ក្រុមហ៊ុន អេ.វី.ស៊ី អ៊ិនវេសម៉ិន ឯ.ក បានបោះទុនវិនិយោគគម្រោងកសិ-ឧស្សាហកម្មចម្រុះ តាមរបៀបសេដ្ឋកិច្ចចក្រា មានទីតាំងស្ថិតនៅឃុំពពក ស្រុកស្ទោង ខេត្ដកំពង់ធំ ខណៈគម្រោងនេះគ្រោងនឹងដំណើរការនៅខែមិថុនា ឆ្នាំ២០២៦ ខាងមុខ។
យោងតាមការចេញផ្សាយដោយទីស្ដីការគណៈរដ្ឋមន្ដ្រី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ បានឲ្យដឹងថា ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត និងប្រតិភូអមដំណើរ ក៏បានចុះពិនិត្យគម្រោងវិនិយោគផងដែរ។ ប្រភពដដែលបានបញ្ជាក់ថា គម្រោងកសិ-ឧស្សាហកម្មចម្រុះនេះ ក្រុមហ៊ុនបានបោះទុនវិនិយោគចំនួន ២៥ លានដុល្លារ លើផ្ទៃដី ៥៧ហិកតា។

សម្រាប់គម្រោងនេះមានសាងសង់រួមមាន រោងចក្រកែច្នៃដំឡូងមី (ម្សៅដំឡូងមី និងដំឡូងមីចំណិត) ហើយកាកសំណល់ពីការកែច្នៃនេះ អាចផលិតជាជីសរីរាង្គ និងចំណីសត្វ ព្រមទាំងឧស្ម័នសម្រាប់សម្ងួតដំឡូងមីវិញ និងសម្រាប់ផលិតថាមពលអគ្គិសនីពីជីវម៉ាស ដោយរួមបញ្ចូលគ្នាជាមួយនឹងខ្សែច្រវាក់ផលិតកម្មគ្រាប់ឈើ និងរោងចក្របង្កកផ្លែឈើជាដើម។
ក្នុងឱកាសនៃការចុះបំពេញបេសកកម្មនេះដែរ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានលើកទឹកចិត្ត និងជំរុញឱ្យក្រុមហ៊ុន អេ.វី.ស៊ី អ៊ិនវេសម៉ិន ឯ.ក ឱ្យធ្វើការសិក្សាពីការអនុវត្តល្អៗពីរោងចក្រ ឬក្រុមហ៊ុនផ្សេងទៀត ដែលកំពុងដំណើរការបានល្អ ព្រមទាំងធ្វើការសិក្សារៀបចំផែនការឡូជីស្ទិក និងការប្រើប្រាស់ប្រភពថាមពល ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម។

ទន្ទឹមនេះ ឯកឧត្តមក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យគិតគូរអំពីផងដែរ អំពីការប្រមូលទិញកសិផលពីសហគមន៍ និងប្រជាកសិករ តាមរយៈការធ្វើកសិកម្មតាមកិច្ចសន្យា (Contract Farming) ដោយរួមទាំងលទ្ធភាពនៃការផ្ដល់ទុនបង្វិល ពូជ និងបច្ចេកវិទ្យា ក្នុងការដាំដុះ ដើម្បីបង្កើនខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងស្រុក និងផលិតកម្មក្នុងស្រុក ក៏ដូចជាដើម្បីបង្កើនសមត្ថភាពនាំចេញផងដែរ។
គួរបញ្ជាក់ដែរថា ខេត្តកំពង់ធំ គឺជាខេត្តមួយដែលមានសក្តានុពលខ្ពស់ ក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម។ ជាក់ស្តែង បច្ចុប្បន្នខេត្តកំពង់ធំ មានផ្ទៃដីដំណាំដំឡូងមីប្រមាណជាង ៥៤ ០០០ ហិកតា ដោយទទួលបានទិន្នផលប្រមាណ ១,២លានតោន ក្នុង១ឆ្នាំ និងមានផ្ទៃដីដំណាំកៅស៊ូប្រមាណ ៧៣ ០០០ ហិកតាផងដែរ៕




