ធនាគារកសិកម្ម និងសហករណ៍កសិកម្ម (Bank for Agriculture and Agricultural Co-operatives) ឬហៅកាត់ថា BAAC បានប្រកាសបិទសាខា ១២កន្លែង ក្នុងខេត្តចំនួន ៤ ដែលនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ រហូតដល់ថ្ងៃជូនដំណឹងម្តងទៀត។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតថៃ The Nation Thailand នាថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ ២០២៥។
ធនាគារ BAAC គឺជាស្ថាប័នហិរញ្ញវត្ថុរបស់រដ្ឋាភិបាលថៃ ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចកសិកម្ម និងការអភិវឌ្ឍន៍ជនបទចាប់តាំងពីការបង្កើតឡើងរបស់ខ្លួននៅថ្ងៃទី 0១ ខែវិច្ឆិកា ឆ្នាំ១៩៦៦។ ធនាគារនេះដំណើរការក្រោមការត្រួតពិនិត្យរបស់ក្រសួងហិរញ្ញវត្ថុ ហើយមានបេសកកម្មផ្តោតតែលើការផ្តល់ជំនួយហិរញ្ញវត្ថុ និងសេវាកម្មពាក់ព័ន្ធផ្សេងទៀតដល់ប្រជាជនកសិករ សហករណ៍កសិកម្ម និងសហគមន៍ជនបទទាំងមូល។

យោងតាមរបាយការណ៍ចុងក្រោយចេញផ្សាយក្នុងឆ្នាំ២០២៤ ដោយធនាគារផ្ទាល់ បានបង្ហាញថា BAAC នៅតែបន្តជាអ្នកផ្តល់ហិរញ្ញវត្ថុឈានមុខគេដល់វិស័យកសិកម្មថៃ ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីពង្រីកលទ្ធភាពទទួលបានហិរញ្ញវត្ថុដល់ប្រជាជននៅតាមតំបន់ដាច់ស្រយាល៕


