របរកសិកម្មគឺជារបរដ៏មានសក្តានុពលមួយសម្រាប់ប្រជាជនកម្ពុជា ខណៈបច្ចុប្បន្នមានប្រជាកសិករជាច្រើនបាននឹងកំពុងចាប់យករបរនេះសម្រាប់ជារបររកប្រាក់ចំណូលចិញ្ចឹមគ្រួសារ ហើយក៏មានប្រជាកសិករមួយចំនួនទៀតក៏បានចាប់អារម្មណ៍និងចង់សាកល្បងប្រកបរបរនេះ ប៉ុន្តែបែរជាមិនមានចំណេះដឹងទាក់ទងនឹងការធ្វើ មិនដឹងថាត្រូវទៅសួរបច្ចេកទេសដាំដុះ ការថែទាំពីអ្នកណា ដូច្នេះនៅក្នុងថ្ងៃនេះ Business Cambodia នឹងធ្វើការណែនាំនូវកម្មវិធី៣ ដែលមានឯកសារនិងវីដេអូបង្រៀនចិញ្ចឹមសត្វ ដាំដំណាំដោយឥតគិតថ្លៃ អ្នកណាក៏អាចរៀនបាន ៖
១. App Chamka៖ នេះជាកម្មវិធីទូរសព្ទថ្មីមួយដែលត្រួវបានបង្កើតឡើងក្នុងគោលបំណងជួយសម្រួលដល់ការដាំដុះ ផ្ដល់ចំណេះដឹង ក៏ដូចជាបច្ចេកទេសកសិកម្មថ្មីៗដល់បងប្អូនកសិករនៅទូទាំងប្រទេស។ដូច្នេះសម្រាប់បងប្អូនដែលមានបំណងចង់ប្រកបរបរកសិកម្ម ប៉ុន្តែជំនាញនៅស្ទើរ ឬក៏បងប្អូនប្រជាកសិករដែលកំពុងតែជួយប្រទះនូវបញ្ហាដំណាំដូចជា សត្វល្អិត ធ្វើមិនសូវបានផល ឬ ជួបប្រទះបញ្ហាផ្សេងៗអាចដោនឡូតអេប ចំការ ដើម្បីសិក្សាបន្ថែមឬក៏ធ្វើការសាកសួរទៅអ្នកជំនាញអំពីបច្ចេកទេសបានផងដែរ។

២.កម្មវិធី “GDAHP MAFF”៖ គឺជាកម្មវិធីសម្រាប់ផ្សព្វផ្សាយ វីឌីអូបច្ចេកទេស សៀវភៅបច្ចេកទេស និងឯកសារគតិយុត្តពាក់ព័ន្ធនឹងវិស័យសុខភាពសត្វ និងផលិតកម្មសត្វ។តាមរយៈកម្មវិធីវ័យឆ្លាតមួយនេះ មានទូរស័ព្ទមួយគ្រឿងគឺបងប្អូនអាចរៀនពីបច្ចេកទេសចិញ្ចឹមចិត្ដ ការព្យាបាលជំងឺ បច្ចេកទេសដាំដំណាំគ្រប់ប្រភេទ តាមតែបងប្អូនត្រូវការ ដោយមិនបាច់ចំណាយថវិកានោះទេ។ ដូច្នេះបងប្អូនមិនចាំបាច់ទៅរៀននៅឯណាឆ្ងាយពីផ្ទះទៀតនោះទេ មានតែកម្មវិធីនេះមួយរៀនបានងាយស្រួលទៅទីណា កន្លែងណាក៏អាចរៀនបាន ជាមួយនឹងការបង្ហាញច្បាស់ៗ។
ចំពោះកម្មវិធីទូស័ព្ទឆ្លាតវៃដែលមានឈ្មោះថា GDAHP MAFF នេះ មិនត្រឹមតែផ្ដល់ជា វីឌីអូបច្ចេកទេស សៀវភៅបច្ចេកទេស និងឯកសារគតិយុត្តពាក់ព័ន្ធនឹងវិស័យសុខភាពសត្វ និងផលិតកម្មសត្វតែប៉ុណ្ណោះនោះទេ វាក៏ជាកម្មវិធីមួយដែលអាចអ្នកផ្ដល់ពត៌មានពីសកម្មភាពរបស់ថ្នាក់ដឹកនាំ និងការគ្រប់គ្រងព័ត៌មានទូទៅរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។

៣. Tonlesap App៖ កម្មវិធីត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយនិងផ្តល់អត្ថប្រយោជន៍ដល់អ្នកធ្វើកសិកម្មទាំងអស់ពី ចំណេះដឹងបច្ចេកទេសកសិកម្មដូចជា ការដាំដំណាំស្រូវ ដំឡូងមី ដំណាំសាកវប្បកម្ម ការចិញ្ចឹមមាន់ទា ត្រី ជ្រូក គោ ជាដើម ។ល។ ក្រៅពីជួយដោះស្រាយបញ្ហាហើយនោះ កម្មវិធីមួយនេះក៏បានដើរតួនាទីជាអ្នកភ្ជាប់ទំនាក់ទំនង រវាងអ្នកទិញនិងអ្នកផ្គត់ផ្គង់ (ទាំងអ្នកលក់រាយ និង អ្នកលក់ដុំ) សំរាប់ការទិញ-លក់ផលិតផលកសិកម្ម នានាដូចជា បន្លែជាដើម។
ហេតុដូច្នេះសម្រាប់បងប្អូនប្រជាកសិករដែលមានចម្ងល់ក្នុងការធ្វើកសិកម្ម ដាំបន្លែ ឬ ចិញ្ចឹមសត្វអាចសួរនៅក្នុងអេបនេះបាន ដោយមានការបង្ហាញប្រាប់ច្បាស់ៗ ហើយក្រោយពីដាំនិងចិញ្ចឹមបានផលបងប្អូនក៏អាចយកមកដាក់លក់វិញនៅលើកម្មវិធីនេះបានដូចគ្នា៕



