រាជធានីភ្នំពេញ៖ កម្មវិធីពិព័រណ៍សាលារៀន «BACK TO SCHOOL FAIR» រដូវកាលទី២ ដែលរៀបចំឡើងដោយក្រុមហ៊ុន ជីប ម៉ុង រីថែល ត្រូវបានបើកដំណើរការជាផ្លូវការហើយ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នេះ នៅទីតាំងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល។
ពិធីបើកសម្ពោធនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល រួមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំស្ថាប័ន និងសាលារៀនអន្តរជាតិល្បីៗជាច្រើនរូប រួមមាន៖

នៅក្នុងឱកាសដ៏វិសេសវិសាលនោះ លោកជំទាវ លី សុខឆេង បានមានប្រសាសន៍សង្កត់ធ្ងន់ថា នេះជាឆ្នាំទី៣ ហើយដែលក្រុមហ៊ុន ជីប ម៉ុង រីថែល បាននាំយកកម្មវិធី «Back to School» មកកាន់ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល។
លោកជំទាវ បានថ្លែងយ៉ាងដូច្នេះថា៖ «គោលបំណងធំដែលពួកយើងរៀបចំកម្មវិធីនេះឡើង គឺដោយសារយើងចង់ផ្ដោតសំខាន់ទៅលើការអប់រំ និងការសិក្សារបស់ក្មេងៗ។ ព្រោះអី ប្រទេសជាតិមួយអាចរឹងមាំបាន សេដ្ឋកិច្ចមួយអាចរីកចម្រើនទៅមុខបាន គឺពឹងផ្អែកសំខាន់ជាងគេទៅលើ "ធនធានមនុស្ស" ហ្នឹងឯង»។
លោកជំទាវ បានបន្តទៀតថា ក្នុងនាមជាថ្នាក់ដឹកនាំផ្សារទំនើប លោកជំទាវមិនចង់ឱ្យទីកន្លែងនេះក្លាយជាកន្លែងសម្រាប់តែការលក់ដូរទំនិញ ឬការកម្សាន្តរបស់ក្មេងៗមួយមុខនោះឡើយ ប៉ុន្តែចង់បំប្លែងផ្សារទំនើបឱ្យទៅជាទីកន្លែងដែលអាចផ្តល់ចំណេះដឹង និងការសិក្សាដល់ពួកគេផងដែរ។ ព្រឹត្តិការណ៍ឆ្នាំនេះ ក៏ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកដំបូង ដែលអាចប្រមូលផ្ដុំសាលាអន្តរជាតិធំៗ និងល្បីៗជាច្រើន ឱ្យមកជួបជុំគ្នានៅទីតាំងតែមួយ ដែលនេះជាមោទនភាពមួយរបស់ផ្សារទំនើប ជីប ម៉ុង ក្នុងការបង្កើតកម្មវិធីថ្មីៗដែលមានសារប្រយោជន៍ដល់សង្គមជាតិ ជាពិសេសលើវិស័យអប់រំ។

សូមជម្រាបជូនថា កម្មវិធី BACK TO SCHOOL FAIR នេះ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ថ្ងៃពេញ ពោលគឺចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩:០០ ព្រឹក ដល់ម៉ោង ៩:០០ យប់។
ពិព័រណ៍ដ៏ធំនេះ មានការចូលរួមពីបណ្តាក្រុមហ៊ុន មន្ទីរពេទ្យកុមារ និងសាលារៀនអន្ដរជាតិល្បីៗសរុបជាង ៣០ ស្ថាប័ន ដោយមានស្តង់ដាក់តាំងបង្ហាញសរុបជាង ៣០ ស្តង់។ អ្វីដែលពិសេស មាតាបិតា និងសិស្សានុសិស្ស ដែលបានចូលរួមទស្សនា ក៏នឹងទទួលបាននូវការផ្តល់ជូនពិសេស ដូចជាការបញ្ចុះតម្លៃលើកម្រៃសិក្សា និងកញ្ចប់សេវាកម្មផ្សេងៗពីបណ្តាក្រុមហ៊ុន មន្ទីរពេទ្យ ក៏ដូចជាសាលារៀនដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ៕














