AIS ប្រគល់មេដាយ បណ្ណសរសើរ និងកុំព្យូទ័រ (Laptop) ជូនសិស្សនិទ្ទេស A ចំនួន៩៥នាក់
Daneth MechOCTOBER 18 2025

រាជធានីភ្នំពេញ៖ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង(AIS) បានរៀបចំពិធីប្រគល់  និងទទួល មេដាយ បណ្ណសរសើរ និងរង្វាន់លើកទឹកចិត្តជូនដល់សិស្សនិទ្ទេស A ចំនួន៩៥នាក់ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ នៅសាខាទួលគោក ក្រោមអធិបតីភាព លោកស្រី រស់ យ៉ាណា ប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង និងមានការអញ្ជើញចូលរួមផងដែរពីលោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាលសិស្សយ៉ាងច្រើនកុះករ។

Photo 2025 10 18 13 47 39 (2)

Photo 2025 10 18 13 47 40

នៅក្នុងឱកាសដ៏រំភើបរីករាយនេះ លោកស្រី រស់ យ៉ាណា ប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានថ្លែងសុន្ទរកថាស្វាគមន៍ កោតសរសើរ និងអបអរសាទរដល់សិស្សឆ្នើមនិទ្ទេស A ទាំង៩៥រូប ដែលបានខិតខំរៀនសូត្រ រហូតទទួលបានលទ្ធផលដ៏អស្ចារ្យ។ លោកស្រីបានហៅសិស្សឆ្នើមទាំងនេះថាជា “ដួងតារាឆ្នើមប្រចាំឆ្នាំ” របស់សាលាដែលគួរឱ្យកោតស្ញប់ស្ញែងបំផុត ហើយដើម្បីជាការលើកទឹកចិត្តដល់សិស្សឆ្នើមទាំង៩៥រូប សាលារៀន អន្តរទ្វីប អាមេរិកាំង បានប្រគល់នូវមេដាយ បណ្ណសរសើរ រួមទាំងកុំព្យូទ័រយួរដៃ (Laptop) ម្នាក់មួយគ្រឿងដល់សិស្សផងដែរ។ ជាមួយគ្នានេះ  លោកស្រី រស់ យ៉ាណា បានថ្លែងអំណរគុណទៅដល់មាតាបិតា អ្នកអាណាព្យាបាលសិស្ស លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់ដែលបានខិតខំចូលរួមចំណែកទាំងអស់គ្នា ក្នុងការបំពេញនូវកាតព្វកិច្ចសម្រេចឱ្យបាននូវលទ្ធផលដ៏វិសេសវិសាលមួយនេះ។ លើសពីនេះ ក៏សូមអរគុណដល់លោកគ្រូ អ្នកគ្រូដែលបានជួយជ្រោមជ្រែងបង្ហាត់បង្រៀនដោយមិនខ្លាចនឿយហត់ធ្វើយ៉ាងណាឱ្យសិស្សបានចេះចាំមេរៀន​ និងអាចទទួលបានជោគជ័យនៅក្នុងការសិក្សា។ ទន្ទឹមនឹងគ្នានេះ លោកស្រីក៏បានលើកទឹកចិត្តដល់យុវជន និងយុវតីទាំងអស់ឱ្យចូលរួមធ្វើការងារស្ម័គ្រចិត្តឱ្យបានច្រើននៅមហាវិទ្យាល័យ ដើម្បីទទួលបានបទពិសោធកាន់តែច្រើនពោរពេញដោយសក្តានុពល និងក្លាយជាមូលធនមនុស្សដ៏អស្ចារ្យ។

តាមរយៈការរៀបចំកម្មវិធីប្រគល់ និងទទួលមេដាយ បណ្ណសរសើរ និងរង្វាន់លើកទឹកចិត្តនេះ សិស្សានុសិស្សបានតាំងចិត្តប្តេជ្ញាថានឹងបន្តខិតខំប្រឹងប្រែងសិក្សារៀនសូត្រឱ្យកាន់តែពូកែថែមទៀតលើជំនាញដែលជាតម្រូវការរបស់ប្រទេសជាតិ និងខ្លួនពេញចិត្ត ដើម្បីក្លាយខ្លួនជាធនធានមនុស្សដែលពោរពេញដោយសក្តានុពល ក្នុងការជួយឱ្យប្រទេសជាតិសម្បូរទៅដោយធនធានមនុស្សដ៏សម្បូរបែប ជាពិសេសដើម្បីចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិឱ្យបានកាន់តែល្អប្រសើរថែមទៀត។

Photo 2025 10 18 13 47 40 (3)

Photo 2025 10 18 13 47 39

សូមជម្រាបជូនថា សាលារៀន អន្តរទ្វីប អាមេរិកាំង បានយកចិត្តទុកដាក់បំពេញនូវបេសកកម្មអប់រំ ដោយឈរលើមាគ៌ាដ៏ត្រឹមត្រូវ តាមកម្មវិធីសិក្សាសម្បូរបែប និងច្បាស់លាស់បែបខ្មែរ-អាមេរិកាំង ស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ប្រកបដោយគុណភាព វិន័យ និងសេវាកម្ម។

បន្ថែមលើការសិក្សានៅក្នុងថ្នាក់ និងដើម្បីជំរុញគុណភាពសិក្សាបន្ថែមរបស់សិស្សានុសិស្ស សាលារៀន អន្តរទ្វីប អាមេរិកាំង បានបញ្ចូលនូវកម្មវិធីបន្ថែមជាច្រើន ទៅលើការសិក្សាក្នុងកម្មវិធីគោលដែលរួមមាន កម្មវិធីចុះទស្សនកិច្ចសិក្សា (ទស្សនកិច្ចសិក្សានៅតាមស្ថានទូត មណ្ឌលវប្បធម៌ ទេសចរណ៍ សហគ្រាស ឬក្រុមហ៊ុនធំៗក្នុងគោលបំណងបណ្តុះ និងពង្រីកនូវវិសាលភាពចំណេះបន្ថែមលើវប្បធម៌ ប្រវត្តិសាស្ត្រ សង្គម ការគ្រប់គ្រង ប្រភេទអាជីវកម្ម ចំណេះដឹងថ្មីដែលទាក់ទងនឹងបច្ចេកវិទ្យា) កម្មវិធីចុះកម្មសិក្សាក្នុង និងក្រៅប្រទេស កម្មវិធីបំណិនជីវិត សិក្ខាសាលាតាមកម្រិតភូមិសិក្សា (សុខភាពសាធារណៈ ភ្នែក សុខភាពមាត់ធ្មេញ និងការថែទាំ ការបង្ការជំងឺមហារីកមាត់ស្បូន ចំណីអាហារ ផលប៉ពាល់នៃគ្រឿងញៀន       បម្រែបម្រួលវ័យ ការតម្រង់ទិសសម្រាប់ការប្រឡងថ្នាក់ជាតិ ការតម្រង់ទិសថ្នាក់ឧត្តមសិក្សា ការជ្រើសរើសជំនាញសិក្សា និងការរៀបចំផែនការអាជីព) ពិធីស្តាប់ព្រះសង្ឃសម្តែងព្រះធម្មទេសនា កម្មវិធីជំនួបមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស ទិវាជាតិអំណាន ទិវាវប្បធម៌ ការចូលរួមការងារសប្បុរសធម៌ ជាពិសេសសាលាមានកម្មវិធីប្រកួតប្រជែងជាច្រើនទៅតាមកម្រិត ដើម្បីរំលេចនូវភាពខ្លាំងនៃមុខវិជ្ជានីមួយៗ ភាពខ្លាំងតាមជំនាញ និងចំណូលចិត្តរបស់សិស្សានុសិស្ស និងលើកទឹកចិត្តដោយផ្តល់ជាអាហារូបករណ៍សិក្សាដល់សិស្សានុសិស្សជាដើម។

គួររំឭកផងដែរថា សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ទទួលបានទង់ជ័យលាភីវិទ្យាល័យដែលមានសិស្សប្រឡងបាននិទ្ទេស A ច្រើនជាងគេ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ រយៈពេល៣ឆ្នាំជាប់ៗគ្នា

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia