ជាមោទនភាពថ្មីមួយសម្រាប់ប្រទេសកម្ពុជា នៅលើទឹកដីនៃសាធារណរដ្ឋបារាំង ខណៈដែលក្រុមប្រឹក្សាឃុំ Fère-en-Tardenois ស្ថិតក្នុងខេត្ត Aisne បានសម្រេចប្រសិទ្ធនាមសួនច្បារមួយនៃសាលាឃុំជាផ្លូវការថា «សួនច្បារ នរោត្តម សីហនុ» (Jardin Norodom Sihanouk)។ នេះបើយោងតាមសេចក្តីប្រកាសរបស់ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។
ការប្រសិទ្ធនាមនេះ មិនមែនជារឿងចៃដន្យឡើយ ប៉ុន្តែគឺជាការរំលឹកដល់ចំណងមិត្តភាពដ៏ជ្រាលជ្រៅ និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់។ ឃុំ Fère-en-Tardenois នេះគឺជាកន្លែងដែលបានរៀបចំជំនួបចរចាលើកដំបូងបំផុតក្នុងឆ្នាំ ១៩៨៧ រវាង ព្រះករុណា ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និង សម្តេចតេជោ ហ៊ុន សែន ដែលកាលនោះជានាយករដ្ឋមន្ត្រី។ ជំនួបនៅទីនោះគឺជាចំណុចចាប់ផ្ដើមដ៏សំខាន់នៃដំណើរការស្វែងរកសន្តិភាព និងការបង្រួបបង្រួមជាតិ ដែលនាំទៅដល់ការសម្រេចបាននូវ «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស» ឆ្នាំ១៩៩១។


គួរជម្រាបផងដែរថា ពិធីសម្ពោធសួនច្បារនេះជាផ្លូវការនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៨ ខែមករា ឆ្នាំ២០២៦ នៅឃុំ Fère-en-Tardenois ក្រោមអធិបតីភាពរបស់ សម្ដេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកព្រឹទ្ធសភាកម្ពុជា ក្នុងនាមជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះមហាក្សត្រ នាឱកាសនោះ៕



