AMK Microfinance Institution Plc. បណ្ដាក់ទុន ១ លានដុល្លារអាមេរិក នៅលើសញ្ញាបណ្ណមានបុគ្គលធានារបស់CAIC ដើម្បីចូលរួមគាំទ្រ គម្រោងការសាងសង់ និងការអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិតេជោ
Daneth MechMAY 9 2022

AMK Microfinance Institution Plc. បានបណ្តាក់ទុនចំនួន ១ លានដុល្លារអាមេរិក នៅលើសញ្ញាបណ្ណមានបុគ្គលធានារបស់អាកាសយានដ្ឋានអន្តរជាតិ តេជោ ដែលចេញដោយ CAIC  នៅថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០២២។​

ទឹកប្រាក់វិនិយោគដែលទទួលបានពីសញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍន៍ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល។ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្នសម្រេចបាន ៣២% ត្រូវនឹងទឹកប្រាក់សរុប ៤៤៤​លានដុល្លារអាមេរិច(ដោយមិនរាប់បញ្ចូលថ្លៃដីដែលវិនិយោគរួចដោយ​ CAIC)។ អត្រាការប្រាក់(Coupon rate) របស់សញ្ញាបណ្ណនេះគឺ ៥.៥% ក្នុងមួយឆ្នាំ ជាមួយនឹងរយះពេល ​(tenor)  ៣ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC ។

Photo 2022 05 09 08 12 20

លោក គា បូរាណ នាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានថ្លែងថា៖ “គ្រឹះស្ថាន អេ អឹម ខេ យើងខ្ញុំពិតជាមានមោទនភាពដែលបានក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្តុដំបូងគេលើការវិនិយោគសញ្ញាបណ្ណមានបុគ្គលធានារបស់អាកាសយានដ្ឋានអន្តរជាតិតេជោ  និងបានគាំទ្រដល់ការអភិវឌ្ឍគម្រោងនេះ​។​ មិនតែប៉ុណ្ណោះ យើងក៏បានចូលរួមជម្រុញទៅលើកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍នៅព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុន OCIC គឺជាក្រុមហ៊ុនវិនិយោគក្នុងស្រុកមួយធំជាងគេក្នុងប្រទេសកម្ពុជា ​ដែលជំនាញនៅក្នុងការអភិវឌ្ឍន៍លើវិស័យហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ សំណង់ ការគ្រប់គ្រងអចលនទ្រព្យ ការអប់រំ វេជ្ជសាស្ត្រ ផ្សារទំនើប សណ្ឋាគារ រោងម៉ាស៊ីនកិនស្រូវ និងសង្វាក់ផលិតកម្មជាដើម ជាមួយនឹងគម្រោង  សំខាន់ៗជាច្រើនដូចជា អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ទីក្រុងកោះពេជ្រ កោះនរា ទីក្រុងរណបជ្រោយចង្វារ និង ទីក្រុងទំនើប Olympia​ ជាដើម។

Photo 2022 05 09 08 12 21

Photo 2022 05 09 08 12 22

 អំពី CAIC

CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា​ (RGC) ដែលតំណាងដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និង ក្រុមហ៊ុនOCIC ។ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុនCAIC ក្នុងការកាន់កាប់  រចនា ប្លង់ សាងសង់ ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិបត្តិការគម្រោង អាកាសយានដ្ឋានអន្តរជាតិតេជោ ។

អំពី អេ អឹម ខេ

អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជនក្នុងប្រទេសកម្ពុជា។ អេ អឹម ខេ មានការិយាល័យប្រតិបត្តិការចំនួន ១៥១កន្លែង និងភ្នាក់ងារជាង ៧,០០០កន្លែង នៅទូទាំងប្រទេស។  អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជន ដូចជាសេវាប្រាក់កម្ចី  ប្រាក់សន្សំ  សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ សេវាធានារ៉ាប់រងខ្នាតតូច សេវាបើកប្រាក់បៀវត្សរ៍  ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) ជាពិសេស គឺ AMK Mobile ប្រតិបត្តិការធនាគារលើទូរស័ព្ទដៃ ដែលអាចឲ្យអតិថិជនបើកគណនីបានដោយខ្លួនឯង (Selfie Banking) ធ្វើការទូទាត់ថ្លៃទឹក ភ្លើង សំរាម បញ្ចូលកាតទូរស័ព្ទ និងបង់វិក្កយបត្រថ្លៃទំនិញផ្សេងៗតាមរយៈការស្កេន KHQR វេរលុយទៅមករវាងធនាគារក្នុងស្រុកផ្សេងៗ តាមរយៈប្រព័ន្ធទូទាត់បាគង និងសេវាផ្សេងៗជាច្រើនទៀត។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia