អគារសហកម្មសិទ្ធ ដែលជាអតីតសណ្ឋាគារអង្គរមានជ័យ មានទីតាំងស្ថិតតាមបណ្តោយមហាវិថីព្រះមុន្នីវង្ស ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរធ្វើការចុះហ៊ុំព័ទ្ធ ដើម្បីធានាសុវត្ថិភាពសម្រាប់អ្នកដំណើរ និងអ្នកជិតខាង។ ខណៈអគារនេះមានសភាពចាស់ទ្រុឌទ្រោមខ្លាំង។
តាមការបញ្ជាក់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ការចុះហ៊ុំព័ទ្ធអគារនេះត្រូវបានធ្វើឡើងនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ដោយមានការដឹកនាំដោយផ្ទាល់ពីសំណាក់ឯកឧត្តម យស់ ឆោមណារ៉ាឌី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសម្របសម្រួល ជាមួយនឹងរដ្ឋបាលខណ្ឌ ៧ មករា។
ការសម្រេចហ៊ុំព័ទ្ធអគារនេះ ធ្វើឡើងបន្ទាប់ពីលទ្ធផលនៃការត្រួតពិនិត្យនិងវាយតម្លៃគុណភាពសំណង់ ការវិភាគលើគុណភាព និងសុវត្ដិភាពគ្រឿងផ្គុំសំណង់ និងលទ្ធផលនៃការពិសោធន៍លើសម្ភារសំណង់របស់មន្ទីរពិសោធន៍ជាតិសំណង់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានពិនិត្យឃើញថា សំណង់អគារមានសភាពចាស់ទ្រុឌទ្រោមខ្លាំង បាត់បង់តុល្យភាពលំនឹងនៃរចនាសម្ព័ន្ធគ្រៀងសំណង់ និងប្រឈមមុខនឹងការបាក់រលំជាយថាហេតុដោយមិនផ្ដល់សញ្ញាណជាមុន ដែលនឹងអាចនឹងបង្កគ្រោះថ្នាក់ដល់អាយុជីវិត និងទ្រព្យសម្បត្ដិរបស់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួង។
សូមជម្រាបថា អគារខាងលើនេះ ត្រូវបានសាងសង់ឡើងតាំងពីអំឡុងឆ្នាំ១៩៥០ មកម៉្លេះ ដោយគិតមកដល់បច្ចុប្បន្នសំណង់អគារមានអាយុ ៧៥ឆ្នាំមកហើយ។ ដោយក្នុងនោះមានក្រឡាផ្ទៃបាតទំហំ សរុប៥៩០ម៉ែត្រការ៉េ មានកម្ពស់៦ជាន់ និងមានបន្ទប់ចំនួន ១០៧បន្ទប់៕


