មជ្ឈមណ្ឌលបច្ចេកវិទ្យា ATC សម្ពោធដាក់ដំណើរការកម្មវិធី ARC ដើម្បីផ្តល់ការគាំទ្រ ផ្នែកបច្ចេកទេស ហិរញ្ញវត្ថុ និងការប្រឹក្សាយោបល់ដល់សហគ្រិនធុរកិច្ចថ្មី
Ping Chou EngFEBRUARY 7 2024

មជ្ឈមណ្ឌលបច្ចេកវិទ្យានៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP Technology Center-ATC) បានរៀបចំព្រឹត្តិការណ៍សម្ពោធដាក់ឱ្យដំណើរការនូវកម្មវិធីពន្លឿនធុរកិច្ចថ្មី ARC (ARC Start-up Accelerator) ក្នុងគោលបំណងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស ហិរញ្ញវត្ថុ និងការប្រឹក្សាយោបល់ ដើម្បីជំរុញការបង្កើតនវានុវត្តន៍ដែលមានភាពប្រកួតប្រជែងដល់ក្រុមធុរកិច្ចថ្មី។

 

425919361 771207118392730 5527631826810434972 N

 

Photo 2024 02 07 08 58 11

 

កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អ្នកដឹកនាំធុរកិច្ច និស្សិត និងអ្នកពាក់ព័ន្ធសំខាន់ៗ មកពីវិ់ស័យធុរកិច្ចថ្មីជាច្រើនរូបទៀត នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។

 

Photo 2024 02 07 08 58 23 (2)

 

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា កម្មវិធីពន្លឿនធុរកិច្ចថ្មី ARC (ARC Start-up Accelerator) ជាកាតាលីករដ៏មានឥទ្ធិពល ដែលអាចផ្លាស់ប្តូរជោគវាសនាអាជីវកម្មដ៏ច្រើន ហើយនឹងជំរុញឱ្យពួកគេឆ្ពោះទៅរកគោលដៅជោគជ័យដែលមិនធ្លាប់ជួបពីមុនមក។

426053019 771206395059469 1569508239801754650 N

 

 

Photo 2024 02 07 08 57 59

 

ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា «កម្មវិធីពន្លឿនធុរកិច្ចថ្មី ARC ដែលមានរយៈពេល ៣ខែ អាចផ្តល់ការណែនាំអំពីអាជីវកម្មជាក់ស្តែងពីអ្នកជំនាញក្នុងវិស័យនេះ ផ្តល់នូវលទ្ធភាពប្រើប្រាស់ធនធានយ៉ាងសម្បូរបែប ដំណើរការផ្តល់មូលនិធិហិរញ្ញវត្ថុ និងកម្មវិធីអប់រំជាច្រើនទៀតសម្រាប់សហគ្រិនធុរកិច្ចថ្មី។ ការផ្តល់ធនធាន និងបណ្តាញដែលមានស្រាប់ នឹងជួយកាត់បន្ថយការចំណាយដើម និងបង្ខិតគម្រោងអាជីវកម្មរបស់សហគ្រិនធុរកិច្ចថ្មីឱ្យកាន់តែជិតទៅនឹងកំណើនសេដ្ឋកិច្ចដំបូងរបស់ពួកគេ។ ទន្ទឹមនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ការចាប់ផ្តើមអាជីវកម្មនៅកម្ពុជា។»

 

Photo 2024 02 07 08 57 59 (2)

 

នាឱកាសដ៏ឧត្តុង្គឧត្តមនេះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បង្ហាញភាពជឿជាក់ថា «ជាមួយនឹងការប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ក្រុមធុរកិច្ចថ្មី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងពង្រីកប្រព័ន្ធមួយដើម្បីជួយដល់ការជួយជ្រោមជ្រែងក្រុមធុរកិច្ចថ្មី ឱ្យមានសមត្ថភាព និងលទ្ធភាពប្រកួតប្រជែងលើកម្រិតតំបន់ រួមទាំងក្នុងព្រឹត្តិការណ៍សំខាន់ៗដូចជា ASEAN Digital Award ជាដើម។ លើសពីនេះ ក្រោមគោលនយោបាយរដ្ឋាភិបាលឌីជីថល យើងនឹងជំរុញយ៉ាងសកម្មនូវការចាប់ផ្ដើមអាជីវកម្មឌីជីថល តាមរយៈការបង្កើត និងពង្រឹងសេវាកម្មគាំទ្រ ការពង្រីកឱកាសទីផ្សារ និងជំរុញភាពជាដៃគូរ ព្រមទាំងរង្វាន់លើកទឹកចិត្តនានា»

 

Photo 2024 02 07 08 58 24

 

426011882 771206771726098 5187260695051847611 N

 

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចែករំលែកអំពីសមិទ្ធផលប្រកបដោយផ្លែផ្កានៃការខិតខំបង្កើត “ថ្នាលឌីជីថល verify.gov.kh” របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដែលបានឈ្នះមេដាយមាស លើផ្នែកដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈល្អបំផុតរបស់អាស៊ាន ឆ្នាំ២០២៤។

 

Photo 2024 02 07 08 58 23

 

តាមរយៈប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងរៀបចំវេទិការដ្ឋាភិបាលឌីជីថលនៅថ្ងៃទី ១១ និង ១២ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ ដែលនឹងមានការចូលរួមយ៉ាងសកម្មពីបណ្តុំសហគ្រិនធុរកិច្ច ដើម្បីបង្ហាញផលិតផលឌីជីថលរបស់ពួកគេ និងរួមចំណែកក្នុង វេទិកាពិភាក្សា ដើម្បីស្វែងយល់បន្ថែមអំពីបរិវត្តកម្មឌីជីថលនៃការផ្តល់សេវាសាធារណៈ និងផ្តល់ធាតុចូលដល់រាជរដ្ឋាភិបាល សំដៅបង្កើតបរិយាកាសទាក់ទាញការវិនិយោគនិងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមប្រកបដោយបរិយាបន្ន។

 

Photo 2024 02 07 08 58 22

 

ARC Start-Up Accelerator គឺជាកម្មវិធីពន្លឿនធុរកិច្ចថ្មី ដែលបង្កើតឡើងនៅ មជ្ឈមណ្ឌលបច្ចេកវិទ្យានៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដោយមានការសហការជាមួយ Red Team Partners Global និង ChainsAtlast Pte Ltd ។ កម្មវិធីពន្លឿនធុរកិច្ចថ្មីនេះ មានគោលបំណងប្រមូលផ្តុំសហគ្រិនធុរកិច្ចថ្មីមកពីជុំវិញពិភពលោក ដែលមានកម្ពុជាជាស្ថាបនិក និងផ្តល់ឱ្យពួកគេនូវការណែនាំ ការគាំទ្រផ្នែកបច្ចេកទេស ហិរញ្ញវត្ថុ និងបរិក្ខារទំនើបបំផុត ដើម្បីពង្រីកការចាប់ផ្តើមអាជីវកម្មរបស់ពួកគេ។

 

គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ “គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥” ដោយផ្តោតលើចក្ខុវិស័យ “ការកសាងរដ្ឋាភិបាលឌីជីថលដើម្បីលើកកម្ពស់គុណភាពជីវិត និងទំនុកចិត្តប្រជាពលរដ្ឋ តាមរយៈការបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ” ដែលមានយន្តការថ្នាក់ជាតិដឹកនាំ សម្របសម្រួល និងអនុវត្ត ដោយមានការរៀបចំគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល អង្គភាពទទួលបន្ទុកបរិវត្តកម្មឌីជីថល នៅតាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ការរៀបចំកញ្ចប់ថវិកាជាតិអាទិភាព និងការជ្រើសរើសមន្ត្រីជំនាញជាដើម៕

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia