CEOម្នាក់ប្រាប់អ្នកអាយុក្រោម៣៦ឆ្នាំ មិនទាន់សល់អីក៏កុំភ័យអី បើសិនអាចធ្វើរឿងធំ៣នេះបានល្អ
ឡុង វឌ្ឍនៈJUNE 19 20236.5 K views

ការខំប្រឹងប្រែងរកប្រាក់ផ្គត់ផ្គង់ជីវភាព ឬកសាងទ្រព្យសម្បត្តិនៅក្នុងវ័យខ្ទង់២០ឆ្នាំ គឺជាអ្វីដែលមនុស្សភាគច្រើនកំពុងតែធ្វើយ៉ាងសកម្ម។ ទន្ទឹមនឹងនេះដែរ ការប៉ងប្រាថ្នាចង់បានការងារមួយ ដែលមានស្ថេរភាព ដែលអាចផ្ដល់នូវចំណូលមានស្ថេរភាព សម្រាប់ចិញ្ចឹមជីវិត ក៏ជាអ្វីដែលមនុស្សភាគច្រើនកំពុងតែប្រាថ្នាចង់បានផងដែរ។

នៅខណៈពេលដែលមនុស្សភាគច្រើនកំពុងគិតបែបនេះ ស្រាប់តែមាន CEO ម្នាក់គឺលោក  Eyal N. Danon គឺជាគ្រូបង្វឹកអំពីជីវិត ជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុម Ignite Advisory Group ព្រមទាំងជាអ្នកនិពន្ធសៀវភៅមួយក្បាលឈ្មោះថា The Principle of 18 បែរជាលើកឡើងថា សម្រាប់អ្នកដែលមានវ័យចន្លោះពី១៨-៣៦ឆ្នាំ ទោះបីមិនទាន់មានចំណូលច្រើន ឬមិនទាន់មានការងារដែលមានស្ថេរភាព ក៏មិនជាបញ្ហាអ្វីដែរ សំខាន់ឱ្យតែគាត់អាចធ្វើរឿងសំខាន់ៗមួយចំនួននេះបាន។

យោងតាមលោក Eyal N. Danon វ័យចន្លោះពីពេលកើតរហូតដល់វ័យ១៨ ឆ្នាំ វាគឺជាវ័យដែលមនុស្សត្រូវមានក្ដីសុបិនផ្សេងៗ។ ចំណែកឯវ័យ១៨ ទៅ៣៦ឆ្នាំ​ វាគឺជាវ័យក្នុងការរុករក ឬអាចនិយាយឱ្យងាយយល់ ជាវ័យដែលត្រូវខំប្រឹងរកឱ្យឃើញនូវអ្វីដែលជា ចំណង់ចំណូលចិត្តដ៏ងុបងល់របស់ខ្លួន និងការងារផ្សេងៗដែលគាត់ចាប់អារម្មណ៍ចង់ធ្វើ បើទោះបីជាពេលខ្លះ ការងារទាំងនោះមិនបានផ្ដល់ចំណូលច្រើនសម្រាប់គាត់ក៏ដោយចុះ។

មូលហេតុដែលលោកយល់ថា វ័យនេះមិនគួររត់ដេញតាមលុយ គួរហ៊ានប្រឈមហានិភ័យ សាកល្បងឱ្យច្រើន ព្រោះលោកយល់ថា មនុស្សនៅក្នុងវ័យនេះ បើទោះបីជាធ្វើអ្វីមួយបរាជ័យ ក៏គាត់មិនទាន់មានអ្វីដែលខាតបង់ធំពេកនោះដែរ ហើយនៅពេលដែល គាត់អាចរកឃើញអ្វីដែលជាគោលដៅជីវិតហើយនោះ គាត់អាចមានឱកាសរីកចម្រើនលឿនទ្វេដងលើអាជីព ចំណូល និងភាពសប្បាយរីករាយក្នុងជីវិត ក្រោយពេលដែលគាត់ផ្ដោតលើអ្វីដែលជាគោលដៅពិតរបស់ខ្លួន។

ជាដំបូន្មានរបស់លោក នៅចន្លោះវ័យ១៨ ទៅ៣៦ឆ្នាំ គប្បីធ្វើឱ្យបានរឿងសំខាន់ៗ៣យ៉ាងរួមមានដូចជា៖

១. គួរសាកល្បងការងារ ឬអាជីពផ្សេងៗ៣ជំនាញ

ដូចដែលបានជម្រាបខាងលើ ក្នុងវ័យនេះ លោកលើកទឹកចិត្តឱ្យប្រឡូកការងារ ឬអាជីពដែលយើងចាប់អារម្មណ៍យ៉ាងតិច ៣ ព្រោះវ័យនេះ គឺជាវ័យត្រូវស្វែងរកគោលដៅពិតរបស់ខ្លួនឯង ថាស្រលាញ់ចូលចិត្តអ្វីពិតប្រាកដ។

ឧ. ប្រសិនបើអ្នកមានក្ដីស្រមៃចង់ក្លាយជាតន្ត្រីករ អាចចាប់ផ្ដើមប្រឡូកវាឱ្យបានស៊ីជម្រៅ ដើម្បីរកឱ្យឃើញថាវាត្រូវនឹងអ្នកឬអត់។ ប្រសិនបើគិតថាមិនត្រូវទេ អ្នកអាចសាកល្បងអ្វីផ្សេងទៀតជាបន្តបន្ទាប់បាន។ ប៉ុន្តែសូមចាំថា ត្រូវខំរកគោលដៅឱ្យឃើញកាន់តែលឿនកាន់តែល្អ ព្រោះការសាកល្បងច្រើនពេក ក៏ធ្វើឱ្យអ្នកអាចខ្ជះខ្ជាយពេលវេលាផងដែរ។

២. ស្វែងរកអ្នកណែនាំ

អ្នកណែនាំមិនត្រឹមតែផ្តល់ដំបូន្មាន និងការតភ្ជាប់ឱកាសមួយចំនួនសម្រាប់អ្នកតែប៉ុណ្ណោះទេ ប៉ុន្តែគាត់ក៏អាចប្រាប់អ្នកអំពីរឿងគួរធ្វើ និងមិនគួរធ្វើ ព្រមទាំងអាជីពដែលមានសក្តានុពលនាពេលអនាគតផងដែរ។ អ្នកណែនាំដ៏ល្អបំផុត គឺបានចូលរួមយ៉ាងសកម្មក្នុងដំណើរការរបស់អ្នក ដោយផ្តល់ការលើកទឹកចិត្ត បំផុសគំនិត និងជូនដំណឹងផ្សេងៗដល់អ្នក។

៣. កុំខ្វល់ពីអ្វីដែលអ្នកដទៃគិតអំពីអ្នក

ពេលខ្លះការស្វែងរកក្តីសុបិនរបស់អ្នកទាមទារឱ្យអ្នកជឿជាក់លើខ្លួនឯង ហើយភ្លេចអំពីអ្វីដែលអ្នកដទៃគិតអំពីដំណើររបស់អ្នក។ សូមចងចាំថា ដោយសារតែអ្នកកំពុងដើរលើផ្លូវដែលខុសប្លែកពីគេ មិនមែនមានន័យថាអ្នកកំពុងសម្រេចចិត្តខុស ឬមិនខិតខំប្រឹងប្រែងនោះទេ។ មនុស្សជោគជ័យបំផុតហ៊ានប្រថុយប្រថាន ប្រឈមនឹងហានិភ័យផ្សេងៗ ហើយពួកគេហ៊ានធ្វើវាកាន់តែឆាប់ នោះគាត់ក៏នឹងសម្រេច គោលដៅកាន់តែឆាប់ផងដែរ។

ជារួមមកវិញ ប្រសិនបើអ្នកអាចចាប់យកឱកាស អាចកសាងសមត្ថភាព និងភាពរីកចម្រើនបានលឿនតាំងពីវ័យខ្ទង់ ២០ឆ្នាំ គឺជារឿងល្អបំផុត។ ប៉ុន្តែប្រសិនបើអ្នកមិនទាន់អាចរកចំណូលបានច្រើន ឬមិនទាន់មានការងារដែលមានស្ថេរភាពទេ ក៏កុំទាន់អស់សង្ឃឹមដែរ ប៉ុន្តែអ្នកគួរតែផ្ដោតលើរឿងសំខាន់ៗ៣យ៉ាងខាងលើ នោះអ្នកអាចនឹងទទួលបានភាពរីកចម្រើនលឿននាពេលអនាគតផងដែរ។

ត្រូវចាំថា ពេលខ្លះអ្នកចាប់ផ្ដើមយឺតជាងគេ ចំណាយពេលធ្វើរឿងអ្វីមួយយូរជាងគេ ប៉ុន្តែមិនមែនមានន័យថា ជីវិតអ្នកបរាជ័យនោះទេ ព្រោះខ្សែជីវិតមនុស្ស អាចឡើងពីសូន្យដល់ ១០០ បានក្នុងល្បឿន លឿនដូចផ្លេកបន្ទោរអ៊ីចឹងដែរ៕

P18 Cnbc Article

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia