប់ចំៗពីទម្លាប់អាក្រក់ធំៗ៣ ជាមូលហេតុ ធ្វើការ ឬរកស៊ីយូរតែមិនសល់លុយសោះ៖
១/. ទម្លាប់មើលស្រាយលើការចំណាយតូចៗ
មនុស្សជាច្រើនបានមើលរំលងការចំណាយតូចតាច ខណៈវាប្រៀបដូចជាចន្លោះប្រហោងតូចៗដែលធ្វើឲ្យលុយរបស់យើងហូរចេញបន្តិចម្តងៗរហូតដល់អស់។ ម្យ៉ាងវិញទៀត ប្រភពនៃការចាយលុយរាយមាយតាមអារម្មណ៍គឺបណ្តាលមកពីយើងមិនបានរៀបចំផែនការចំណាយឲ្យបានត្រឹមត្រូវ។
២/. ទម្លាប់ឃើញភ្លាមទិញភ្លែត
នរណាក៏មានចំណង់ដែរ ប៉ុន្តែអាចគ្រប់គ្រងបានឬមិនបានគឺអាស្រ័យទៅលើខ្លួនយើង។ មនុស្សមួយចំនួនចូលចិត្តចំណាយលុយទៅតាមចំណង់អារម្មណ៍មួយឆាវៗ ដោយពុំគិតពីតម្រូវការ ឬគុណភាព និងគុណតម្លៃសម្រាប់រយៈពេលវែងនោះទេ។ លោកស្រី Beasley បានពន្យល់ថា៖ «យើងមានទំនោរទៅរកអ្វីដែលធ្វើឲ្យយើងមានអារម្មណ៍ល្អក្នុងពេលបច្ចុប្បន្ន ទំនោរនេះហើយដែលនាំឲ្យមនុស្សហូតលុយពីហោប៉ៅរបស់ខ្លួនទាំងសប្បាយចិត្ត ដើម្បីបំពេញចំណង់ក្នុងមួយខណៈពេល ហើយចុងបញ្ចប់នាំទៅរកការជួបវិបត្តិលុយកាក់»។
៣/. ទម្លាប់ទិញរបស់ដើម្បីអួតអ្នកដទៃ ឬទិញតាមគ្នា
វាមិនមែនជាហេតុផលត្រឹមត្រូវឡើយ ដែលមនុស្សមួយចំនួនចូលចិត្តទិញរបស់ល្អៗថ្លៃៗដូចជា ឡានទំនើប ផ្ទះតម្លៃខ្ពស់ របស់ប្រែន ដើម្បីចង់ទាញចំណាប់អារម្មណ៍ពីមនុស្សជុំវិញខ្លួន ឬទិញតាមគ្នា។ ពួកគេបានចំណាយលុយជាច្រើនទៅលើរបស់ទាំងអស់នោះ ដើម្បីតែចង់បង្ហាញពីភាពស៊ីវីល័យ និងភាពហ៊ឺហារបស់ខ្លួនតែប៉ុណ្ណោះ។ អ្នកស្រី Beasley បាននិយាយថា «យើងប្រហែលជាដឹងថា មិត្តភក្តិឬអ្នកជិតខាងរបស់យើងទិញសំលៀកបំពាក់នៅឯណា និងរថយន្តប្រភេទណាដែលពួកគេបើកបរ ប៉ុន្តែយើងមិនបានដឹងទេថា ចរន្តលំហូរសាច់ប្រាក់របស់ពួកគេបែបណា? ពួកគេសន្សំប្រាក់ប៉ុន្មានសម្រាប់ការចូលនិវត្តន៍ទេ? ឬថាតើពួកគេមានគណនីសង្គ្រោះបន្ទាន់ដែរឬទេ? រឿងទាំងនេះយើងមិនបានដឹងសោះឡើយ ហើយបន្ទាប់មកយើងក៏បង្កើតទម្លាក់ចំណាយទៅលើរបស់ទាំងនោះដូចពួកគេដែរ»។
យ៉ាណាមិញ ប្រសិនបើអ្នកមើលឃើញថា ខ្លួនមានទម្លាប់ទាំង៣ខាងលើ ចូរពិចារណាឡើងវិញ និងរៀបចំផែនការលុយកាក់ឲ្យបានត្រឹមត្រូវ ត្បិតអនាគតអ្នកទៅជាយ៉ាងណា គឺអាស្រ័យលើសកម្មភាពដែលអ្នកប្រព្រឹត្តនាថ្ងៃនេះ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។
បញ្ជាទិញតាម https://t.me/BusinessCambodiaBook



