នៅព្រឹកថ្ងៃនេះ ធនាគារ អេស៊ីលីដាដែលជាធនាគារពាណិជ្ជដ៏ធំបំផុតមួយបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន ដាយគីន អ៊ែរខនឌីសិននីង (ខេមបូឌា) ឯ.ក ស្តីពីការប្រើប្រាស់ សេវាប្រាក់កម្ចីទិញទំនិញ (ឥណទាន BNPL) តាមរយៈអេស៊ីស៊ូភើអេប។
នៅក្នុងការវីដេអូ Live លើផេកធនាគារ អេស៊ីលីដានៅក្នុងកម្មវិធីស្ដីពីការប្រើប្រាស់ សេវាប្រាក់កម្ចីទិញទំនិញ (ឥណទាន BNPL) តាមរយៈអេស៊ីស៊ូភើអេប លោក ពេជ្រ វឌ្ឍនា នាយកការិយាល័យសាជីវកម្មនៃអនាគារអេស៊ីលីដាបានឲ្យដឹងថា ឥណទាន BNPL គឺជាឥណទានមួយប្រភេទសម្រាប់ទិញទំនិញឬសេវាកម្មដែលអតិថិជនអាចប្រើប្រាស់ឥណទានរបស់ធនាគារ អេស៊ីលីដាដើម្បីទិញទំនិញឬសេវាកម្ម ហើយអាចទូទាត់សងទៅធនាគារនៅពេលក្រោយទៅតាមដំណាក់កាល។
លោកបានបន្តទៀតថា ចំពោះការស្នើសុំឥណទានBNPL ដើម្បីទិញទំនិញគឺធ្វើឡើងតាមរយៈឌីជីថលនៅក្នុងApp របស់ធនាគារ អេស៊ីលីដាផ្ទាល់តែម្ដង។ ហើយលក្ខណៈពិសេសរបស់ឥណទានBNPL គឺអ្នកអាចខ្ចីបានរហូតដល់ទៅ៤លានរៀល( ១ពានដុល្លារ)។
អតិថិជនរបស់ អេស៊ីលីដាអាចស្នើសុំឥណទានBNPL យកទៅទិញសម្ភារប្រើប្រាស់ដូចជាម៉ាស៊ីនត្រជាក់របស់ក្រុមហ៊ុន ដាយគីនដែលជាក្រមហ៊ុនជប៉ុនមានឈ្មោះល្បីល្បាញដែលផ្គត់ផ្គង់នូវសម្ភារប្រើប្រាស់និងឧបករណ៍ប្រកបដោយគុណភាពខ្ពស់។
ចំពោះរបៀបទាត់សងគឺសងរំលស់តែប្រាក់ដើមដោយមិនគិតការប្រាក់ឡើយហើយរយៈពេលខ្ចីដល់ទៅ១២ខែ ដោយអតិថិជនអាចមានរើសរយៈពេលសង១ខែ ២ខែ ៤ខែរហូតដល់១២ខែ។ ឥណទានBNPLរបស់អេស៊ីលីដាមានសាហ៊ុយឥណទាន១%ក្នុងមួយខែនៃទំហំឥណទានដែលបានអនុម័ត។អតិថិជនអាចស្នើឥណទាននេះដោយមិនបាច់មានទ្រព្យធានា ហើយគ្មានការប្រាក់ឡើយ។
គួរបញ្ជាក់ផងដែរ ឥណទានBNPL របស់អេស៊ីលីដាគឺអតិថិជនអាចស្នើសុំសម្រាប់តែទិញសម្ភារនិងរបស់ប្រើប្រាស់ពីក្រុមហ៊ុនដាយគីនតែប៉ុណ្ណោះ។ ហើយអ្នកដែលអាចស្នើឥណទាននេះគឺជាអតិថិជនអេស៊ីលីដាដែលបានdownload App អេស៊ីលីដាយកទៅប្រើយ៉ាងតិចរយៈពេល៦ខែ៕