ធនាគារ ABA គឺជាគ្រឹះស្ថានហិរញ្ញវត្ថុឯកជនឈានមុខមួយរបស់កម្ពុជា (សហគ្រាសឯកជន) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៦ មានឈ្មោះថា ធនាគារវឌ្ឍនៈ អាស៊ី ចំកាត់។ ឆ្លងកាត់ការអភិវឌ្ឍ និងកំណើនជាង២៥ឆ្នាំកន្លងមកនេះធនាគារ ABA បានពង្រឹងជំហររបស់ខ្លួនយ៉ាងរឹងមាំក្នុងទីផ្សារ និងបានក្លាយជាធនាគារមួយក្នុងចំណោមធនាគារពាណិជ្ជកំពូលទាំងបី នៅក្នុងប្រទេស។ សព្វថ្ងៃនេះ ABA មានបម្រើសេវាជូនដល់បណ្ដាអតិថិជនជាច្រើនដូចជា សហគ្រាសធុនតូច និងមធ្យម, អាជីវកម្មខ្នាតតូច, និងរូបវន្តបុគ្គល។
ថ្វីត្បិតតែមិត្តអ្នកអានភាគច្រើនបានស្គាល់ពីឈ្មោះ ធនាគារ ABA នេះក៏ពិតមែន ប៉ុន្តែប្រហែលជាមិនសូវមានមនុស្សច្រើនទេ ដែលស្គាល់ពីប្រវត្តិក្បាលម៉ាស៊ីនដឹកនាំដ៏សំខាន់ ដែលមានលោក Askhat Azhikhanov ជានាយកប្រតិបត្តិនៅឡើយនោះទេ។ តើ CEO ABA ជាអ្នកណា ធ្លាប់សិក្សា និងធ្វើការងារអ្វីខ្លះ មុនអាចកាន់តំណែងកំពូលដូចបច្ចុប្បន្នបាន?
លោក Askhat Azhikhanov បច្ចុប្បន្នជានាយកប្រតិបត្តិធនាគារ ABA ដែលលោកបានសិក្សារហូតទទួលបានសញ្ញាបត្របណ្ឌិត ផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យរដ្ឋកាហ្សាក់ស្ថាន សញ្ញាបត្របរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកធនាគារ និង ហិរញ្ញវត្ថុអន្ដរជាតិទទួលបានដោយកិត្តិយសពីសាលាពាណិជ្ជកម្ម Cass (ទីក្រុងឡុង ប្រទេសអង់គ្លេស)។
មិនត្រឹមតែប៉ុននេះនោះទេ លោកក៏ទទួលបាន សញ្ញាបត្របរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច ទទួលដោយកិត្តិយសពីបណ្ឌិតសភាគ្រប់គ្រងនៃរដ្ឋកាហ្សាស្ថាន។ លោកក៏មានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រផ្នែករុករកប្រេង និង ឧស្ម័ន ទទួលបានពីសាកលវិទ្យាល័យបច្ចេកទេសរដ្ឋកាហ្សាក់ស្ថាន ផងដែរ។ ពីឆ្នាំ១៩៩៨ ដល់ ឆ្នាំ ២០០១ លោកបានចូលបម្រើការងារ នៅធនាគារជាតិនៃកាហ្សាក់ស្ថាន ក្នុងតួនាទីជានាយកដ្ឋានគ្រប់គ្រងធនាគារ។
នៅក្នុងចន្លោះឆ្នាំ ២០០១ ដល់ឆ្នាំ២០០៥ លោកកាន់តំណែងជាអ្នកគ្រប់គ្រងនៅធនាគារ Halyk (កាហ្សាក់ស្ថាន)។ ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០០៨ លោកបានបម្រើការនៅ ក្រុមហ៊ុន Credit Suisse កាហ្សាក់ស្ថាន តំណែងជាប្រធានគ្រប់គ្រងទ្រព្យសកម្ម។ នៅក្នុងឆ្នាំ២០០៩ បានកាន់តំណែងជានាយកប្រតិបត្តិ នៃ Zhetisu Asset Management និង ជាទីប្រឹក្សានាយកប្រតិបត្តិនៅធនាគារ Temir ហើយបន្ទាប់ពីនោះ លោកបានចូលរួមជាមួយធនាគារ ABA ក្នុងខែកញ្ញា ឆ្នាំ២០០៩ រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ។
ជារួមមកវិញ កត្តាធនធានមនុស្ស គឺជាផ្នែកដ៏សំខាន់បំផុតមួយក្នុងការជួយធ្វើអាជីវកម្មឱ្យមានភាពរីកចម្រើន ព្រោះកាលណាក្រុមហ៊ុនមួយដែលមានធនធានមនុស្សខ្លាំងៗ ធ្វើឱ្យស្ថាប័នសម្បូរគំនិតច្នៃប្រឌិត ការបង្កើផលិតផល ឬសេវាកម្ម ក៏មានភាពលេចធ្លោខ្លាំងទៅតាមនោះផងដែរ៕


