កសិផលខ្មែរកាន់តែឡើងកូដ ខណៈថ្មីៗនេះដំណាំកសិផលខ្មែរចំនួន ៥ប្រភេទ គឺ ដំណាំស្រូវ ផ្លែស្វាយ ខ្នុរ ធុរេន អំពៅ កំពុងតែទាក់ទាញក្រុមហ៊ុនបរទេសឱ្យមកស្តីដណ្តឹងនាពេលខាងមុខនេះ។
ជាក់ស្តែង ក្រុមហ៊ុន១របស់ប្រទេស គឺក្រុមហ៊ុន Wilmar International Group បានកំពុងតែស្វែងរកឱកាសវិនិយោគលើវិស័យកសិកម្មលើដំណាំ ២ប្រភេទរបស់កម្ពុជា គឺដំណាំស្រូល និងអំពៅ ដើម្បីប្រមូលផល កែច្នៃ វេចខ្ចប់ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ។
ក្រុមហ៊ុន Wilmar International Group គឺជាក្រុមហ៊ុនដែលមានធុរកិច្ចចម្បង ក្នុងវិស័យកសិកម្ម និងត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩១ នៅប្រទេសសិង្ហបុរី ។ សព្វថ្ងៃ ក្រុមហ៊ុន Wilmar International Group គឺជាក្រុមហ៊ុនឈានមុខគេមួយនៅអាស៊ី ហើយក្រុមហ៊ុនមានបច្ចេកទេសខ្ពស់ក្នុងវិស័យកសិកម្ម រាប់ចាប់ពីការដាំដុះ, ការកែច្នៃ, ការវេចខ្ចប់, ការផ្គត់ផ្គង់ និងការចែកចាយយ៉ាងទូលំទូលាយ ហើយផលិតផលចម្បងរបស់ក្រុមហ៊ុន មានដូចជា៖ ប្រេងដូង ប្រេងធញ្ញជាតិ ម្សៅ និងស្ករ ជាដើម។
ជាមួយគ្នានោះដែរ ថ្មីៗនេះបើយោងតាមការចេញផ្សាយនៅលើហ្វេសប៊ុកផេកផ្លូវការរបស់ ឯកឧត្តម ឡុង ឌីម៉ង់ ដែលជាអភិបាលរងខេត្តព្រះសីហនុ បានឱ្យដឹងថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទើបតែអនុញ្ញាតចុះបញ្ជីវិនិយោគគម្រោងកសិឧស្សាហកម្ម កែច្នៃផ្លែស្វាយ ខ្នុរ ធុរេន ដោយបោះទុនជាង ១៧លានដុល្លារ ដោយគម្រោងនេះនឹងប្រមូលផលិតផលក្នុងស្រុកទាំងអស់យកមកកែច្នៃ៕


