ធនាគារ ABA ជាធនាគារពាណិជ្ជធំជាងគេក្នុងប្រទេសកម្ពុជា និងជាធនាគារផ្តល់សេវាហិរញ្ញវត្ថុឌីជីថលឈានមុខ មានមោទនភាពប្រកាសទទួលបាន វិញ្ញាបនបត្រ បទដ្ឋានសន្តិសុខទិន្នន័យឧស្សាហកម្មកាតទូទាត់ (PCI DSS) ដ៏មានកិត្យានុភាពពីរឆ្នាំជាប់គ្នា។
ដោយឆ្លងកាត់ការធ្វើសវនកម្មរៀងរាល់ឆ្នាំយ៉ាងហ្មត់ចត់ របស់អ្នកជំនាញវាយតម្លៃសុវត្ថិភាព (QSA) បានបង្ហាញថាប្រព័ន្ធ គោលនយោបាយ និងនីតិវិធីរបស់ធនាគារ ABA អនុលោមយ៉ាងពេញលេញ ជាមួយលក្ខខណ្ឌតម្រូវដ៏តឹងរឹងរបស់ PCI DSS។ ការវាយតម្លៃនេះ បានធ្វើឡើងដោយក្រុមហ៊ុនដំណោះស្រាយសន្តិសុខបច្ចេកវិទ្យា ដ៏ល្បីល្បាញជុំវិញសកលលោក ដែលនេះ បានបញ្ជាក់ពីវិធានការសុវត្ថិភាពគួរជាទីទុកចិត្តបំផុតរបស់ធនាគារ។
ក្នុងឆ្នាំនេះ វិញ្ញាបនបត្រ PCI DSS បានណែនាំនូវលក្ខខណ្ឌការសុវត្ថិភាពទិន្នន័យកាន់តែតឹងរឹង ជាមួយកំណែ 4.0។ ខណៈពេលដែល ABA បានបញ្ជាក់ពីការអនុលោមភាពរបស់ខ្លួន កំណែថ្មីនេះ បានបង្ហាញពីសមត្ថភាពក្នុងការសម្របខ្លួនទៅនឹងលក្ខខណ្ឌសុវត្ថិភាពដែលបន្តវិវត្ត។
ដោយចាត់ថ្នាក់ ABA ជាអ្នកផ្តល់សេវាកម្មកម្រិតទីមួយ (Level 1 Service Provider) វិញ្ញាបនបត្រនេះ ឆ្លុះបង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារក្នុងការផ្តល់ជូននូវសុវត្ថិភាពកម្រិតខ្ពស់បំផុត សម្រាប់ប្រតិបត្តិការអនឡាញ និងការពារទិន្នន័យសម្ងាត់របស់ម្ចាស់កាត។ ដោយប្រកាន់ខ្ជាប់នូវស្តង់ដារដ៏តឹងរឹងនេះ ABA បានបន្តអនុវត្តវិធានការសុវត្ថិភាពកម្រិតខ្ពស់ និងរក្សាប្រព័ន្ធគ្រប់គ្រង ដែលបង្ហាញពីសមត្ថភាពរបស់ខ្លួនក្នុងការធានាថារាល់ប្រតិបត្តិការឌីជីថលរបស់អតិថិជន មានការការពារ និងសុវត្ថិភាព។
ABA ក៏បានផ្តោតសំខាន់លើការការពារទិន្នន័យផ្ទាល់ខ្លួនរបស់អតិថិជនផងដែរ។ វិញ្ញាបនប័ត្រនេះ ឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារក្នុងការរក្សាគោលនយោបាយសន្តិសុខព័ត៌មានដ៏រឹងមាំ បញ្ជាក់ថាទិន្នន័យរបស់ម្ចាស់កាតទាំងអស់ត្រូវបានការពារដោយសម្ងាត់បំផុត។ ដូចនេះ ធនាគារ មិនត្រឹមតែអនុលោមតាមស្តង់ដារវិស័យប៉ុណ្ណោះទេ ថែមទាំងធានាអតិថិជននូវបទពិសោធទិញទំនិញអនឡាញ និងសេវាធនាគារប្រកបដោយភាពរលូន និងសុវត្ថិភាព។
ការទទួលបានវិញ្ញាបនបត្រនេះពីរឆ្នាំជាប់ៗគ្នា ជាសក្ខីភាពបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ធនាគារក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុផ្នែកឌីជីថលដោយសុវត្ថិភាព ពង្រឹងឥរិយាបថសន្តិសុខរបស់ខ្លួន និងរក្សាកត្តិយសក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុដ៏ទុកចិត្តនៅក្នុងប្រទេស។