CEO ធនាគារ ABA ជានរណា? ធ្លាប់ធ្វើការងារអ្វីខ្លះ មុនមកកាន់តំណែងនៅស្រុកខ្មែរ?
Ping Chou EngNOVEMBER 29 20243.1 K views

ABA គឺជាធនាគារពាណិជ្ជធំបំផុតលំដាប់ទី៣ ជាគ្រឹះស្ថានហិរញ្ញវត្ថុឯកជនមួយ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៦ នឹងបានក្លាយជាធនាគារពាណិជ្ជធំជាងគេរបស់កម្ពុជា ដោយផ្អែកលើទ្រព្យសកម្មនិងប្រាក់ចំណេញ។

 

Aba 1

 

ទន្ទឹមនឹងការរីកចម្រើនរបស់ធនាគារនៅប៉ុន្មានឆ្នាំចុងក្រោយ គួបផ្សំនឹងការចាប់យកទីផ្សារបច្ចេកវិទ្យា តើនរណាជាអ្នកឈរពីក្រោយការដឹកនាំធនាគារមួយនេះ? ថ្នាក់ដឹកនាំធ្លាប់ធ្វើការងារអ្វីខ្លះ មុនមកកាន់តំណែងនៅស្រុកខ្មែរ?

 

​ជានាយកប្រតិបត្តិដែល មានដើមកំណើត​មកពីអាស៊ីកណ្តាល លោក​ Askhat Azhikhanov  គឺជាអ្នកដឹកនាំមួយរូប ដែលទទួលបានការសិក្សា និងមានបទពិសោធន៍យ៉ាងក្រាស់ក្រែល លើវិស័យហិរញ្ញវត្ថុលំដាប់អន្តរជាតិ។

 

មុនចូលមកកាន់តំណែងនៅធនាគារ ABA ក្នុងឆ្នាំ២០០៩ លោកបានបំពេញការងារនៅនាយកដ្ឋានត្រួតពិនិត្យធនាគារជាតិនៃរដ្ឋកាហ្សាក់ស្ថានពីឆ្នាំ ១៩៩៨ដល់ឆ្នាំ២០០១ និងក្នុងឆ្នាំ ២០០១ដល់ ឆ្នាំ២០០៥ លោកបានកាន់តំណែងជានាយកគ្រប់គ្រងធនាគារ Halyk នៅរដ្ឋកាហ្សាក់ស្ថានផងដែរ។

 

ចូលមកឆ្នាំ២០០៧ ដល់ឆ្នាំ២០០៨ លោកបានបន្តការងារជាប្រធានផ្នែកគ្រប់គ្រងទ្រព្យសកម្ម របស់ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិកម្រិតពិភពលោក Credit Suisse Kazakhstan។ រហូតដល់ឆ្នាំ ២០០៩ លោកបានធ្វើការជា CEO នៃក្រុមហ៊ុន Zhetisu Asset Management និងជាទីប្រឹក្សានាយកប្រតិបត្តិធនាគារនៅ Temir Bank ហើយក៏បន្តមកកាន់ការងារនៅប្រទេសកម្ពុជាជានាយកប្រតិបត្តិធនាគារ ABA។

 

ធ្លាប់មានតួនាទីដឹកនាំនិងគ្រប់គ្រងវិស័យហិរញ្ញវត្ថុកម្រិតអន្តរជាតិ លោក Askhat Azhikhanov  បានបញ្ចប់ការសិក្សាដោយទទួលបានសញ្ញាបត្រចំនួន៣ ដូចជាការសញ្ញាបត្របណ្ឌិតផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យកាហ្សាក់ស្ថានផ្នែកធនាគារ និងហិរញ្ញវត្ថុអន្តរជាតិដោយមានសញ្ញបត្រកិត្តិយសពីសាលាពាណិជ្ជកម្ម Cass នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។

 

ថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច ជាមួយនឹងកិត្តិយសពីបណ្ឌិតសភាគ្រប់គ្រងរដ្ឋកាហ្សាក់ស្ថាន ព្រមទាំងបរិញ្ញាបត្រផ្នែករុករកប្រេងនិងឧស្ម័ន ជាមួយនឹងកិត្តិយសពីសាកលវិទ្យាល័យបច្ចេកទេសរដ្ឋកាហ្សាក់ស្ថាន។

 

យ៉ាងណាមិញក្រោមការដឹកនាំរបស់លោក Askhat Azhikhanov ធនាគារ ​ABA បានរីកចម្រើនលើ យុទ្ធនាការផ្សាយពាណិជ្ជកម្ម ប្រព័ន្ធទូទាត់ឌីជីថល ប័ណ្ណឥណពន្ធនិងឥណទាន ឧបករណ៍កម្ចីអាជីវកម្មខ្នាតតូច និងការពង្រីកបណ្តាញ​សាខា​នៅទូទាំងប្រទេស។

 

គួររំលឹកថាធនាគារ ABA គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារជាតិនៃកាណាដា ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុ មានទ្រព្យសម្បត្តិប្រហែល ៣២១ ពាន់លានដុល្លារគិតត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ និងជាបណ្តាញធនាគារទំនាក់ទំនងដ៏ធំនៅទូទាំងពិភពលោក៕

 

អត្ថបទដោយ៖ ពីង ជូអេង

 

 

 

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia