នៅពាក់កណ្ដាលឆ្នាំ២០២៤ ខាងមុខនេះ ខេត្ដសៀមរាបនឹងមានកីឡដ្ឋានស្ដង់ដារមួយ ដែលបង្កើតឡើងដោយក្លិបបាល់ទាត់ អង្គរ ថាយហ្គឺរ (Angkor Tiger Football Club) ដែលបច្ចុប្បន្នកំពុងលេងនៅក្នុងលីគកំពូលកម្ពុជា (Cambodian Premier League)។
ជាក់ស្ដែងកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ក្លិបបាល់ទាត់ អង្គរ ថាយហ្គឺរ និង ក្រុមហ៊ុន Fuxin Steel Buildings ដែលជាអ្នកម៉ៅការសាងសង់បានធ្វើការចុះហត្ថលេខាអនុស្សរណៈនៃ ការសាងសង់កីឡដ្ឋានថ្មីនេះផងដែរ។ ដោយពិធីចុះហត្ថលេខានេះ គឺមានការអញ្ជើញចូលរួមពី លោក Kang Sen នាយកគ្រប់គ្រង នៃក្រុមហ៊ុន Fuxin Steel Buildings លោក Satoshi Saito នាយកប្រតិបត្តិ នៃក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ និង លោក Akihiro Kato ប្រធានក្លិបបាល់ទាត់អង្គរថាយហ្គឺរ ព្រមទាំងថ្នាក់ដឹកនាំនិងភ្ញៀវកិត្តិយស។
យោងតាមការចុះផ្សាយពី Cambodian Premier League គម្រោងសាងសង់កីឡដ្ឋាន អង្គរ ថាយហ្គឺរ នេះនឹងចាប់ផ្ដើមដំណើការសាងសង់នៅខែតុលា ឆ្នាំ២០២៣ និងគ្រោងបញ្ចប់នៅនៅក្នុងខែសីហា ឆ្នាំ២០២៤ សាងសង់ដោយក្រុមហ៊ុន Fuxin Steel Buildings ត្រួតពិនិត្យដោយក្រុមហ៊ុនជប៉ុន HAGIWARA (Japan company) និងគូសប្លង់ដោយក្រុមហ៊ុន HKA* PARTNERS ។
តាមការបញ្ជាក់ នៅពេលកីឡដ្ឋានដ៏ស្រស់ស្អាតនេះសាងសង់រួចរាល់សម្រាប់ដំណាក់កាលទី១ នឹងអាចផ្ទុកទស្សនាបានសរុបចំនួន ៥ ពាន់នាក់ផងដែរ៕