បច្ចុប្បន្ន បេក្ខជនអត់ការងារធ្វើ ជាច្រើនកំពុងជួបវិបត្តិដូចៗគ្នា គឺ ការផ្ញើ CV រាប់សិបកន្លែង ឬរាប់រយអ៊ីមែល តែបាត់ដំណឹងសូន្យឈឹង គ្មានអ្នកហៅសម្ភាសន៍សូម្បីតែមួយ។ មនុស្សភាគច្រើនតែងតែគិតថា មកពីទីផ្សារការងារចង្អៀត គ្មានខ្នងបង្អែក ឬក្រុមហ៊ុនមិនត្រូវការបុគ្គលិក។ ប៉ុន្តែជាក់ស្តែង នៅក្នុងដំណើរការរើសបុគ្គលិក នាយកដ្ឋានធនធានមនុស្ស ចំណាយពេលត្រឹមតែ ៦ ទៅ ១០ វិនាទីប៉ុណ្ណោះ ក្នុងការមើល CV មួយសន្លឹក។ ប្រសិនបើ CV របស់អ្នកមិនទាក់ទាញ ឬមានចំណុចខុសឆ្គង វានឹងត្រូវគេទម្លាក់ចោលភ្លាមៗ។ ដូច្នេះទាំងនេះជា ៤ ចំណុចធំៗ ដែលអ្នកត្រូវត្រួតពិនិត្យ និងកែប្រែជាបន្ទាន់៖
១.CV មួយស្លឹក ផ្ញើគ្រប់ក្រុមហ៊ុន៖ នេះជាកំហុសឆ្គងធំបំផុត ដែលបេក្ខជនភាគច្រើនប្រព្រឹត្ត។ ការប្រើប្រាស់ CV តែមួយទម្រង់ ដើម្បីដាក់ពាក្យគ្រប់មុខតំណែង និងគ្រប់ក្រុមហ៊ុន ធ្វើឲ្យ HR ដឹងភ្លាមថាអ្នកមិនបានយកចិត្តទុកដាក់លើតម្រូវការរបស់ក្រុមហ៊ុនគេឡើយ។ ហើយជំនាញដែលអ្នកដាក់ក្នុង CV អាចមិនត្រូវនឹងអ្វីដែលគេកំពុងស្វែងរក។ ជាដំណោះស្រាយ អ្នកត្រូវ កែសម្រួល CV ទៅតាមការងារនីមួយៗ ដោយអាន Job Description ឲ្យបានល្អិតល្អន់ រួចទាញយក Keywords (ពាក្យគន្លឹះ) សំខាន់ៗពីការប្រកាសរើស នោះ មកដាក់ចូលក្នុង CV របស់អ្នក ដើម្បីឲ្យត្រូវនឹងអ្វីដែលក្រុមហ៊ុនត្រូវការ។
២.សរសេររៀបរាប់តែតួនាទីតែគ្មានលទ្ធផលជាក់ស្តែង៖ ការសរសេរថា ទទួលខុសត្រូវលើការងារ នានា មិនបានធ្វើឲ្យអ្នកលេចធ្លោជាងបេក្ខជនដទៃឡើយ។ ព្រោះ HR មិនចង់ដឹងត្រឹមតែអ្វីដែលអ្នក ធ្លាប់ធ្វើ នោះទេ ប៉ុន្តែគេក៏ចង់ដឹងថាអ្នកធ្វើវាបាន ល្អកម្រិតណាដែរ។ ដូច្នេះ ត្រូវប្តូរការសរសេរមកជា លទ្ធផលដែលអាចវាស់វែងបាន ដោយប្រើប្រាស់លេខ ឬភាគរយ។ ឧទាហរណ៍ បើទម្រង់ចាស់ សរសេរថា ទទួលខុសត្រូវលើការលក់ និងទាក់ទងអតិថិជន ដូច្នេះទម្រង់ថ្មីត្រូវកែទៅជា បង្កើនការលក់បាន ១៥% ក្នុងរយៈពេល ៦ ខែ និងទាក់ទាញអតិថិជនថ្មីបានជាង ៥០ នាក់។
៣.ទម្រង់ CV ញ៉េរញ៉ៃ រៀបចំមិនមានប្រព័ន្ធ ឬពិបាកអាន៖ កត្តា visual មានឥទ្ធិពលខ្លាំងណាស់ក្នុងការទាក់ទាញខ្សែភ្នែករបស់ HR។ ព្រោះបើ CV វែងពេក (លើសពី ២ ទំព័រសម្រាប់ Junior Level) ហើយប្រើប្រាស់ពុម្ពអក្សរច្រើនប្រភេទ ប្រើពណ៌ឆើតឆាយពេក ឬមានកំហុសអក្ខរាវិរុទ្ធ ក៏ជាបញ្ហាប្រឈមមួយផងដែរ។ ដូចនេះ ដំណោះស្រាយ ត្រូវរៀបចំ CVឲ្យមានរបៀប រៀបរយ និងមានភាពសាមញ្ញ។ ប្រើប្រាស់ Font ស្តង់ដារ (ដូចជា Arial, Calibri, Khmer OS) និងទំហំសមរម្យ។ រៀបចំបទពិសោធន៍ពី ថ្មីបំផុត ទៅចាស់។ ត្រួតពិនិត្យអក្ខរាវិរុទ្ធឲ្យបាន ១០០% មុននឹង Export ជាឯកសារ PDF។
៤.ផ្ញើ អ៊ីមែល គ្មានវិជ្ជាជីវៈ៖ ពេលខ្លះ CV របស់អ្នកល្អឥតខ្ចោះ ប៉ុន្តែរបៀបដែលអ្នកផ្ញើអ៊ីមែលទៅកាន់ HR គឺជាអ្នកសម្លាប់ឱកាសខ្លួនឯង។ ការផ្ញើអ៊ីមែលដោយគ្មានចំណងជើង ប្រើប្រាស់ឈ្មោះ អ៊ីមែល ក្មេងលេង (ឧទាហរណ៍៖ coolboy123@gmail.com) ឬផ្ញើតែឯកសារភ្ជាប់ (Attachment) ដោយគ្មានសរសេរអត្ថបទគួរសមនៅក្នុង Cover Letter/Email Body សូម្បីមួយម៉ាត់។ ដូច្នេះដំណោះស្រាយត្រូវប្រើប្រាស់ឈ្មោះ អ៊ីមែល ផ្លូវការ (ឧទាហរណ៍៖ sok.dara@gmail.com)។ សរសេរ Subject ឲ្យច្បាស់លាស់ដូចជា ឈ្មោះមុខតំណែង ឈ្មោះរបស់អ្នក (ឧទាហរណ៍៖ Application for Marketing Executive - Sok Dara)។ សរសេរការរាប់អាន និងសង្ខេបខ្លីៗពីសមត្ថភាពរបស់អ្នកនៅក្នុង Email Body មុននឹង Attach CV។
គួរបន្ថែមផងដែរថា ការដាក់ CV មិនមែនជាការប្រកួតប្រជែងលើ បរិមាណនោះទេ ប៉ុន្តែជាការប្រកួតប្រជែងលើ គុណភាព។ ការផ្ញើ CV ដែលមានគុណភាព និងត្រូវចំគោលដៅចំនួន ៥ កន្លែង មានប្រសិទ្ធភាពជាងការផ្ញើ CV ញ៉េរញ៉ៃចំនួន ៥០ កន្លែង។ ចូលផ្ដើមកែប្រែ CV របស់អ្នកនៅថ្ងៃនេះ ដើម្បីបើកទ្វារឱកាសការងារថ្មី!


