រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ អេ អឹម ខេ សូមជម្រាបជូនអតិថិជន និងសាធារណជនទាំងអស់ឲ្យបានជ្រាបថា អេ អឹម ខេ បានក្លាយខ្លួនជា “ធនាគារពាណិជ្ជ” ជាផ្លូវការ ដើម្បីពង្រីកវិសាលភាពសេវាហិរញ្ញវត្ថុឱ្យកាន់តែសម្បូរបែបជូនប្រជាពលរដ្ឋកម្ពុជា។ ក្នុងរយៈពេលជាង ២០ឆ្នាំ កន្លងមកនេះ អេ អឹម ខេ បានសាងកេរ្តិ៍ឈ្មោះយ៉ាងរឹងមាំក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ (MDI) ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវខ្ពស់ និងសម្បូរបែបជូនដល់អតិថិជន និងប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស។

ដើម្បីពង្រីកសកម្មភាពអាជីវកម្ម និងឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន អេ អឹម ខេ សូមបើកទំព័រប្រវត្តិសាស្រ្តថ្មី ក្នុងនាមជា «ធនាគារ អេ អឹម ខេ» ដែលទទួលបានអាជ្ញាប័ណ្ណធនាគារពាណិជ្ជជាផ្លូវការពីធនាគារជាតិនៃកម្ពុជា។
លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ អេ អឹម ខេ បានមានប្រសាសន៍ថា «ការវិវត្តខ្លួនមកជា ធនាគារ អេ អឹម ខេ នាពេលនេះ គឺជាមោទនភាព និងជាសមិទ្ធផលដ៏ធំធេងបំផុតក្នុងដំណើរប្រតិបត្តិការជាងពីរទសវត្សរ៍របស់យើង។ នេះមិនត្រឹមតែជាការផ្លាស់ប្តូរឈ្មោះប៉ុណ្ណោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការនាំយកនូវសេវាធនាគារឱ្យកាន់តែសម្បូរបែប និងប្រសើរជាងមុនដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តរបស់អតិថិជនរបស់យើងទូទាំងប្រទេស។ យើងនឹងបន្តប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗ ដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុ និងរួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ចកម្ពុជាបន្ថែមទៀត។»

ធនាគារ អេ អឹម ខេ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន ដៃគូសហការ និងសាធារណជនទាំងអស់ដែលតែងតែជឿជាក់ និងគាំទ្រយើងខ្ញុំរហូតមក។ យើងខ្ញុំនឹងបន្តប្តេជ្ញាចិត្តពង្រីកវិសាលភាពសេវាហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន សម្បូរបែប ទំនើប និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីបម្រើជូនអតិថិជនគ្រប់ៗរូបទាំងនៅទីក្រុង និងជនបទ។ យើងនឹងដាក់ចេញនូវយុទ្ធនាការថ្មីៗបន្ថែមទៀតជូនអតិថិជន នាពេលឆាប់ៗខាងមុខនេះ។
អំពីធនាគារ អេ អឹម ខេ
ធនាគារ អេ អឹម ខេ គឺជាធនាគារឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែបជូនដល់អតិថិជនគ្រប់រូបនៅទូទាំងប្រទេស ជាពិសេសស្ត្រី និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាពដែលពួកគាត់ចង់បាន។ ធនាគារមានបណ្តាញប្រតិបត្តិការនៅគ្រប់រាជធានី-ខេត្ត និងស្រុក-ក្រុង-ខណ្ឌទាំងអស់ក្នុងប្រទេសកម្ពុជា ដោយមានសាខាចំនួន ១៤៣ កន្លែង និងភ្នាក់ងារជាង ៥.០០០ ទូទាំងប្រទេស។ ក្រៅពីសេវាកម្ចី និងប្រាក់បញ្ញើ ធនាគារក៏មានផ្តល់ជូននូវសេវាហិរញ្ញវត្ថុយ៉ាងសម្បូរបែប រួមមាន៖ សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស ប៊េងកាសួររេន សេវាទូទាត់វិក្កយបត្រ សេវាបើកប្រាក់បៀវត្ស និងកម្មវិធីធនាគារចល័ត AMK Mobile ដែលអាចស្កេនទូទាត់តាម KHQR រួមជាមួយសេវាហិរញ្ញវត្ថុជាច្រើនទៀត។







