ខ្សែភាពយន្ភភាគចិនរឿងតុលាការមុខដែកមានភាពល្បីល្បាញជាខ្លាំងក្នុងវិស័យភាពយន្តនិងមានការគាំទ្រទាំងក្នុងនិងក្រៅប្រទេសចិនផងដែរ។ ដោយឡែកបើក្រឡេកមកដឹងអំពីសាច់រឿងក្រៅឆាករបស់តួអង្គតុលាការមុខដែកដែលប្រជាជនខ្មែរយើងនិយមហៅថា ប៉ាវចិន ថាលោកមានប្រវត្តិតស៊ូយ៉ាងណានៅលើវិថីសិល្បៈព្រមទាំង បានសម្តែងខ្សែភាពយន្តអ្វីខ្លះ?
តួអង្គមុខខ្មៅមានព្រះចន្ទមួយចំណិតលើថ្ងាសរូបនេះមានឈ្មោះពិតថា Jin Chao Chun ( 金超群 ) កើតនៅ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ១៩៥១ នាក្រុងតៃប៉ិ កោះតៃវ៉ាន់។ បច្ចុប្បន្នជាតារាសម្តែងជើងចាស់មួយរូបព្រមទាំងជាផលិតករទូរទស្សន៍ផងដែរ។ ជាមួយគ្នានោះដែរលោកមានភាពល្បីល្បាញបំផុតនៅអាស៊ីដោយសារតែរឿងតុលាការមុខដែកនេះឯងរហូតទទួលបានពានរង្វាន់ Golden Bell Award ក្នុងឆ្នាំ១៩៩៣ ។
ជាមួយគា្នផងដែរមុនចូលសិល្បៈប្រវត្តិតារាសម្តែងវ័យចំណាស់រូបនេះមានការតស៊ូដោយ លោកបានចាប់ផ្តើមអាជីពនេះក្នុងឆ្នាំ១៩៧៩ ក្នុងអំឡុងពេលដែលលោកមានវ័យ ២៨ឆ្នាំតែប៉ុណ្ណោះ។ មុននឹងឈានជើងចូលសិល្បៈលោកក៏ជួបនូវរឿងរ៉ាវតស៊ូក្នុងជីវិតជាតារាសម្តែងជាច្រើន ដោយដំបូងឡើយ លោកមិនបានសម្តែងជាតួអង្គឯកអ្វីនោះទេ គឺលោកសម្តែងជាតួអង្គរង ឬតួអង្គបន្ទាប់បន្សំតែប៉ុណ្ណោះ។ទោះជាយ៉ាងណាក៏តារាសម្តែងមានទេពកោសល្យរូបនេះនៅតែខិតខំប្រឹងប្រែងមិនរាថយរហូតដល់ត្រូវបានទទួលស្គាល់សមត្ថភាព និងការគំាទ្រយ៉ាងពេញទំហឹងពីសំណាក់អ្នកតាមដានភាពយន្តក៏ដូចជាផលិតករនានា។
យ៉ាងណាមិញការចំណោយជីវិតអស់រយៈពេល៤៣ឆ្នាំមកនេះក្នុងពិភពសិល្បៈ តារាសម្តែងវ័យ ៧០ឆ្នាំរូបនេះបានបន្សល់ទុកនូវស្នាដៃជាច្រើននិងផលិតកុនបានជាង ១៧ រឿងភាគធំៗ ព្រមទាំងកម្មវិធីទូរទស្សន៍មួយចំនួនផងដែរ។ ក្នុងនោះរឿងតុលាការមុខដែក ឬដែលនិយមហៅថា ប៉ាវ ចិននេះគឺមានការគាំទ្រខ្លាំងនៅទូទាំងអាស៊ីដែលលោកសម្តែងជាតួអង្គឯកនិងជាផលិតករផ្ទាល់តែម្តង។ ជាមួយគ្នានេះដែរ តារាសម្តែងជនជាតិចិនតៃវ៉ាន់រូបនេះ មានចំណូលអកម្មភាគច្រើនពីការផលិតកុននេះបើយោងតាមប្រភពមួយបានលើកឡើងដោយថា ប៉ាវ ចិន ដែនកោះតៃវ៉ាន់រូបនេះមានទ្រព្យសម្បត្តិប្រមាណជាង ៥លានទៅ១០លានដុល្លារដែលនេះជាការប៉ាន់ស្មានរបស់ Wikispro.com ៕
អត្ថបទដោយ៖ ពីង ជូអេង ( ត្រចៀកកាំ )