សំណួរមួយដែលមនុស្សតែងតែសំណួរខ្លួនឯងនោះគឺ” តើខែនេះលុយខ្ញុំទៅណាអស់? ពួកគាត់សួរសំណួរបែបនេះដោយសារពួកគាត់មិនបានតាមដានចំណូលចំណាយ មិនដឹងច្បាស់ថាតើចំណាយទៅលើអ្វីខ្លះទើបអស់លុយលឿន ហើយមិនដែលសល់លុយកាក់។
ជុំវិញបញ្ហាឆ្ងល់រឿងលុយមិនដឹងទៅណាខ្លះ ពេលនេះ ធនាគារ ABA បានបញ្ចេញសាកល្បងមុខងារថ្មីដែលបង្ហាញអ្នកប្រើប្រាស់App ABA ពីចំនួនលុយចេញ លុយចូលប្រចាំខែ និងប្រាប់ពីប្រភេទចំណាយនីមួយៗថាតើអ្នកចំណាយលើអ្វីខ្លះ ហើយចំណាយប៉ុន្មាន។
មុខងារថ្មីនេះមានឈ្មោះថា” វិភាគ”( Analytics) ដែលវាជួយវិភាគពីទម្លាប់ចាយលុយរបស់អ្នក ហើយប្រមូលទិន្ននៃការចំណាយប្រចាំខែដាក់ទៅតាមប្រភេទចំណាយ។
ដើម្បីឃើញមុខងារបង្ហាញពីលុយចេញលុយចូលនិងចំណាយផ្សេងៗនេះ ដំបូងអ្នកត្រូវធ្វើការ Update App ABA របស់អ្នករួចចូលទៅApp ABA នៅផ្នែកខាងលើអ្នកនឹងឃើញពាក្យ” វិភាគ” ចុចលើពាក្យវិភាគនោះអ្នកនឹងឃើញពីទិន្នន័យលុយចេញលុយចូលនិងទិន្នន័យចំណាយផ្សេងៗទៅតាមប្រភេទចំណាយ។ បើអ្នកចង់ដឹងថាខែមុនៗអ្នកចំណាយប៉ុន្មាន ចំណូលប៉ុន្មាននិងចំណាយលើអ្វីខ្លះ អ្នកអាចចុចមើលតាមខែនីមួយៗបាន៕