ABA សហការជាមួយ អាកាសយានដ្ឋានកម្ពុជា ណែនាំសេវាទូទាត់ថ្លៃចំណតបែបឌីជីថល
Daneth MechMARCH 18 2024

ABA ដែលជាធនាគារផ្ដល់សេវាហិរញ្ញវត្ថុឌីជីថលឈានមុខគេរបស់កម្ពុជា មានមោទនភាពសូមប្រកាសអំពី កិច្ចសហការជាយុទ្ធសាស្ដ្ររបស់ខ្លួនជាមួយ ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា (Cambodia Airports) ដើម្បីកែប្រែ និងសម្រួលដល់ការទូទាត់ថ្លៃចំណតបែបឌីជីថល សំដៅផ្តល់ភាពងាយស្រួលដល់អតិថិជន ដែលធ្វើដំណើរនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ក្នុងទិសដៅរួមគ្នានេះ ធនាគារ ABA និងក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ពង្រឹងការប្ដេជ្ញាចិត្តរបស់ខ្លួន ក្នុងការ​ជំរុញសេវាទូទាត់ថ្លៃចំណតបែបឌីជីថល តាមរយៈការចុះអនុស្សរណៈយោគយល់គ្នា។ ពិធីចុះហត្ថលេខាជាផ្លូវការ បានប្រព្រឹត្តទៅនៅថ្ងៃទី 13 មីនា 2024 ក្រោមវត្តមានរបស់នាយកប្រតិបត្តិរបស់ ធនាគារ ABA និងក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។ 

Photo 2024 03 18 14 49 08

Photo 2024 03 18 14 49 13

ក្រោមកិច្ចសហការនេះ អតិថិជនរបស់ធនាគារ ABA អាចបង់ថ្លៃចំណតយ៉ាងងាយស្រួលតាមកម្មវិធី ABA Mobile តាមជំហានងាយៗខាងក្រោម៖

  • បើកកម្មវិធី ABA Mobile ឬចុចឲ្យជាប់លើរូប ABA Mobile លើអេក្រង់ស្មាតហ្វូន រួចចុច ABA ស្គែន
  • ស្គែនកូដ QR នៅលើសំបុត្រចំណត នោះកម្មវិធីនឹងបង្ហាញចំនួនទឹកប្រាក់ដែលត្រូវបង់ដោយស្វ័យប្រវត្តិ
  • រួចបញ្ជាក់ការទូទាត់ប្រាក់ ដោយប្រើលេខសម្ងាត់ ឬខ្ចៅដៃ/ផ្ទៃមុខ ដើម្បីធានាបាននូវបទពិសោធទូទាត់​បែបឌីជីថលប្រកបដោយសុវត្ថិភាព។

លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA បានមានប្រសាសន៍ថា "យើងខ្ញុំមានសេចក្ដីសោមនស្ស ក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ដើម្បីផ្តល់នូវបទពិសោធទូទាត់ថ្លៃចំណតបែបឌីជីថលថ្មីជូនអតិថិជន ដែលធ្វើដំណើរនៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ។ កិច្ចសហការនេះ ស្របទៅ​នឹងចក្ខុវិស័យរបស់យើងខ្ញុំយ៉ាងល្អឥតខ្ចោះ ក្នុងការផ្ដល់នូវសេវាធនាគារឌីជីថល ប្រកបដោយភាពងាយស្រួល និងនវានុវត្តន៍។

លោក Cyril Girot នាយកប្រតិបត្តិក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា បានមានប្រសាសន៍ថា “យើងខ្ញុំមាន​សេចក្ដីរំភើបក្រៃលែង ដែលបានសហការជាមួយធនាគារ ABA ។ គំនិតផ្ដួចផ្ដើមនេះ ឆ្លុះបញ្ចាំងអំពីការប្ដេជ្ញាចិត្ត​របស់យើងខ្ញុំ ក្នុងការបន្ដពង្រឹងបទពិសោធឲ្យកាន់តែងាយស្រួល ជូនដល់អ្នកដំណើរ​ទាំងអស់ នៅក្នុងព្រលានយន្ដ​ហោះរបស់យើងខ្ញុំ ហើយជាពិសេស តាមរយៈការវិនិយោគបន្ថែមទៀតលើទំនើបកម្មបច្ចេកវិទ្យាឌីជីថល”។

Photo 2024 03 18 14 49 21

កិច្ចសហការផ្តោតលើតម្រូវការរបស់អតិថិជននេះ គូសបញ្ជាក់នូវជំហានមួយដ៏សំខាន់ ក្នុងការឆ្ពោះទៅរកវឌ្ឍនភាព នៃការទូទាត់បែបឌីជីថលនៅក្នុងប្រទេសកម្ពុជា។ តាមរយៈការលើកកម្ពស់ប្រតិបត្តិការទូទាត់ដោយមិនប្រើសាច់​ប្រាក់នេះ ធនាគារ ABA និងក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា នឹងរួមចំណែកដល់ការសម្រេចបាន នូវអនាគត​ឌីជីថលប្រកបដោយបរិយាបន្ន និងការតភ្ជាប់គ្នា ស្របតាមចក្ខុវិស័យរបស់កម្ពុជា ក្នុងការសំដៅឆ្ពោះទៅកាន់សង្គមជាតិមួយ ដែលជឿនលឿន និងមានបច្ចេកវិទ្យាទំនើប៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia