គ្រប់អាជីវកម្មស្ទើរតែទាំងអស់ដែលរស់បានដោយសារតែហិរញ្ញវត្ថុ ហេតុនេះការរៀបចំផែនការហិរញ្ញវត្ថុពិតជារឿងសំខាន់ណាស់សម្រាប់ម្ចាស់អាជីវកម្ម បើរៀបចំមិនបានត្រឹមត្រូវទេនោះ វាអាចនឹងធ្វើឱ្យអាជីវកម្មយើងដួលបាន។ដោយហេតុថាអាជីវកម្មអាចរស់បានដោយសារតែហិរញ្ញវត្ថុនេះ បើតាមរយៈការបទពិសោធន៍រកស៊ីជាច្រើនឆ្នាំក្នុងវិស័យកាហ្វេ និងមានបទពិសោធន៍ក្នុងការចាត់ចែងលុយកាក់ក្នុងរបររកស៊ី លោក គឹម គីណាល់ ម្ចាស់ហាង ឡឺទួលកាហ្វេ បានបង្ហើបរឿងធំៗចំនួន ៤ ដែលអ្នករកស៊ីគួរធ្វើ បើមិនចង់មានបញ្ហាលុយកាក់ពេលរកស៊ី ដោយក្នុងនោះមាន ៖
១.ចំណាយតែលើរបស់ចាំបាច់
បើតាមការលើកឡើងរបស់លោក គីណាល់ បានលើកឡើងថា “ជាទូទៅការចាត់ចែងលុយកាក់របស់ហាងខ្ញុំគឺចំណាយលុយទៅលើរបស់ណាដែលចាំបាច់ប៉ុណ្ណោះ បើរបស់ណាអាចប្រើបានយើងក៏ប្រើសិន” ជាការពិតណាស់ ការចាយលុយពេលរកស៊ីពិតជាសំខាន់ ប្រសិនបើចាយខុស ចាយខ្ជះខ្ជាយរបស់មិនគួរទិញក៏ទិញដែរនោះ ទោះតម្លៃថោក ថ្លៃក្តីវាក៏ជាលុយដែរ។ហេតុនេះហើយ មុននឹងធ្វើការចាយវាយទៅលើអ្វីមួយគួរតែគិតពិចារណាសិនថា បន្ទាប់ពីចំណាយទៅលើរបស់នោះហើយ តើវានឹងបានផ្តល់ផលចំណេញអ្វីខ្លះត្រឡប់មកវិញ ផ្ទុយទៅវិញបើចេះតែចាយលុយទិញទៅដោយមិនបានពិចារណានោះយើងនឹងទម្លាប់ចាយមិនមានសណ្តាប់ធ្លាប់បន្តិចម្តងៗក្លាយជាទម្លាប់ចាយជាក់ជាមិនខាន់ឡើយ។
២.មានលុយតម្កល់
មិនថាធ្វើការ ឬ រកស៊ីត្រូវតែមានលុយតម្កល់ទោះតិចឬច្រើនក៏ដោយ ដើម្បីជាការត្រៀមសម្រាប់ពេលគ្រាអាសន្នយើងអាចយកលុយនោះមកប្រើប្រាស់សង្គ្រោះបាន។ជាក់ស្តែងចំពោះលោក គីណាល់ វិញលោកក៏បានប្រើក្បួននេះផ្ទាល់ផងដែរ ពោលគឺលោកបាន យកលុយមួយចំនួនដែលបានពីការងារក្រៅពីរបរហាងកាហ្វេ និងលុយចំណេញខ្លះពីអាជីវកម្មទៅសន្សំ ឬតម្កល់ទុកសម្រាប់ជាកញ្ចប់សង្គ្រោះពេលអាជីវកម្មត្រូវការលុយដើម្បីដោះស្រាយបញ្ហា។បើតាមបទសម្ភាសន៍ជាមួយចាបក្រហមលោកបានឱ្យថា “នៅអំឡុងពេលបើកហាងដំបូងគឺចំពេលផ្ទុះកូវីដ១៩ ហាងខ្ញុំក៏រងផលប៉ះពាល់បិទដូចហាងគេដទៃដែរ ដែលជាហេតុធ្វើឱ្យចំណូលក៏បាត់ ប៉ុន្តែសំណាងពេលនោះខ្ញុំមានលុយតម្កល់សម្រាប់ដោះស្រាយបញ្ហាក្នុងអាជីវកម្ម កុំអីខ្ញុំក៏ពិបាកដែរ”។ហេតុដូចនេះសម្រាប់អ្នកជំនាន់ក្រោយនៅពេលចេញរកស៊ី គួរតែត្រៀមលុយតម្កល់ទុកទើបជាការប្រសើរ ដើម្បីចៀសវាងមានបញ្ហាគ្មានលុយបង្វិល។
៣.ចាយឱ្យចំគោលដៅ
បន្ថែមពីការចាត់ចែងប្រាក់តម្កល់ អ្វីដែលចាំបាច់មួយទៀតនោះគឺការចាយវាយឱ្យចំគោលដៅ ត្រង់ចំណុចនេះមានភាពស្រដៀងគ្នាទៅនឹងចំណុចទី១ដែរ ប៉ុន្តែការចាយវាយឱ្យចំគោលដៅនេះ សំដៅទៅដល់ការចាយលុយឱ្យចំកន្លែង ចំចំណុចខ្វះខាត ជាកន្លែងដែលជាបញ្ហាធំក្នុងរបររកស៊ីតែម្តង ជាក់ស្តែងដូចជាករណីដែលហាង ឡឺទួលកាហ្វេដូច្នោះឯង ដំបូងហាងមួយនេះគ្រាន់ជាតូបតួចមួយប៉ុណ្ណោះតែក្រោយលោក គីណាល់ ក៏ចាយទុនពង្រីកបន្ថែម ដើម្បីឱ្យមានកន្លែងអង្គុយកាន់តែធំទូលាយជាងមុន ដែលអាចទទួលភ្ញៀវបានកាន់តែច្រើនហើយចំណូលក៏កាន់តែកើន។
៤.បន្ថែមប្រភពចំណូល
ចំណុចចុងក្រោយដែលសំខាន់ដែរនោះគឺ ត្រូវមានប្រភពចំណូលបន្ថែម មិនថាការរកស៊ីរបរតូចធំ ការងារតូចធំនោះទេគឺគួរតែមានបន្ថែម ព្រោះវាប្រភពចំណូលក្រៅនេះ វាអាចសង្គ្រោះការរកស៊ី និងម្ចាស់អាជីវកម្មបានដូចគ្នាទៅនឹងការមានលុយតម្កល់ក្នុងកុងអ៊ីចឹងដែរ។មិនខុសពីលោក គីណាល់ បន្ថែមពីរបរកាហ្វេ លោកនៅមានការងារផ្សេងទៀតដូចជាការវិនិយោគទៅលើអចលនទ្រព្យ នៅពេលអចលនទ្រព្យចំណេញលោកយកលុយនោះមកបញ្ចូលក្នុងអាជីវកម្មហាងកាហ្វេ ហើយពេលហាងកាហ្វេចំណេញលោកក៏យកលុយនោះទៅវិនិយោគលើអចលនទ្រព្យខ្លះនិងដកសន្សំខ្លះ ហេតុនេះហើយទើបធ្វើឱ្យការរកស៊ីរបស់សហគ្រិនជើងចាស់មួយទទួលបានជោគជ័យមកដល់ពេលបច្ចុប្បន្ន ព្រោះតែលោកមានផែនការច្បាស់លាស់បែបនេះ៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង


