បើតាមការចុះផ្សាយរបស់ធនាគារ ABA បានឲ្យដឹងថាថ្មីៗនេះខ្លួនបានកំណត់អត្តសញ្ញាណ ក្រុមតេឡេក្រាម ផ្សេងៗគ្នា ក្រោមឈ្មោះស្រដៀងគ្នាទៅនឹងឈ្មោះ "PAYEER" ដែលកំពុងចែកចាយព័ត៌មានពាក់ព័ន្ធនឹងការជួញដូរ គ្រីបតូ ក្នុងប្រទេសកម្ពុជា និងអូសទាញប្រជាពលរដ្ឋជាច្រើនឲ្យចូលជាសមាជិក ដើម្បីពង្រីកបណ្ដាញរបស់ពួកគេ ហើយបងប្អូនគួរប្រយ័ត្នចៀសវាងខាតបង់លុយទទេ។
ទាក់ទងនឹងរឿងខាងលើសូមណែនាំអតិថិជនឲ្យបង្កើនការប្រុងប្រយ័ត្នបន្ថែម ចំពោះសកម្មភាពទាំងនេះ ព្រោះថាការជួញដូរ គ្រីបតូ នៅក្នុងប្រទេសកម្ពុជាគឺខុសច្បាប់ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា ធ៧ ០១៧ ១០៥៨ ស.ជ.ណ ចុះថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០១៧ ស្ដីអំពី “ការទប់ស្កាត់ការប្រើប្រាស់ ចរាចរ ទិញ លក់ ទូទាត់ ផ្សព្វផ្សាយរូបិយប័ណ្ណគ្រីបតូ និងទំនិញអេឡិកត្រូនិកស្រដៀងគ្នា ដែលមិនទទួលបានការទទួលស្គាល់ពីធនាគារជាតិនៃកម្ពុជា ក្នុងប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុនៃប្រទេសកម្ពុជា”។
ធនាគារ ABAក៏បានបញ្ជាក់ផងដែរថា ក្រុមទាំងនេះ ក៏បានលើកឡើងអំពីធនាគារ ABA ក្នុងនាមជាធនាគារមួយដែលសមាជិករបស់ពួកគេអាចទូទាត់ ឬផ្ទេរប្រាក់សម្រាប់ការជួញដូរ គ្រីបតូ ដែលនេះមិនមែនជាការពិតទាល់តែសោះ ព្រោះថា ABA មិនដែលគាំទ្រដល់ការសកម្មភាពជួញដូរខុសច្បាប់ណាមួយឡើយ។
ដូច្នេះហើយ ដើម្បីការពារផលប្រយោជន៍អតិថិជន ABA សូមគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់នូវចំណុចសំខាន់ៗខាងក្រោម៖
ប្រសិនបើលោកអ្នកត្រូវបានគេហៅឲ្យចូលរួម ឬបានចូលក្រុមទាំងនោះដោយចៃដន្យ សូមមេត្តាចាកចេញ (leave) ពីក្រុមនោះឲ្យបានឆាប់តាមដែលអាចធ្វើបាន។ លោកអ្នកក៏អាចរាយការណ៍មកធនាគារភ្លាមៗ អំពីសកម្មភាពដែលគួរឲ្យសង្ស័យណាមួយពាក់ព័ន្ធនឹង PAYEER នេះ តាមរយៈអ៊ីមែល info@ababank.com ឬប្រព័ន្ធទូរស័ព្ទឥតគិតថ្លៃ 1 800 203 203 និងតាមលេខទូរស័ព្ទ 098 203 333៕