មានពាក្យមួយឃ្លាគេបាននិយាយថា “ស្គាល់ពីខ្លួនឯងច្បាស់ ស្គាល់ពីសត្រូវច្បាស់ ច្បាំង១ពាន់ដង ឈ្នះទាំង១ពាន់ដង”។ ក្នុងន័យនេះគឺបង្ហាញឱ្យឃើញថា ការស្គាល់ពីខ្លួនឯង និងចំណុចដែលខ្លួនកំពុងតែឈរគឺមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការជួយឱ្យយើងអាចសម្រេចជោគជ័យ និងអាចយកឈ្នះដៃគូប្រកួតប្រជែង។
រីឯនៅក្នុងអាជីវកម្មវិញក៏មិនសូវជាខុសគ្នាប៉ុន្មាននោះដែរ យើងត្រូវព្យាយាមស្គាល់ពី ភាពខ្លាំង ភាពខ្សោយ ឱកាស និងកត្តាគម្រាមកំហែងមកលើអាជីវកម្មរបស់ខ្លួនឱ្យបានច្បាស់ ដើម្បីអាចប៉ាន់ស្មានដឹងពីកម្លាំងរបស់ខ្លួន ដើម្បីត្រៀមខ្លួនឱ្យបានរួចរាល់ មុននឹងចូលប្រយុទ្ធក្នុងសមរភូមិនៃការធ្វើអាជីវកម្ម។
ថ្ងៃនេះដែរ Business Cambodia សូមលើកយកនូវគោលការណ៍មួយដែលម្ចាស់អាជីវកម្មទាំងអស់មិនគួរមើលរំលង ហើយអាចយកគោលការណ៍នេះមកធ្វើការវិភាគអាជីវកម្មរបស់ខ្លួន ដើម្បីដឹងពីចំណុចដែលខ្លួនកំពុងតែឈរនៅលើទីផ្សារ និងត្រៀមខ្លួនក្នុងការប្រកួតប្រជែងជាមួយនឹងដៃគូប្រកួតប្រជែង ដោយប្រើគោលការណ៍ SWOT៖
១. Strengths (ភាពខ្លាំង)៖ វាមិនមានអ្វីចម្លែកនោះទេ ដើម្បីឱ្យយើងយកឈ្នះដៃគូប្រកួតប្រជែង យើងត្រូវតែមានភាពខ្លាំងដែលលេចធ្លោជាងដៃគូប្រកួតប្រជែង ធ្វើល្អជាងដៃគូប្រកួតប្រជែង ឬចំណុចដែលដៃគូប្រកួតប្រជែងមិនអាចធ្វើដូច។ ខាងក្រោមនេះអាចជាភាពខ្លាំងដែលអ្នកគូតែគិតគូរ៖
ឧ. អាជីវកម្មអ្នកមានដើមទុនច្រើន បានចុះបញ្ជីត្រឹមត្រូវស្របច្បាប់ មានទីតាំងល្អ មានធនធានមនុស្សខ្លាំងៗ ផលិតផលមានគុណភាពខ្ពស់ តម្លៃទាបជាងគេ សេវាកម្មឆាប់រហ័ស....។
២. Weaknesses (ភាពខ្សោយ)៖ ត្រឹមតែស្គាល់ពីភាពខ្លាំងរបស់អាជីវកម្មគឺវាមិនទាន់គ្រប់គ្រាន់នោះទេ គឺអ្នកត្រូវរកឱ្យឃើញនូវភាពខ្សោយរបស់អាជីវកម្មអ្នកផងដែរ។ ប្រសិនបើអ្នករកមិនឃើញពីភាពខ្សោយរបស់អាជីវកម្មអ្នកទេ គឺអាជីវកម្មអ្នកអាចនឹងមានហានិភ័យកាន់តែខ្ពស់ ហើយដៃគូប្រកួតប្រជែងអាចធ្វើការវាយឆ្មក់ចំចំណុចខ្សោយរបស់អ្នកគ្រប់ពេលវេលា ដើម្បីយកឈ្នះឬផ្ដួលរលំអាជីវកម្មអ្នក។ ដូច្នេះអ្នកត្រូវរកឱ្យឃើញនូវភាពខ្សោយរបស់អាជីវកម្មអ្នក ហើយត្រូវព្យាយាមពង្រឹងចំណុចខ្សោយនោះឱ្យកាន់តែប្រសើរឡើងៗជានិច្ច។ ខាងក្រោមនេះអាចជាភាពខ្សោយដែលអ្នកគូតែគិតគូរ៖
ឧ. ថ្លៃដើមផលិតខ្ពស់ អត្រាបុគ្គលិកលាឈប់ខ្ពស់ ចំណាយប្រចាំខែច្រើន បុគ្គលិកមិនសូវមានជំនាញ មិនពូកែធ្វើទីផ្សារ ទីតាំងហាងនៅឆ្ងាយពីអតិថិជន...។
៣. Opportunities (ឱកាស)៖ ចំណុចទី៣គឺទាក់ទងនឹងឱកាសល្អៗរបស់អាជីវកម្មរបស់អ្នក ដែលវាអាចនឹងក្លាយជាផ្នែកមួយដែលជួយឱ្យអាជីវកម្មអ្នកអាចឈានមុខគូប្រកួតប្រជែង។ ជាទូទៅដើម្បីចាប់ឱកាស ឬបង្កើតឱកាសសមា្រប់អាជីវកម្ម អ្នកគួរតែជាមុនស្សដែលចេះវិភាគអនាគត និងមានប្រភពព័ត៌មានច្រើនដែលទាក់ទងនឹងអាជីវកម្មអ្នក ទើបអ្នកអាចត្រៀមខ្លួនដើម្បីចាប់ឱកាសបានលឿនជាងដៃគូប្រកួតប្រជែង។ ខាងក្រោមនេះអាចជាឱកាសដែលអ្នកគូតែគិតគូរ៖
ឧ. រដ្ឋមានការលើកទឹកចិត្តខ្ពស់លើប្រភេទអាជីវកម្មដែលអ្នកកំពុងធ្វើ ទទួលបានការលើកទឹកចិត្តផ្នែកពន្ធ មនុស្សមានទំនោរប្រើប្រាស់ប្រភេទផលិតផលដែលអ្នកមាន សេដ្ឋកិច្ចមានការរីកចម្រើនខ្ពស់...។
៤. Threats (ការគម្រាមកំហែង)៖ ចំណុចចុងក្រោយគឺកត្តាគម្រាមកំហែង ដែលអាចធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មរបស់អ្នក។ ប្រសិនបើអ្នកមិនបានគិតគូរលើចំណុចនេះទេ នោះអាជីវកម្មរបស់អ្នកអាចនឹងមានហានិភ័យខ្ពស់ រហូតឈានទោដល់ការក្ស័យធន់ក៏មាន។ ខាងក្រោមនេះអាចជាកត្តាគម្រាមកំហែងដែលអ្នកគូតែគិតគូរ៖
ឧ. ប្រទេសមិនមានស្ថេរភាពនយោបាយ រដ្ឋចេញច្បាប់ថ្មីដែលអាចប៉ះពាល់អាជីវកម្ម ដៃគូប្រកួតប្រជែងចូលថ្មីៗច្រើន....។
ជាសង្ខេបមកវិញ SWOT គឺផ្ដោតទៅលើការវិភាគទៅលើផ្នែកខាងក្នុងរបស់អាជីវកម្ម (ភាពខ្លាំង, ភាពខ្សោយ) ដែលកត្តាទាំងនេះភាគច្រើនអ្នកអាចគ្រប់គ្រងវាបាន និងកត្តាខាងក្រៅ (ឱកាស, ការគម្រាមកំហែង) ដែលចំណុចទាំងអស់នេះអ្នកពិបាកនិងគ្រប់គ្រងខ្លាំងណាស់ ប៉ុន្តែអ្នកត្រូវត្រៀមខ្លួនបន់បែនឱ្យបានលឿនបំផុតទៅតាមស្ថានភាពខាងក្រៅដែលអាចកើតមានដោយចៃដន្យ ដើម្បីអាចធ្វើឱ្យអាជីវកម្មបន្តរីកចម្រើន និងបញ្ជៀសខ្លួនពីផលប៉ះពាល់ដោយកត្តាខាងក្រៅ៕
ចង់ពូកែរកស៊ី ចង់រៀនគំនិតរកស៊ីល្អពិសេសជាច្រើនរាល់ថ្ងៃឥតគិតថ្លៃ សូមចុចទីនេះ https://bit.ly/3FMWfb9
អត្ថបទដោយ៖ ឡុង វឌ្ឍនៈ (ប្រធាននិពន្ធផ្នែកដឹកនាំ)
តេឡេក្រាម៖ 096 351 7713


