នេះគឺជាបទពិសោធន៍ពិតរបស់អ្នកគ្រូបង្រៀនម្នាក់ឈ្មោះថា Ashley Alicea វ័យ ៣៣ ឆ្នាំដែលបានប្រែក្លាយជីវិតពីគ្រូបង្រៀនម្នាក់ដែលស្ទើរតែគ្មានលទ្ធភាពជួលបន្ទប់ស្នាក់នៅ ក្លាយជាបុគ្គលដែលមានស្ថេរភាពផ្នែកហិរញ្ញវត្ថុតាមរយៈយុទ្ធសាស្ត្រឆ្លាតវៃទាំង ៣ នេះ៖
១. បង្កើនចំណូលតាមរយៈចំណេះដឹង៖ យោងតាម CNBC អ្នកគ្រូ Ashley Alicea មានបំណុលជាប់ខ្លួន ៩២,០០០ ដុល្លារ។ ដោយសារពឹងលើប្រាក់ខែគ្រូបង្រៀនមិនអាចទប់នឹងបំណុលបាន Ashley Alicea បានសម្រេចចិត្តទាំងប្រថុលវិយោគលើចំណេះដឹង ដោយបន្តរៀនថ្នាក់អនុបណ្ឌិតផ្នែកប្រឹក្សាសុខភាពផ្លូវចិត្ត ដែលនាងទើបតែបញ្ចប់ការសិក្សានៅពាក់កណ្តាលឆ្នាំ ២០២៥ កន្លងទៅ។
ការវិនិយោគលើការសិក្សានេះបានបង្កើតឱកាសឱ្យនាងចាប់ផ្តើម "របរទីពីរ" ជាអ្នកប្រឹក្សាយោបល់ផ្នែកសុខភាពផ្លូវចិត្តតាមអនឡាញ ដែលទទួលបានកម្រៃរហូតដល់ ៥៥ ដុល្លារក្នុងមួយម៉ោង។ ជារៀងរាល់សប្តាហ៍ នាងចំណាយពេលត្រឹមតែ ៦ ទៅ ៨ ម៉ោងប៉ុណ្ណោះបន្ទាប់ពីម៉ោងបង្រៀន ដើម្បីទទួលប្រឹក្សាដល់អតិថិជន ដែលការងារនេះជួយឱ្យនាងរកចំណូលបន្ថែមបានប្រហែល ១,៥០០ ដុល្លារក្នុងមួយខែ។
២. វិន័យហិរញ្ញវត្ថុ និងការរស់នៅដ៏សាមញ្ញ៖ ទោះបីមានចំណូលខ្ពស់ នាងនៅតែរស់នៅដោយសន្សំសំចៃ ដោយជួលផ្ទះរដ្ឋក្នុងតម្លៃសមរម្យ។ នាងបានបង្វែរប្រាក់ចំណូលបន្ថែមទាំងអស់ទៅសងបំណុល ដើម្បីបញ្ចប់បំណុលក្នុងរយៈពេល ៤ ឆ្នាំ ជំនួសឱ្យការរង់ចាំការលើកលែងពីរដ្ឋដែលត្រូវចំណាយពេលដល់ ១០ ឆ្នាំ។ នាងបានរៀបរាប់ថា នាងចង់បញ្ចប់បន្ទុកនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីយកថវិកាទាំងនោះទៅវិនិយោគ និងកសាងទ្រព្យសម្បត្តិផ្ទាល់ខ្លួន។
៣. ប្រើប្រាស់វិបត្តិជាកម្លាំងរុញច្រាន៖ Alicea បានចាប់ផ្តើមយកចិត្តទុកដាក់លើបញ្ហាលុយកាក់ខ្លាំង បន្ទាប់ពីនាងបានឆ្លងកាត់ការបែកបាក់ស្នេហាមួយកាលពីប៉ុន្មានឆ្នាំមុន។ នាងបានចាប់ផ្តើមអានសៀវភៅ និងស្តាប់កម្មវិធីអប់រំផ្នែកហិរញ្ញវត្ថុ រហូតអាចបង្កើតកញ្ចប់ថវិកាបម្រុងសម្រាប់គ្រាអាសន្នចំនួន ៥,០០០ ដុល្លារ និងប្រាក់សន្សំក្នុងគណនីការប្រាក់ខ្ពស់ចំនួន ១០,០០០ ដុល្លារ៕


