ជាធម្មតាយើងធ្លាប់តែឃើញគេឡាយលក់ឡេ លក់ខោអាវ លក់គ្រឿងអេឡិចត្រូនិច លក់ស្បែកជើងតាមអនឡាញប៉ុណ្ណោះ។ ប៉ុន្តែចម្លែកអ្វីគឺមានស្រ្តីខ្លាំងមួយរូបគឺអ្នកស្រី ខន រដ្ឋា បែរជាងាកមកចាប់អាជីវកម្មលក់ពេជ្រតាមអនឡាញរហូតធ្វើឱ្យអ្នកស្រីអាចបើកហាងពេជ្រធំ១ នៅទីក្រុងភ្នំពេញ។
អ្នកស្រី ខន រដ្ឋា បច្ចុប្បន្នគឺជាម្ចាស់ហាងពេជ្រ ANON Diamond ហាងពេជ្រ អនន្ត ដែលធ្លាប់រកស៊ីបរាជ័យជាច្រើនលើកជាច្រើនសារ តែមិនខ្ចីចុះចាញ់ជាមួយព្រហ្មលិខិត មិនខ្ចីបាក់ទឹកចិត្តហ៊ានក្រោកឡើងម្តងទៀត រហូតអាចប្រែក្លាយជាថៅកែហាងពេជ្រវ័យក្មេង១រូបផងដែរ។
នៅក្នុងបទសម្ភាសន៍ជាមួយ Business Cambodia អ្នកស្រី ខន រដ្ឋា ដែលបច្ចុប្បន្នគឺជាម្ចាស់ហាងពេជ្រ ANON Diamond ហាងពេជ្រ អនន្ត បានឱ្យដឹងថា អ្នកស្រីជាកូនអ្នកខេត្តដែលមកពីខេត្តកំពង់ចាម ហើយបន្ទាប់ពីរៀបការរួចក្នុងឆ្នាំ២០១៦ អ្នកស្រីបានឡើងមករស់នៅភ្នំពេញជាមួយស្វាមី។
និយាយបណ្តើរញញឹមបន្តិចបណ្តើរ អ្នកស្រីក៏បានបង្ហើបទៀតថា អ្នកស្រីជាមនុស្សម្នាក់ដែលធ្លាប់តែនៅខេត្តហើយរកស៊ីបន្តិចបន្តួចនៅខេត្តប៉ុណ្ណោះ ដូច្នេះកាលមករស់នៅភ្នំពេញដំបូងៗពិតជាពិបាកខ្លាំងណាស់ព្រោះយើងមិនស្គាល់ភូមិសាស្រ្តភ្នំពេញច្បាស់ ចំណែកការចង់ចាប់ផ្តើមអាជីវកម្មវិញក៏ពិបាកព្រោះមិនដឹងរកស៊ីអ្វីពេលមកនៅភ្នំពេញដំបូងៗ។
ក្រោយពីបានពិភាក្សាជាមួយគ្រួសារមកអ្នកស្រីបានមកបើកហាងបោកគួកសម្លៀកបំពាក់មួយកន្លែងនៅម្តុំសាលាវ៉ាន់ដា នៅអំឡុងឆ្នាំ២០១៦នោះ ហាងបោកគួករបស់អ្នកស្រីគឺគ្មានអតិថិជនយកសម្លៀកបំពាក់មកបោកគួកទេពោលគឺស្ងប់ស្ងាត់ខ្លាំងមែនទែន ជួនកាលហេតុតែចង់បានភ្ញៀវពេកអ្នកស្រីជិះម៉ូតូទៅយកខោអាវដល់ផ្ទះអតិថិជនក៏មានដែរ។
កូនអ្នកកំពង់ចាមរូបនេះបានបន្តទៀតថា ខំប្រឹងប៉ិនហ្នឹងហើយទីបំផុតហាងបោកគួកសម្លៀកបំពាក់របស់អ្នកស្រីក៏នៅតែគ្មានភ្ញៀវទៀត រហូតធ្វើឱ្យអ្នកស្រីបរាជ័យអាជីវកម្មមួយនេះខាតលុយអស់ប្រមាណជាង ៥ពាន់ដុល្លារ។ បើទោះបីជាបរាជ័យម្តងហ្នឹងហើយក៏អ្នកស្រីមិនខ្ចីចុះចាញ់ដែរ ដោយអ្នកស្រីបានចាប់ផ្តើមចង់ឡាយលក់ខោអាវវិញម្តងតែបើក្រឡេកមកមើលខ្លួនឯងវិញអ្នកស្រីគ្មានភាពក្លាហានក្នុងការឡាយទេដូចនេះហើយទើបអ្នកស្រីសម្រេចមិនលក់ខោអាវឡើយ។
ថៅកែស្រីហាងពេជ្រអនន្ន បានបន្តថា បន្ទាប់ពីឃើញខ្លួនឯងមិនទាន់ច្បាស់លាស់អ្វីមួយអ្នកស្រីក៏ត្រឡប់ទៅធ្វើការជាមួយស្វាមីព្រោះស្វាមីរបស់អ្នកស្រីជាអ្នករកស៊ីម្នាក់ដែរ ដោយកាលទៅធ្វើការជាមួយស្វាមីនោះទោះបីជាប្តីប្រពន្ធគ្នាក៏ដោយតែអ្នកស្រីចូលទៅធ្វើការក្នុងឋានៈជាកូនចៅប៉ុណ្ណោះដែលទទួលបានប្រាក់ខែចំនួន ១០០ដុល្លារ ធ្វើការបាន ៤ឆ្នាំអ្នកស្រីក៏ចាប់ផ្តើមគិតចង់មានមុខរបរផ្ទាល់ខ្លួនព្រោះអ្នកស្រីមិនចង់ធ្វើការយូរពេកនោះឡើយ បែបនេះហើយទើបអ្នកស្រីបានសម្រេចចិត្តទៅរៀនមើលពេជ្រដើម្បីឱ្យឱ្យបានស្គាល់ពីពេជ្រ និងចេះមើលពេជ្រប្រភេទអ្វីបានយ៉ាងច្បាស់លាស់ អ្នកស្រីក៏បានទៅរៀនពីការដាំពេជ្របន្ថែមទៀតផងដែរ ក្រោយពីដឹងថាខ្លួនឯងរៀនទាក់ទងជាមួយពេជ្របានចេះយ៉ាងស្ទាត់ជំនាញហើយទើបអ្នកស្រីបានសម្រេចចិត្តឡាយលក់ពេជ្រតាមអនឡាញតែម្តង។
អ្នកស្រី ខន រដ្ឋា បានសង្កត់ធ្ងន់ថា ចំពោះមុខរបរលក់ពេជ្រនេះគឺអ្នកស្រីបានបើកហាងលក់ជាផ្លូវក្នុងការក្នុងឆ្នាំ២០២០ ហើយចំពោះរបរលក់ពេជ្រនេះគឺអ្នកស្រីមានគោលដៅច្បាស់ជាមួយនឹងរបរនេះ ព្រោះលោកស្រីចង់មានរបរមួយទុកបន្សល់ឱ្យកូនៗរបស់អ្នកស្រី ដូចនេះទើបអ្នកស្រីចាប់យករបរលក់ពេជ្រនេះដោយផ្តើមចេញពីការលក់តាមអនឡាញប៉ុណ្ណោះ ហើយអតិថិជនដែលគាំទ្រនឹងជួយទិញពេជ្រដំបូងៗគឺផ្តើមចេញពីអ្នកជុំវិញខ្លួន ក៏ដូចអ្នកស្គាល់ស្វាមីរបស់អ្នកស្រី។ បន្ទាប់ពីគ្រប់គ្នាបានទិញពេជ្រពីលោកស្រីមកគេឃើញថាពេជ្រនីមួយៗមានគុណភាពល្អ បែបនេះគេតែងតែអួតប្រាប់គ្នាពីមាត់មួយទីមាត់មួយ រហូតធ្វើឱ្យអ្នកស្រីមានអតិថិជនគាំទ្រហាងពេជ្រកាន់តែច្រើនរហូតធ្វើឱ្យអ្នកស្រីអាចប្តូរពីអ្នកលក់ពេជ្រតាមអនឡាញ ក្លាយជាម្ចាស់ហាងពេជ្រមួយកន្លែងនៅក្បែរផ្សារទំនើបអ៊ីអន២។
សូមបញ្ជាក់ថា ហាងពេជ្រ ANON Diamond ហាងពេជ្រ អនន្ត របស់អ្នកស្រី ខន រដ្ឋា គឺមានលក់ពេជ្រតែមួយប្រភេទប៉ុណ្ណោះគឺប្រភេទពេជ្រធម្មជាតិ ចំណែកឯផ្លាកទីនវិញក៏មានលក់តែ១ប្រភេទដូចគ្នាគឺផ្លាកទីនទឹក ៧កន្លះ។ លើសពីនេះនៅទៀតចំពោះលោក លោកស្រីដែលចង់ទៅមើលពេជ្រនៅហាងរបស់គាត់គឺបុគ្គលិកចាំស្វាគមន៍ជានិច្ច មិនថាទៅចង់មើលសិន ឬទៅទិញនោះទេគឺបានទាំងអស់ ដោយលោកអ្នកអាចជិះទៅហាងពេជ្ររបស់គាត់ដែលមានទីតាំង នៅជាប់ផ្សាទំនើបអ៊ីអន0២ ក្នុងបុរីដឺព្រេមៀរលែនសែនសុខ ផ្ទះលេខ58 ផ្លូវ Avenue D (ផ្ទះកញ្ចក់ពណ៌មាស) ឬធ្វើការទំនាក់ទំនងទៅកាន់លេខ 096 660 0909 ៕
អត្ថបទ៖ ធី ស្រីល័ក្ខ