បងប្អួនមួយចំនួនដែលកំពុងប្រើប្រាស់សេវាធនាគារ ABA ប្រហែលជាធ្លាប់ជួបករណីវេរលុយខុសគណនីធនាគារ។ ឧទហរណ៍អ្នកចង់វេរលុយ ទៅកាន់គណនី A តែដោយសារមិនបានត្រួតពិនិត្យលេខគណនីឲ្យបានច្បាស់លាស់ លុយដែលអ្នកវេរក៏ចូលទៅក្នុងគណនី B វិញ។
ក្នុងករណីអ្នកផ្ញើលុយខុសគណនី ដូចបានរៀបរាប់ខាងលើ តើអ្នកត្រូវធ្វើបែបណាដើម្បីបានលុយអ្នកត្រលប់មកវិញ?
បច្ចុប្បន្នបើអ្នកប្រើធនាគារ ABA មិនមានករណីដាក់លុយខុសកុងទៀតទេ ព្រោះពេលដាក់លុយអ្នកត្រូវស្កែន QR Code ចេញ ABA Mobile App នៃស្មាតហ្វូនរបស់អ្នកផ្ទាល់ដើម្បីដាក់លុយចូលគណនីធនាគារេបស់អ្នកបាន។
ករណីវេរលុយខុសកុងធនាគារ កើតមានចំពោះការវេរលុយពីគណនីមួយទៅគណនីមួយទៀត តាមរយៈវេរលុយតាមស្មាតហ្វូន ដោយសារអ្នកវេរលុយមិនបានត្រួតពិនិត្យលេខគណនីនិងឈ្មោះដែលខ្លួនត្រូវផ្ញើទៅឲ្យបានច្បាស់លាស់។
បើដឹងថាអ្នកវេរលុយខុសគណនី អ្វីដែលអ្នកត្រូវធ្វើភ្លាមៗគឺ ធ្វើការទំនាក់ទំនងទៅកាន់ធនាគារ ABA តាមរយៈលេខទូរស័ព្ទ 023 225 333 បានគ្រប់ពេលវេលា ឬឆាតទៅកាន់ Facebook page ធនាគារABA ដើម្បីប្រាប់ពីបញ្ហារបស់អ្នក ដូចជាប្រាប់ឈ្មោះនិងគណនីធនាគារដែលអ្នកបានផ្ញើច្រឡំ។
ពេលអ្នកបានទាក់ទងទៅធនាគារផ្ដល់ដំណឹងពីបញ្ហារបស់អ្នកហើយ ធនាគារនឹងធ្វើការ block គណនីដែលបានទទួលលុយរបស់អ្នកដើម្បីកុំឲ្យគណនីនោះដកលុយអ្នកយកទៅចាយអស់។ បន្ទាប់មកអ្នកត្រូវទៅកាន់សាខាធនាគារដើម្បីបំពេញបែបបទស្នើសុំនូវចំនួនទឹកលុយដែលអ្នកបានផ្ញើច្រឡំ ដោយទៅភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណច្បាប់ដើមឬលិខិតឆ្លងដែនជាដើម។
ពេលអ្នកបានបំពេញបែបបទស្នើសុំលុយវិញ អ្នកអាចទទួលលុយមកវិញបានលឿន បើម្ចាស់គណនីដែលអ្នកច្រឡំផ្ញើនោះវេរលុយមកឲ្យអ្នកវិញ។ តែម្ចាស់គណនីដែលទទួលលុយមិនផ្ញើលុយមកទេ អ្នកត្រូវរងចាំតាមពេលរយៈដែលធនាគារបានកំណត់ក្នុងការទទួលបានលុយអ្នកមកវិញ៕
ខ្វះគំនិតរកស៊ី ចង់បានសៀវភៅចែកជូនហ្វ្រី ចង់ជួបវាគ្មិនដែលជាសហគ្រិនល្បីៗ សូមកុំភ្លេចមកចូលរួមពិព័រណ៍ Startup Expo 2022 សូមចូលក្នុងគ្រុបនេះ https://t.me/startupexpo2022
អត្ថបទ៖ ធី ស្រីល័ក្ខ