អ្នកមានបំផុតលេខ១ នៅទ្វីបអាហ្វ្រិក ប្រាប់របៀបគេងមួយថ្ងៃត្រឹម៤ម៉ោង តែមានកម្លាំងធ្វើការខ្លាំងដូចខ្លា
SOKLY SOMAY 11 20239.2 K views

អ្នកខ្លះគេងច្រើន កើនស្រ្តេស មុខផ្អេះៗងើបពីគ្រែមិនរួច។ អ្នកខ្លះគេងតិច តែមានកម្លាំងធ្វើការខ្លាំងដូចខ្លា លឿនដូចខ្យល់ព្យុះទីហ្វុង។ ជាក់ស្តែងមហាសេដ្ឋីលេខ១ នៅទ្វីបអាហ្វ្រិកលោក Aliko Dangote គេងត្រឹម៤ម៉ោងប៉ុណ្ណោះ តែអាចមានថាមពលបំពេញការងារដ៏មមាញឹកបានមិនញញើតដៃ។

មហាសេដ្ឋីស្បែកខ្មៅ Aliko Dangote ជាសហគ្រិនខ្សត់ពេលវេលាខ្លាំងបំផុត ត្រូវធ្វើការមួយថ្ងៃ១២ម៉ោង ហើយក្នុងរយៈពេល៤-១០ឆ្នាំចុងក្រោយបុរសម្នាក់នេះមិនបានឈប់សម្រាកពីការងារសូម្បីតែមួយថ្ងៃ។ លោកធ្វើការច្រើនដេកតិច តែដេកមានគុណភាព មានប្រសិទ្ធភាព ជាមនុស្សពូកែដេក។ របៀបដេកនេះសន្សំពេលវេលា លោកថាដេកគ្រប់ហើយត្រឹម ៤-៥ម៉ោងហ្នឹង។ ខាងក្រោមនេះជាសកម្មភាពត្រួសៗ ដែលជួយឱ្យសេដ្ឋីរូបនេះ អាចសម្រាកបានស្ងប់ និងមានប្រសិទ្ធភាពបំផុត៖

១. បែងចែកពេលវេលាច្បាស់ល្អ៖ លោក Aliko តែងតែច្បាស់លាស់ជាមួយនឹងពេលវេលា២៤ម៉ោងក្នុងមួយថ្ងៃរបស់គាត់។ ពេលធ្វើការគាត់គិតរឿងធ្វើការ ពេលប្រជុំគាត់គិតរឿងប្រជុំ ពេលញ៉ាំបាយគិតរឿងញ៉ាំបាយ ហើយពេលគេក៏គិតពីរឿងគេដូចគ្នា ពោលគឺមិនយករឿង២ ៣​មុខ មកគិតឡូកឡំចូលគ្នាក្នុងពេលតែមួយឡើយ។

២. ទុកពេលសម្រាប់ខ្លួនឯង៖ ទោះបីជារស់នៅក្នុងនាមជាសហគ្រិនដែលមានកិច្ចការរវល់ច្រើនមិនចេះចប់ក៏ដោយ ក៏សេដ្ឋីរូបនេះ មិនដែលភ្លេចចំណាយពេលវេលាជាមួយខ្លួនឯងឡើយ។ គាត់តែងតែឆ្លៀតពេលធ្វើរឿងដែលគាត់ចូលចិត្ត រៀនអ្វីដែលគាត់ចង់រឿន ញ៉ាំរបស់ដែលគាត់ចង់ញ៉ាំ ដើម្បីកាត់បន្ថយសម្ពាធ ព្រមទាំងប្រគល់ក្ដីស្រលាញ់ជូនខ្លួនឯង និងធ្វើឱ្យជីវិតកាន់តែមានន័យថែមទៀត។ ជាក់ស្ដែងគាត់ធ្វើការពីម៉ោង៨ព្រឹក ដល់ម៉ោង៩យប់ទើបចូលផ្ទះវិញ ពេលវេលាសល់ចាប់ពីម៉ោង ៩ ដល់ម៉ោង១យប់ គឺជាពេលដែលគាត់ចំណាយសម្រាប់ខ្លួនឯងទាំងស្រុង។

៣. ស្ដាប់ ឬមើលទស្សនៈល្អៗ៖ រៀងរាល់ល្ងាចគាត់តែងតែមើល ឬស្ដាប់ទស្សនៈល្អៗ តាមដានព័ត៌មាន​អាជីវកម្មផ្សេងៗ ដែលមានផលវិជ្ជមានដល់ការងារក៏ដូចជាអាជីពរបស់គាត់ ដើម្បីឱ្យគាត់មានគំនិតកាន់តែទូលំទូលាយ និងដើរទាន់របត់សេដ្ឋកិច្ច។

៤. អានសៀវភៅរាល់ថ្ងៃ៖ រឿងសំខាន់មួយដែលជួយឱ្យការគេងរបស់លោក Aliko ស្ងប់ល្អ គឺគាត់តែងតែចំណាយពេលអានសៀវភៅ។ អារម្មណ៍មនុស្សយើងអាចនឹងបែកខ្ញែកពេញមួយថ្ងៃព្រោះតែមានកិច្ចការរវល់ច្រើន ដូច្នេះហើយសេដ្ឋីរូបនេះ ប្រើប្រាស់ការអានដើម្បីប្រមូលអារម្មណ៍ឱ្យមកផ្ដុំគ្នាវិញមុនចូលគេង។ អានសៀវភៅ ក្រៅពីទទួលបានចំណេះដឹងថ្មីៗ ក៏ជាថ្នាំទិព្វជួយឱ្យគេងលក់លឿន និងស្ងប់ល្អផងដែរ។

៥. ហាត់ប្រាណជាប្រចាំ៖ ទម្លាប់ល្អមួយដែលធ្វើឱ្យលោក Aliko មានស្មារតីមាំមួនបន្ទាប់ពីគេងត្រឹមតែ៣ ទៅ៤ម៉ោង គឺ គាត់តែងតែក្រោកឡើងនៅម៉ោង៥ព្រឹក ដើម្បីធ្វើលំហាត់ប្រាណ។ ការហាត់ប្រាណជួយឱ្យរាងកាយរបស់គាត់រឹងមាំ ព្រមទាំងជួយឱ្យខួរក្បាលមានថាមពលវិជ្ជមានល្អថែមទៀតផង។

លើសពីនេះ ក្នុងនាមជាបុគ្គលមានមុខមាត់ម្នាក់ក្នុងសង្គម លោក Aliko Dangote លើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំត្រូវបានគេអញ្ជើញឲ្យចូលរួមកម្មវិធីច្រើនណាស់ ធ្វើឲ្យខាតពេលក៏ក្រែលដែរ តែមិនអាចប្រកែកបានត្បិតនេះជាទម្លាប់ប្រទេសនីហ្សេរីយ៉ា»។ លោកបានបន្តទៀតថា៖ «ជួនកាលត្រូវធ្វើដំណើរទៅប្រជុំឆ្លងប្រទេស ឆ្លងទ្វីប បើជិះបក្សីស្លាបដែកហោះទៅប្រទេសចិនចាយពេលបានត្រឹម៥ម៉ោងទេត្រឡប់មកវិញហើយ ដល់ថ្នាក់មានយន្តហោះផ្ទាល់ខ្លួន ប៉ុន្តែមិនជិះ ព្រោះទៅហើយវិលវិញភ្លាមៗតៃកុងពុំមានពេលសម្រាក ដូច្នេះសុខចិត្តប្រើសេវាកម្មអាកាសចរណ៍ផ្សេងទៀត ដោយសារគ្មានពេលគ្រប់គ្រាន់»

យ៉ាងណាមិញ ពេលវេលាគឺជាវត្ថុដ៏មានតម្លៃបំផុតរបស់សហគ្រិនជាពិសេសសហគ្រិនពូកែៗ គ្មានអ្វីមានតម្លៃជាងពេលវេលារបស់ពួកគាត់ឡើយ។ រឿងដែលយល់ថាអត់ប្រយោជន៍សម្រាប់ខ្លួនគឺពួកគាត់មិនធ្វើទេ។ រាប់ចាប់តាំងពីទម្លាប់ដេកពួន សុខចិត្តគេងតិចតែមានគុណភាព ប្រសើរជាងផ្តេកខ្លួនលើគ្រែរាប់ម៉ោងតែរសេះរសោះរសាប់រសល់ ងើបឡើងគ្មានកម្លាំងល្ហិតល្ហៃរកធ្វើអ្វីឲ្យកើតជាផ្លែផ្កាមិនចេញ។ អ្នកនិពន្ធល្បីឈ្មោះ Michael Altshuler បានបោះសម្តីថា៖ «ព័ត៌មានដ៏អាក្រក់បំផុតគឺពេលវេលាហោះហើរកន្លងផុតទៅលឿនដូចផ្លេកបន្ទោ តែដំណឹងល្អអ្នកគឺជាកាប់ពីទែនបញ្ជាលើវា»

អត្ថបទដោយ៖ សូ​ សុខលី

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia