រាជរដ្ឋាភិបាលនៃព្រះជាណាចក្រកម្ពុជាបានចេញ អនុក្រឹត្យស្តីពីការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្ត្រ «នគរភ្នំឈើកាច់បាភ្នំ» ដែលស្ថិតនៅស្រុកបាភ្នំ ខេត្តព្រៃវែង ដើម្បីដាក់ឱ្យតំបន់នេះក្លាយទៅជាតំបន់បេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រ។
យោងតាមអនុក្រឹត្យ ដែលចុះហត្ថលេខា ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ បានសម្រេចថា គោលបំណងនៃការបង្កើតតំបន់បេភិភណ្ឌទាំងនេះ គឺដើម្បីការពារ ថែរក្សា នគរូបនីយកម្ម និងលើកតម្លៃបេតិកភណ្ឌវប្បធម៌ បេតិកភណ្ឌធម្មជាតិ និងទីតាំងប្រវត្តិសាស្ត្រអតីតសម័យហ្វូណន“នគរភ្នំ“ ដែលជាទឹកដីដំបូងបង្អស់នៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងអនុក្រឹត្យបានបញ្ជាក់ថា ក្រៅពីនេះ ការបង្កើតតំបន់បេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត ក្នុងបំណងការពារតួនាទីប្រព័ន្ធអេកូឡូស៊ីសម្រាប់ជាប្រយោជន៍របស់មនុស្សគ្រប់ជំនាន់, ការពារនិងអភិរក្សធនធានជីវៈចម្រុះ ធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងមុខងារនៃតំបន់នេះ។
ការពារសោភណភាព ទេសភាពធម្មជាតិ ទេសភាពវប្បធម៌ និងការពារទីសក្ការៈបូជាសម្រាប់បម្រើដល់ជំនឿ ការកម្សាន្ត ការទស្សនា ការអប់រំ និងការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រនិងប្រវត្តិសាស្ត្រ ដែលគ្រប់សកម្មភាពទាំងនេះពុំបង្កការគំរាមកំហែងដល់បរិស្ថាន ធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ ពិសេសដើម្បីលើកកម្ពស់ការចូលរួមថែរក្សា ការពារពីសាធារណជនឱ្យបានគង់វង្ស។
ក្នុងអនុក្រឹត្យនេះ បានសម្រេចឱ្យក្រសួងបរិស្ថាន និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានសមត្ថកិច្ចរៀបចំនិងគ្រប់គ្រងតំបន់បេតិកភណ្ឌ ធម្មជាតិ និងកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រ នគរភ្នំឈើកាច់បាភ្នំ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តព្រៃវែង និងសហគមន៍មូលដ្ឋាន ដើម្បីធានាដល់កិច្ចគាំពារបរិស្ថាន ការអភិរក្ស ជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងកិច្ចការពារបេតិកភណ្ឌវប្បធម៌ឱ្យបានគង់វង្ស ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕
អត្ថបទដោយ៖ ឌឿក ស្រីនុត


