ក្រុមយុវជនខ្មែរបង្កើតម៉ាកសម្លៀកបំពាក់ "Ahsora World" រំលេចសមិទ្ធផលកម្ពុជាសម័យទំនើប
Bunthoeun KoemNOVEMBER 29 2024

ភ្នំពេញ៖ ក្នុងគំនិតច្នៃប្រឌិតថ្មី និងមោទនភាពជាតិ ក្រុមយុវជនខ្មែរបានបង្កើតម៉ាកសម្លៀកបំពាក់ "Ahsora World" ក្នុងCollection ឈ្មោះថា ​Khmerism ​ឬ ខ្មែរនិយម ជំនាន់ទី៣​។ ដោយការរចនាអាវយឺតបានឆ្លុះ បញ្ចាំងពីការអភិវឌ្ឍន៍ និងសមិទ្ធផលនានារបស់កម្ពុជាក្នុងសម័យទំនើប។

 

Photo 2024 11 29 16 28 26

 

គំនូររចនាលើអាវយឺតបង្ហាញពីស្ថាបត្យកម្មទំនើប ជានិមិត្តរូបនៃការរីកចម្រើនរបស់ ​​ប្រទេសកម្ពុជា រួមមាន ពហុកីឡាដ្ឋានមរតកតេជោ ស្ពានអាកាស អគារធនាគារជាតិកម្ពុជា អគារធំៗនៅក្រុងភ្នំពេញ វិមានឯករាជ្យ វិមានរដ្ឋធម្មនុញ្ញ និងព្រលានយន្តហោះអន្តរជាតិតេជោថ្មីផងដែរ។ លើសពីនេះ ការរចនាអាវក៏បានបញ្ចូលនូវទិដ្ឋភាពវប្បធម៌ប្រពៃណីខ្មែរ និងជីវភាពរស់នៅរបស់ប្រជាជនខ្មែរ ដូចជា សិល្បៈការពារខ្លួនបែបខ្មែរ និងរូបភាពតំណាងប្រជាជនខ្មែរផងដូចជាគុណខ្មែរ សុីក្លូ និងផលិតផលខ្មែរផ្សេងៗទៀត។

 

អ្នកតំណាងម៉ាក Ahsora World បានមានប្រសាសន៍ថា "យើងចង់បង្ហាញពីសមិទ្ធផលដ៏ធំធេងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធទំនើបៗទាំងនេះ តាមរយៈការរចនាអាវយឺតរបស់យើង។  យើងចង់លើកទឹកចិត្តយុវជនខ្មែរឱ្យមានមោទនភាពលើសមិទ្ធផលទាំងនេះ និងបន្តរួមចំណែកអភិវឌ្ឍសង្គមជាតិ"

 

អាវយឺតរបស់ Ahsora World មិនគ្រាន់តែជាសម្លៀកបំពាក់ធម្មតានោះទេ តែវាក៏ជាការបង្ហាញពីមោទនភាពជាតិ និងជាការលើកទឹកចិត្តដល់យុវជនខ្មែរឱ្យចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ។ ការរចនាដ៏ប្រណិតនេះក៏ជួយផ្សព្វផ្សាយពីសមិទ្ធផលរបស់កម្ពុជាទៅកាន់ពិភពលោកតាមរយៈម៉ូតសម័យផងដែរ។ 

 

Photo 2024 11 29 16 28 36

 

អ្នកតំណាងម៉ាក Ahsora Worldបានបន្តទៀតថា " ខូលិចសិន ​Khmerism ជំនាន់ទី៣នេះ បង្ហាញពីការរួមបញ្ចូលគ្នារវាងស្ថាបត្យកម្មទំនើប និងវប្បធម៌ប្រពៃណីនៅលើអាវយឺតនេះ គឺជាការបង្ហាញយ៉ាងច្បាស់ពីការអភិវឌ្ឍរបស់កម្ពុជា ដែលអាចរក្សាបាននូវប្រពៃណីវប្បធម៌ ខណៈពេលកំពុងអភិវឌ្ឍទៅមុខយ៉ាងលឿន"

 

គម្រោងនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវជន និងសាធារណជនទូទៅ ដោយសារវាមិនត្រឹមតែជាអាវយឺតប៉ុណ្ណោះទេ តែថែមទាំងជាការរួមចំណែកក្នុងការផ្សព្វផ្សាយពីសមិទ្ធផល និងភាពជោគជ័យរបស់កម្ពុជាផងដែរ។ Ahsora World មានគម្រោងបន្តបង្កើតការរចនាថ្មីៗបន្ថែមទៀត ដើម្បីឆ្លុះបញ្ចាំងពីដំណើរវិវត្តន៍របស់ប្រទេសកម្ពុជា៕ 

 

Photo 2024 11 29 16 28 45

Photo 2024 11 29 16 28 56

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia