មុនអាយុ 30 សូមកុំធ្វើរឿង ៣ នេះ បើមិនចង់ស្ដាយក្រោយ ជីវិតគ្មានសល់អ្វី
Pov SaruFEBRUARY 1 2026635 views

អាយុចន្លោះពី ២០ ទៅ ៣០ ឆ្នាំជាពេលដែលសំខាន់បំផុតក្នុងជីវិត។ វាពេលដែលមនុស្សយើងពេញកម្លាំង ត្រូវចាប់ផ្ដើមធ្វើការ មានចំណូលផ្ទាល់ខ្លួន និងអាចសម្រេចចិត្តលើរឿងធំៗដោយខ្លួនឯងបាន។ ប៉ុន្តែបច្ចុប្បន្ននេះឃើញថាមានយុវជនជាច្រើន កំពុងសាងកំហុសដោយមិនដឹងខ្លួននៅក្នុងវ័យនេះ កំហុសទាំងនេះអាចធ្វើឱ្យជាប់គាំងក្នុងស្ថានភាពលំបាក និងប៉ះពាល់ខ្លាំងដល់អនាគត។ 

 

១. មិនចេះគ្រប់គ្រងលុយ និងមិនសន្សំតាំងពីក្មេង៖ អាយុចន្លោះពី ២០ ទៅ ៣០ឆ្នាំគឺជាពេលដែលយើងអាចរកលុយបានហើយ ប៉ុន្តែអ្នកខ្លះមិនចេះរៀបចំវាឱ្យមានរបៀបទេ។ មនុស្សជាច្រើនចូលចិត្តចាយតាមអារម្មណ៍ ចាយតាមមិត្តភក្តិ និងចាយតាមបណ្ដាញសង្គម ដោយមិនដឹងថាប្រាក់ខ្លួនឯងអស់ទៅលើអ្វីខ្លះ។ ចុងខែគ្មានសល់ ហើយខ្លះត្រូវខ្ចីលុយគេ ដើម្បីរស់បន្តទៅខែក្រោយ។

 

បញ្ហាសំខាន់គឺ ពួកគេមានគំនិតថា “ត្រូវសប្បាយឱ្យហើយទាន់ខ្លួននៅក្មេង ចាំចាស់បន្តិចចាំសន្សំ” នេះជាគំនិតឆោតល្ងង់បំផុត ព្រោះវ័យ ២០ ទៅ ៣០ ឆ្នាំនេះហើយគឺជាពេលដែលត្រូវប្រឹងរកលុយនិងសន្សំ ព្រោះមិនទាន់មានបន្ទុកគ្រួសារច្រើន។ ប្រសិនបើមិនចាប់ផ្តើមសន្សំតាំងពីពេលនេះ ទៅដល់អាយុ ៣០ ឬ ៣៥ ឆ្នាំទំនងជាអ្នកត្រូវមានបន្ទុកច្រើន ត្រូវរៀបការមានគ្រួសារ មានកូន និងបន្ទុកជាច្រើនទៀត។ 

 

២. ខ្ជះខ្ជាយពេលវេលា មិនចេះវិនិយោគលើជំនាញខ្លួនឯង៖ ក្នុងវ័យនេះអ្នកខ្លះចំណាយពេលច្រើនលើការកម្សាន្ត និងបណ្ដាញសង្គមជាងការអភិវឌ្ឍខ្លួនឯង។ អ្នកមួយចំនួនចំណាយពេលច្រើនម៉ោងអង្គុយអូសមើល Facebook, TikTok លេង Game ឬដើរលេងជាមួយមិត្តភក្តិ ប៉ុន្តែមិនយកពេលនោះទៅរៀនជំនាញថ្មីៗ ដូចជា ភាសាបរទេស បច្ចេកវិទ្យា ឬជំនាញដែលអាចបង្កើនប្រាក់ចំណូលបាននោះទេ។ វ័យ ២០ ទៅ ៣០ ឆ្នាំ គឺដូចជាទុនដ៏មានតម្លៃបំផុត។ បើប្រើវេលានេះទៅលើរឿងមិនចាំបាច់ នោះពេលទៅដល់អាយុចាស់់បន្តិចនឹងឃើញថា មិត្តភក្តិខ្លះមានជំនាញខ្ពស់ មានការងារល្អ មានអាជីវកម្មផ្ទាល់ខ្លួន ខណៈខ្លួនឯងនៅតែធ្វើការងារដដែល និងប្រាក់ខែដដែល។ អ្នកដែលរៀនជំនាញពីវ័យក្មេង នឹងមានឱកាសច្រើនជាង និងអាចជ្រើសរើសជីវិតដែលខ្លួនចង់បាន។

 

៣. ខ្លាចបរាជ័យ មិនហ៊ានចាប់ផ្តើមអ្វីថ្មី៖ យុវជនជាច្រើនមានគំនិតថា “ធ្វើការងារដែលមានប្រាក់ខែថេរល្អជាង ព្រោះសុវត្ថិភាព” ហើយមិនហ៊ានសាកល្បងអ្វីថ្មី ដូចជា ចាប់ផ្តើមអាជីវកម្មខ្លួនឯង ឬធ្វើការងារបន្ថែមទេ។ នៅវ័យនេះគឺជាពេលដែលអាចសាកល្បង និងរៀនពីកំហុសបានច្រើនជាងគេ។ បើបរាជ័យ ក៏នៅមានពេលកែប្រែ និងចាប់ផ្តើមឡើងវិញ។ តែបើមិនធ្វើអ្វីសោះ នោះនឹងសោកស្តាយនៅពេលក្រោយ។ មនុស្សជាច្រើននៅពេលដល់អាយុ ៤០ ឆ្នាំ ទើបនិយាយថា “បើដឹងមុន ខ្ញុំនឹងចាប់ផ្តើមតាំងពីវ័យក្មេង” តែនោះគឺវាហួសពេលទៅហើយ។ 

 

ដូច្នេះអ្នកដែលមានអាយុ ២០ ដល់ ៣០ ឆ្នាំ មិនមែនជាពេលសម្រាប់តែសប្បាយ និងរស់ឱ្យរួចតែពីថ្ងៃទៅមួយថ្ងៃទេ ប៉ុន្តែជាពេលសម្រាប់សាងគ្រឹះនៃជីវិត។ កំហុសធំៗទាំង ៣ នេះប្រសិនបើនអាចកែប្រែបាន នោះនៅអាយុ ៣០ ឆ្នាំអ្នកនឹងងមានទ្រព្យសម្បត្តិ មានជំនាញ និងមានជីវិតដែលមានជម្រើសច្រើនជាងមុន៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia