នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ នេះ នាយករដ្ឋមន្ដ្រីប្រទេសម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៊ីម បានជួបពិភាក្សាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទាក់ទងនឹងជម្លោះព្រំដែនកម្ពុជា-ថៃជាថ្មី។ ក្រោយជួបជាមួយលោក ដូណាល់ ត្រាំ រួច នាយករដ្ឋមន្ដ្រីរូបនេះ ក៏បានសន្ទនាតាមទូរស័ព្ទដាច់ដោយឡែក ជាមួយនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ លោក អានុទីនផងដែរ។
យោងតាមការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅមុននេះបន្ដិច លោក អាន់វ៉ា អ៉ីប្រាហ៊ីម បានសរសេរយ៉ាងដូច្នេះថា «បន្ទាប់ពីកិច្ចពិភាក្សារបស់ខ្ញុំជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald J. Trump) និងដោយមើលឃើញពីភាពតានតឹងដែលបន្តកើតមាននៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ខ្ញុំបានធ្វើការហៅទូរស័ព្ទដាច់ដោយឡែកពីគ្នា ទៅកាន់នាយករដ្ឋមន្ត្រីនៃប្រទេសថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) និងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
ក្នុងអំឡុងពេលនៃការផ្លាស់ប្តូរយោបល់ទាំងនេះ ខ្ញុំបានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងរបស់ប្រទេសម៉ាឡេស៊ីចំពោះស្ថានការណ៍នេះ ហើយបានអំពាវនាវឱ្យភាគីទាំងពីររក្សាភាពអត់ធ្មត់ឱ្យបានខ្ពស់បំផុត បញ្ឈប់រាល់ទម្រង់នៃអរិភាព និងចៀសវាងរាល់សកម្មភាពយោធាបន្ថែមទៀត រួមទាំងការប្រើប្រាស់កម្លាំង ឬការចល័តកងកម្លាំងប្រដាប់អាវុធទៅមុខ ដោយចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៥ វេលាម៉ោង ២២:០០តទៅ។
ដើម្បីគាំទ្រដល់ការកាត់បន្ថយភាពតានតឹង និងលើកកម្ពស់តម្លាភាព ខ្ញុំបានស្នើសុំឱ្យមានការដាក់ពង្រាយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលដឹកនាំដោយមេបញ្ជាការកងទ័ពម៉ាឡេស៊ី ដើម្បីឃ្លាំមើលការវិវត្តនៃស្ថានការណ៍នៅទីតាំងផ្ទាល់។ បេសកកម្មនេះ នឹងត្រូវបានបំពេញបន្ថែមដោយសមត្ថភាពឃ្លាំមើលតាមផ្កាយរណបដែលផ្តល់ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលនឹងចាប់ផ្តើមក្នុងពេលតែមួយ។
លទ្ធផលដែលរកឃើញពីការឃ្លាំមើលតាមផ្កាយរណប និងការសង្កេតនៅទីតាំងផ្ទាល់ នឹងត្រូវបានចងក្រងដោយក្រុម AOT ហើយបង្ហាញនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃអង្គារ ទី១៦ ខែធ្នូ។ របាយការណ៍នេះនឹងផ្តល់នូវការរៀបរាប់ដោយវត្ថុវិស័យ (ឥតលំអៀង) អំពីស្ថានភាព រួមទាំងទីតាំងរបស់ភាគីទាំងពីរ ដើម្បីផលប្រយោជន៍នៃគណនេយ្យភាព ការកសាងទំនុកចិត្ត និងការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។
ប្រទេសម៉ាឡេស៊ីនៅតែប្តេជ្ញាចិត្តក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអាស៊ាន និងសហគមន៍អន្តរជាតិ ដើម្បីធានាថា កិច្ចសន្ទនា ការអត់ធ្មត់ និងការទូត នឹងមានជ័យជំនះ៕



