វាជារឿងដែលគួរឱ្យភ្ញាក់ផ្អើលមែនទែន ដោយត្រឹមតែរយៈពេល២ថ្ងៃប៉ុណ្ណោះ ក្រុមហ៊ុន Apple បានខាតបង់ប្រាក់ប្រហែល ២០០ពាន់លានដុល្លារឯណោះ ក្រោយមានបញ្ហានៅក្នុងប្រទេសចិន ដែលជាទីផ្សារដ៏ធំបំផុតសម្រាប់ផលិតផលនៃក្រុមហ៊ុនរបស់ខ្លួន។ គិតត្រឹមថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ តម្លៃហ៊ុនរបស់ក្រុមហ៊ុន Apple បានធ្លាក់ចុះចំនួន ៥.៣៥ដុល្លារ ឬស្មើនឹង ២.៩២% នៅសល់ត្រឹម ១៧៧.៥៦ដុល្លារ ក្នុងមួយហ៊ុន។
ប្រភពពី CNN បានឱ្យដឹងថា មូលហេតុដែលធ្វើឱ្យក្រុមហ៊ុនបច្ចេកវិទ្យាខា្នតធំដូចជា Apple រងការខាតបង់ភ្លាមៗបែបនេះ គឺដោយសារតែ ចិនគ្រោងនឹងពង្រីកការហាមឃាត់ការប្រើប្រាស់ iPhone ដល់ភ្នាក់ងារ និងក្រុមហ៊ុនដែលគាំទ្រដោយរដ្ឋាភិបាល។ មិនតែប៉ុណ្ណោះការហាមឃាត់នេះក៏ធ្វើលើក្រុមហ៊ុនថាមពលយក្ស PetroChina ដែលផ្ដល់ការងារដល់កម្មកររាប់រយលាននាក់ និងគ្រប់គ្រងផ្នែកដ៏ធំនៃសេដ្ឋកិច្ចចិនផងដែរ។
ប្រទេសចិនគឺជាទីផ្សារបរទេសដ៏ធំបំផុតមួយសម្រាប់ផលិតផលរបស់ Apple ហើយកាលពីឆ្នាំមុនការលក់នៅក្នុងប្រទេសចិនគឺស្មើនឹងមួយភាគប្រាំនៃចំណូលសរុបរបស់ក្រុមហ៊ុននេះ។ ទន្ទឹមនឹងនោះអ្នកវិភាគនៅក្រុមហ៊ុនស្រាវជ្រាវ TechInsights បានប៉ាន់ប្រមាណថា កាលពីត្រីមាសមុន មានការលក់ iPhone នៅប្រទេសចិនច្រើនជាងនៅសហរដ្ឋអាមេរិកទៅទៀត ហើយ Apple ក៏មានផលិត ទូរស័ព្ទ iPhone ភាគច្រើននៅក្នុងរោងចក្រចិនផងដែរ។
អ្នកវិភាគនៅធនាគារ Bank of America បានលើកឡើងថា «ការហាមប្រាម iPhone អាចកើតឡើងដោយសារតែ ក្រុមហ៊ុន Hauwei របស់ចិន កំពុងបញ្ចេញស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនដែរ»។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលអាមេរិកបានបង្ហើបថា ខ្លួនកំពុងស៊ើបអង្កេតលើការផលិតស្មាតហ្វូនស៊េរីថ្មី។
គួរជម្រាបផងដែរថា ក្រុមហ៊ុន Apple គ្រោងនឹងដាក់សម្ពោធចេញលាក់ជាផ្លូវការនៃស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនគឺ iPhone15 នឹងប្រារព្ធឡើងនៅថ្ងៃទី ១២ ឈានចូលថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៣ វេលាម៉ោង ១២:00 យប់ សម្រាប់ប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះដែរ ព្រឹត្តិការណ៍នេះនឹងត្រូវបានផ្សាយបន្តផ្ទាល់នៅលើគេហទំព័ររបស់ Apple ប៉ុស្តិ៍ YouTube ផ្លូវការរបស់ខ្លួន និងតាមរយៈកម្មវិធី Apple TV នៅលើ iPhone, iPad, Mac និង Apple TV៕
អត្ថបទដោយ៖ សូ សុខលី