ADB បានអនុម័តកញ្ចប់ហិរញ្ញប្បទានចំនួន ៧២ លានដុល្លារដល់កម្ពុជាដើម្បីអភិវឌ្ឍន៍គម្រោងទាំងនេះ
Bunthoeun Koem•OCTOBER 26 2026•6 views

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានចំនួន ៧២ លានដុល្លារ ដើម្បីជួយប្រទេសកម្ពុជា ពង្រឹងការធ្វើកសិកម្មនៅតាមជនបទ និងបង្កើនការចូលរួមរបស់ស្ត្រីក្នុងវិស័យកសិកម្ម ព្រមទាំងបង្កើនភាពធន់របស់កសិករខ្នាតតូចប្រមាណ២០ម៉ឺននាក់ ក្នុងឃុំ ដែលងាយរងគ្រោះដោយគ្រោះមហន្តរាយ​។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

 

ក្នុងសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា កញ្ចប់ហិរញ្ញប្បទាននេះ រួមមានឥណទានសម្បទានចំនួន ៥៧ លានដុល្លារ និងហិរញ្ញប្បទានឥតសំណងចំនួន ១៥ លានដុល្លារ ពីមូលនិធិអភិវឌ្ឍន៍អាស៊ី ដែលគាំទ្រដល់ប្រទេសដែលត្រូវការជំនួយបំផុតដើម្បីដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ហើយកសាងមូលដ្ឋានគ្រឹះសម្រាប់កំណើនយូរអង្វែង។ ហិរញ្ញប្បទានរបស់ ADB ត្រូវបានបំពេញបន្ថែមដោយសហហិរញ្ញប្បទានចំនួន ២៣ លានដុល្លារ ពីមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន ហិរញ្ញប្បទានឥតសំណងចំនួន ១០ លានដុល្លារ ពីមូលនិធិអាកាសធាតុបៃតង ហិរញ្ញប្បទានឥតសំណងចំនួន ៣ លានដុល្លារ ពីមូលនិធិជប៉ុនសម្រាប់អាស៊ី និងប៉ាស៊ីហ្វិកប្រកបដោយភាពុងរឿង និងភាពធន់ ផ្តល់ដោយរដ្ឋាភិបាលជប៉ុនតាមរយៈ ADB និង វិភាគទានចំនួន ៤,៣ លានដុល្លារ ពីរាជរដ្ឋាភិបាលកម្ពុជា។

 

Img 4958

 

លោកស្រី Yasmin Siddiqi នាយិកា ADB ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា ការវិនិយោគលើកសិករខ្នាតតូច ជាពិសេសស្ត្រី គឺចាំបាច់ដើម្បីជំរុញសេដ្ឋកិច្ចជនបទ និងគាំទ្រសហគមន៍ក្រីក្រ ដែលងាយរងគ្រោះបំផុតដោយសារអាកាសធាតុអាក្រក់។ លោកស្រីបានថ្លែងបញ្ជាក់ថា៖ «តាមរយៈការជួយស្ត្រីឱ្យដឹកនាំនិងចូលរួម ក្នុងការសម្រេចចិត្ត និងក្នុងកម្មវិធីអភិវឌ្ឍន៍។ គម្រោងនេះ នឹងពង្រីកខ្សែច្រវាក់តម្លៃកសិកម្ម ប្រកបដោយបរិយាបន្ន និងពង្រឹងប្រព័ន្ធស្បៀងអាហារ ព្រមទាំងជំរុញអាជីវកម្មដែលដឹកនាំដោយស្ត្រី និងគាំទ្រគ្រួសារឱ្យកសាងអនាគតប្រកបដោយសុខភាពល្អ សុវត្ថិភាព និងភាពធន់»។

 

គ្រោះថ្នាក់ធម្មជាតិត្រួតគ្នា ដូចជារលកកំដៅ គ្រោះរាំងស្ងួត និងទឹកជំនន់ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធកសិកម្ម និងប្រព័ន្ធស្បៀងអាហាររបស់កម្ពុជា បង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ កាត់បន្ថយលទ្ធភាពជ្រាតចូលទីផ្សារ និងធ្វើឱ្យអសន្តិសុខស្បៀងកាន់តែធ្ងន់ធ្ងរឡើង ជាពិសេសនៅតំបន់ជនបទ ដែលមានប្រជាពលរដ្ឋប្រមាណ ៥៩% នៃពលរដ្ឋសរុបរស់នៅ។ ស្ត្រី ដែលតំណាងឱ្យប្រមាណ ៥១% នៃកម្លាំងពលកម្មកសិកម្មរបស់កម្ពុជា នៅតែស្ថិតក្នុងចំណោមអ្នកងាយរងគ្រោះជាងគេ ដោយសារពួកគាត់មានលទ្ធភាពតិចតួចក្នុងការទទួលបានឱកាសសេដ្ឋកិច្ច ការគាំទ្រ និងហិរញ្ញប្បទាន។

 

យោងតាម ADB បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចកសិករខ្នាតតូចដែលធន់នឹងអាកាសធាតុនេះ នឹងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មកសិកម្ម ក្នុងឃុំចំនួន ១៨៦ ក្នុងខេត្តចំនួន ៧ ដែលងាយរងគ្រោះធ្ងន់ធ្ងរដោយសារគ្រោះធម្មជាតិ។ គម្រោងនេះនឹងធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រ ដើម្បីបម្រើឱ្យផ្ទៃដីកសិកម្មចំនួន ៧ ០០០ ហិកតា បន្ថែមទៀត និងស្តារឡើងវិញនូវផ្លូវប្រវែង ១៩០ គីឡូម៉ែត្រ ដើម្បីតភ្ជាប់កសិករទៅនឹងទីផ្សារ ការងារ និងឱកាស ជាពិសេសសម្រាប់ស្ត្រី និងប្រជាពលរដ្ឋដែលមិនទាន់ទទួលបានសេវាគាំទ្រពេញលេញ។

 

គម្រោងនេះ នឹងផ្តល់ឱ្យកសិករនូវការគាំទ្រផ្នែកបច្ចេកទេស និងការបណ្តុះបណ្តាល ដើម្បីបង្កើនជំនាញ និងផ្តល់លទ្ធភាពដល់ពួកគាត់ក្នុងការអនុវត្តវិធីសាស្រ្តប្រកបដោយភាពធន់ ក្នុងការដាំដុះដំណាំ ការធ្វើសាកវប្បកម្ម ការចិញ្ចឹមបសុបក្សីនិងសត្វល្អិត និងការធ្វើវារីវប្បកម្ម។ ទន្ទឹមនេះ គម្រោងនេះ ក៏នឹងផ្តល់ជំនួយឥតសំណង ដើម្បីជួយកសិករកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈ និងជីដែលនាំចូល និងបង្កើនភាពធន់របស់ពួកគាត់ទៅនឹងគ្រោះមហន្តរាយ និងវិបត្តិសកល។ បន្ថែមពីនេះទៀត គម្រោងនេះក៏នឹងលើកកម្ពស់ការធ្វើផែនការភាពធន់របស់សហគមន៍ ដែលលើកកម្ពស់ការចូលរួមយ៉ាងសកម្មដោយស្ត្រី និងពលរដ្ឋងាយរងគ្រោះ ក្នុងការអភិវឌ្ឍ និងអនុវត្តប្រព័ន្ធសង្រ្គោះបឋម និងឆ្លើយតបនឹងគ្រោះមហន្តរាយក្នុងសហគមន៍ លើកកម្ពស់របបអាហារដែលផ្តល់នូវសុខភាពល្អ និងគ្រប់គ្រងគ្រោះធម្មជាតិ ក៏ដូចជាហានិភ័យគ្រោះមហន្តរាយ។

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia