ពីក្មេងលក់ឈូកក្លាយជាថៅកែ! លោក Avin​​​Ong បើកហាងកាហ្វេ២៥០ សាខាជោគជ័យដោយប្រើគន្លឹះ៥យ៉ាងនេះ
Kan DaraNOVEMBER 3 2022354 views

លោក Avin​​ Ong​ ជនជាតិហ្វីលីពីន គឺជាថៅកែវ័យក្មេងគឺជាម្ចាស់ហាងតែគុជMacao Imperial Tea ដ៏ពេញនិយមឥឡូវ នេះលោកមានភោជនីយដ្ឋាននិងហាងកាហ្វេជាង ២៥០នៅទូទាំងប្រទេសហ្វីលីពីន។ លើសពីនេះទៅទៀតគាត់គ្រប់គ្រងបុគ្គលិកជាង ២០០០ នាក់និងម៉ាកយីហោចំនួន៩រួមមាន New York Fries and Dips, Liang Crispy Roll, Macao Imperial Tea, Nabe Izakaya និង Hot Pot, Café Kitsune, Happy Truck ជាដើម។ នេះបើយោងតាមការចេញផ្សាយរបស់ Esquire Philippines ។

ប៉ុន្តែ​មុន​នឹងដើរមកដល់ចំណុចនេះ លោក Avin Ong គឺជា​និស្សិតដែលព្យាយាម​ធ្វើការរកប្រាក់ផ្គត់ផ្គង់​សិក្សាព្រោះរស់នៅជាមួយម្តាយជាស្រ្តីមេម៉ាយ និងចេះរកស៊ីលក់ដូររកចំណូលបន្តិចបន្តួចតាំងពីអាយុ ៧ឆ្នាំមកម៉្លេះ ដោយការដើរលក់ផ្លែឈូកក្នុងផ្សារ Caloocan នាប្រទេសហ្វីលីពីន ។ អំឡុងពេលរៀននៅមហាវិទ្យាល័យ គាត់បានទទួលអាហារូបករណ៍ ពីសាកលវិទ្យាល័យ De La Salle ហើយបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកគណិតវិទ្យា និងបានចូលធ្វើការនៅក្រុមហ៊ុន សាជីវកម្មមួយរយៈពេល៣ឆ្នាំ។

បន្ទាប់ពីនោះលោកដឹងថា វាមិនមែនជាក្តីស្រមៃសម្រាប់លោកៗក៏សម្រេចចិត្តចេញ​រកស៊ី ដោយប្រកាន់នូវគោលគំនិតធំៗ៥យ៉ាង៖

១. ដឹងពីរបៀបបង្វែរម៉ាកយីហោតូចមួយទៅជាអាជីវកម្មដ៏មានតម្លៃ

ការច្នៃប្រឌិតអនុញ្ញាតឱ្យអាជីវកម្មទាំងអស់គឺរក្សាទំនាក់ទំនងក្នុងទីផ្សារប្រកួតប្រជែង។ នៅពេលដែល Avin Ong បានទិញសិទ្ធិនាំយក Macao Imperial Tea  មកកាន់ប្រទេសហ្វីលីពីន គាត់រៀបចំរចនាសម្ព័ន្ធ វាឡើងវិញដោយណែនាំការផ្លាស់ប្តូរនៅក្នុងការរចនា ម៉ឺនុយ បង្កើតផលិតផល និងសេវាកម្មថ្មីៗកាន់តែឱ្យប្រសើរឡើង រហូតអាចបំប្លែងអាជីវកម្មតូចមួយ ក្លាយជាយីហោល្បីមានការទទួលស្គាល់។

២. ដឹងពីរបៀបលក់ចក្ខុវិស័យ

ការមានចក្ខុវិស័យនឹងផ្តល់ឱ្យអាជីវកម្មរបស់អ្នកនូវការផ្តោតអារម្មណ៍ច្បាស់លាស់ និងទិសដៅដែលអ្នកចង់សម្រេចបាន។ ថៅកែប្រុសវ័យ៣០ឆ្នាំរូបនេះលក់ចក្ខុវិស័យគំនិតអាជីវកម្មរបស់គាត់ដោយធ្វើឱ្យអ្នកវិនិយោគរបស់គាត់រំភើបអំពីលទ្ធភាពនៃអនាគត ហើយបានតម្រឹមលើគោលដៅមួយឱ្យខ្លាំងក្លា​ ពោលគឺមានគោលការណ៍រួមមួយដែលអាចធ្វើឱ្យមនុស្សជុំវិញខ្លួនអាចសម្លឹងឃើញពីអនាគតដ៏អស្ចារ្យ។

៣. ដឹងពីរបៀបជ្រើសរើសដៃគូហ្វ្រេនឆាយ

ភាពជោគជ័យរបស់ការលក់ហ្វ្រេនឆាយមួយ គឺអាស្រ័យទៅលើភាពជោគជ័យរបស់ Franchisees មួយផងដែរ។ ចំណែកឯលោក Avin Ong អាចពង្រីកអាជីវកម្មរបស់គាត់បានយ៉ាងឆាប់រហ័ស ដោយសារតែគាត់បានបង្កើត Franchise ដែលត្រឹមត្រូវ រហូតអាចទទួលបានជោគជ័យយ៉ាងខ្លាំង ដែលសូម្បីតែឈ្មោះយីហោក៏មានភាពល្បីល្បាញឆាប់រហ័សផងដែរ។

៤. ដឹងពីរបៀបធ្វើឱ្យអ្នកទិញសិទ្ធផ្តាច់មុខក្លាយជាអតិថិជនសំខាន់បំផុត

Franchising ពាក់ព័ន្ធនឹងការចាប់ដៃគូជាមួយ Franchisees ល្អ និងរបៀបរក្សាឱ្យពួកគេ រីករាយ នឹងចូលរួមដើម្បីពង្រីកម៉ាកយីហោ។ នៅពេលដែល លោកបើកដំណើរការ Macao Imperial Tea លោកបានចំណាយពេល២ ឆ្នាំដំបូង ដើម្បីពង្រីកបណ្តាញអ្នកទទួលសិទ្ធផ្តាច់មុខរបស់គាត់​ ពោលគឺធ្វើទីផ្សារឱ្យហ្វ្រេនឆាយ។ Avin Ong បាននិយាយថា តាមពិត វាជាយុទ្ធសាស្ត្ររបស់យើងមិនបើកសាខាក្រុមហ៊ុនច្រើនទេ ពីព្រោះយើងចង់ផ្តោតលើស្នូលនៃអាជីវកម្ម ដែលជាសិទ្ធិផ្តាច់មុខ

៥. ដឹងពីរបៀបគ្រប់គ្រងហានិភ័យដោយបង្កើតក្រុមល្អ

អាជីវកម្មដែលរីកចម្រើនយ៉ាងឆាប់រហ័សគឺជាអាជីវកម្មដែលប្រើប្រាស់ធនធានរបស់ពួកគេបានល្អបំផុត រួមទាំងទេពកោសល្យក្នុងការគ្រប់គ្រងផងដែរ​។​ ម្ចាស់យីហោ Macao Imperial Tea បានធានាថា នៅពេលដែលក្រុមហ៊ុនរបស់គាត់រីកចម្រើន គាត់បានដាក់មនុស្សត្រឹមត្រូវនៅក្នុងមុខតំណែងត្រឹមត្រូវនៅក្នុងរចនាសម្ព័ន្ធក្រុមហ៊ុន ដើម្បីពង្រឹងសមត្ថភាពគ្រប់គ្រងឱ្យកាន់តែរីកចម្រើន៕

តាមរយៈបទពិសោធន៍នៃភាពជោគជ័យ លោកបានចែករំលែកនូវទស្សនៈមួយចំនួនរបស់លោកក្នុងទស្សនាវដ្តី CEO យ៉ាងដូច្នេះថា យើងក្រីក្រខ្លាំងណាស់ កុមារភាពរបស់ខ្ញុំត្រូវបានចំណាយពេលនៅសាលារៀន ធ្វើការសម្រាប់ខ្លួនខ្ញុំឬធ្វើការសម្រាប់គ្រួសាររបស់ខ្ញុំជាប្រចាំ​ ដែលវា​បាន​បណ្តុះ​នូវសីលធម៌​ការងារ​ដ៏រឹងមាំ​នៅក្នុងខ្លួន​ខ្ញុំ ហើយខ្ញុំបាន​ដឹង​ថា​វា​មាន​អារម្មណ៍​យ៉ាង​ណា​ដែល​លំបាកក្រីក្រគ្មាន​អ្វីសោះ”៕

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia